ACCB កំពុងដំណើរការកម្មវិធីបង្កាត់ពូជ អណ្តើកបិទមុខ ដោយជោគជ័យ
អណ្តើកបិទមុខមានសមត្ថភាពពិសេសក្នុងការលឹបក្បាលនិងជើងដោយរួញចូលទៅក្នុងស្នូករបស់ពួកវា ហើយបិទដោយខ្លួនឯងដោយសារសន្ទះស្នូកទ្រូងរបស់ពួកវាអាចបត់បានដូចត្រចៀកទ្វារផងដែរ។ នេះជាការបញ្ជាក់ពីមជ្ឈមណ្ឌល ACCB នៅថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៦។
ការបន្ស៊ាំ ឬការសម្របខ្លួននេះគឺមានចំពោះតែពពួកអណ្តើកបិទមុខប៉ុណ្ណោះ ដោយក្នុងនោះមានជិត ២០ ប្រភេទនៅទូទាំងពិភពលោក ដោយឡែកប្រភេទអណ្តើកទឹក និងអណ្តើកគោកផ្សេងៗ ទៀតសន្ទះស្នូកទ្រូងមិនអាចបត់បែនបានឡើយ។
ការសម្របខ្លួននេះជួយឱ្យពួកវាការពារខ្លួនពីសត្វរំពានានា ដោយមិនអាចបើកស្នូកដើម្បីចូលទៅកាន់សរីរាង្គ ឬអវយវៈដែលនៅខាងក្នុងរបស់ពួកវាបានឡើយ។ ជាអកុសល ដោយស្នូកវាមិនអាចការពារពួកវាបានពីមនុស្សយើង ដែលជាកត្តាគំរាមកំហែងដ៏ធំបំផុតចំពោះពួកវានៅទូទាំងពិភពលោក។ អណ្តើកបិទមុខ ដូចជាប្រភេទរងអណ្តើកបិទមុខ (Malayan) ដែលពួកយើងបានឃើញនៅទីនេះ គឺមានតម្រូវការខ្ពស់ ដោយការជួញដូរយកធ្វើជាអាហារប្រណីតរបស់មនុស្សនៅទូទាំងអាស៊ីអាគ្នេយ៍យើង។ មជ្ឈមណ្ឌល ACCB បាន និងកំពុងដំណើរការកម្មវិធីបង្កាត់ពូជដោយជោគជ័យសម្រាប់ប្រភេទដែលរងគ្រោះជិតផុតពូជនេះ។ ប្រសិនបើលោកអ្នកកំពុងនៅស្រុកខ្មែរ សូមអញ្ជើញមកទស្សនាមណ្ឌលរបស់ពួកយើង ហើយនឹងឃើញនូវអណ្តើកបិទមុខទាំងនេះ៕