អ្នកសារគមនាគមន៍វ័យក្មេងហ្វីលីពីនជំរុញឱ្យមេដឹកនាំព្រះសហគមន៍នៅអាស៊ីបង្កើតលំហសម្រាប់អ្នកប្រកាសដំណឹងល្អតាមប្រព័ន្ធឌីជីថល
អ្នកសារគមនាគមន៍វ័យក្មេងនៃព្រះសហគមន៍កាតូលិកហ្វីលីពីន បានអំពាវនាវឱ្យថ្នាក់ដឹកនាំព្រះសហគមន៍ទទួលស្គាល់ជាផ្លូវការ ផ្តល់ការណែនាំ និងបញ្ជូលអ្នកបង្កើតមាតិកាវ័យក្មេងទៅក្នុងរចនាសម្ព័ន្ធព្រះសហគមន៍។
លោកស្រី ហ្គេតសេម៉ានី ស៊ីនឌី ហ្គោរ៉ូស្ពេ (Gethsemani Cindy Gorospe) អ្នកសម្របសម្រួលផ្នែកទំនាក់ទំនងជនជាតិហ្វីលីពីនម្នាក់ បានជំរុញឱ្យក្រុមលោកអភិបាលនៃព្រះសហគមន៍កាតូលិកនៅអាស៊ី ផ្តល់លំហពិតប្រាកដមួយសម្រាប់ប្រកាសដំណឹងល្អតាមប្រព័ន្ធឌីជីថល។
លោកស្រីបានលើកឡើងនៅក្នុងបទបង្ហាញអំពីលទ្ធផល និងផែនការសម្រាប់អនាគតនៃមហាសន្និបាតអ្នកផ្សព្វផ្សាយកាតូលិកតាមប្រព័ន្ធឌីជីថលនៅអាស៊ីលើកទី១ កាលពីថ្ងៃទី២៩ ខែតុលា នៅទីក្រុងម៉ាកាវ ដោយរំលេចពីគម្លាតដ៏ធំមួយរវាងអ្នកបង្កើតមាតិកាឌីជីថលឯករាជ្យ និងថ្នាក់ដឹកនាំព្រះសហគមន៍ក្នុងតំបន់។
លោកស្រីបានសង្កត់ធ្ងន់ថា អ្នកផ្សព្វផ្សាយសាសនាវ័យក្មេងទាំងនេះមិនចង់ធ្វើការដោយឯកោនោះទេ ប៉ុន្តែពួកគេត្រូវការយ៉ាងខ្លាំងនូវច្រកទំនាក់ទំនងផ្ទាល់ជាមួយលោកអភិបាល ដើម្បីទទួលបានការពិចារណាខាងវិញ្ញាណ ការណែនាំតាមច្បាប់ព្រះសហគមន៍ និងការការពារផ្នែកអប់រំជំនឿ។
លោកស្រីបានធ្វើការអំពាវនាវជាបន្ទាន់សម្រាប់ការបញ្ជូលពួកគេទៅក្នុងព្រះសហគមន៍ក្នុងតំបន់ និងក្រុមលោកអភិបាលនានា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ។ លោកស្រីក៏បានស្នើឱ្យបង្កើតគណៈកម្មាធិការមួយដាច់ដោយឡែក រួមជាមួយនឹងកម្មវិធីបណ្តុះបណ្តាលដ៏ទូលំទូលាយមួយ ដែលគ្របដណ្តប់លើផ្នែកទេវវិទ្យា ភាពរឹងមាំខាងវិញ្ញាណ យុទ្ធសាស្ត្រប្រកបដោយគំនិតច្នៃប្រឌិត ការផលិតមាតិកាប្រព័ន្ធផ្សព្វផ្សាយ និងការគ្រប់គ្រងប្រតិបត្តិការ។
ដោយសម្លឹងទៅមុខឆ្ពោះទៅកាន់ទិវាយុវជនពិភពលោកឆ្នាំ២០២៧ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង លោកស្រីបានជំរុញឱ្យថ្នាក់ដឹកនាំចាត់ទុកយុវជនដែលជាអ្នកបង្កើតមាតិកាទាំងនោះថាជាដៃគូសហការក្នុងបេសកកម្មរបស់ព្រះសហគមន៍។
