ព្រមានអាសន្នពីអង្គការឧតុនិយមពិភពលោក ៖ បាតុភូត «អេល នីណូ» ដ៏មាន ឥទ្ធិពលបំផុតក្នុងប្រវត្តិសាស្ត្រវាយលុកពិភពលោករហូតដល់ដើមឆ្នាំ ២០២៧
អង្គការឧតុនិយមពិភពលោក (OMM) បានចេញការព្រមានជាបន្ទាន់ថា បាតុភូត អេល នីណូ (El Niño) នាពេលនេះ នឹងពង្រីកវិសាលភាព និងកម្លាំងបំផ្លាញដល់កម្រិតពិដាន មិនធ្លាប់មាន ចាប់តាំងពីឆ្នាំ១៩៥០ មក។ ជាមួយសម្ពាធកម្ដៅសមុទ្រជាប្រវត្តិសាស្ត្រ បាតុភូតនេះនឹងបង្ក ឱ្យមានវិបត្តិអាកាសធាតុ ទាំងគ្រោះរាំងស្ងួតក្តៅហួតហែង និងទឹកជំនន់បំផ្លិចបំផ្លាញ ដែល អាចអូសបន្លាយរហូតដល់ដើមឆ្នាំ២០២៧ និងគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខស្បៀង អាហារពិភពលោក។
កើនឡើងនៃកម្ដៅដែលមិនធ្លាប់មាន ៖ ការព្យាករស្ទើរតែ ១០០% ពីមជ្ឈមណ្ឌលអន្តរជាតិពិភពលោកកំពុងប្រឈមមុខនឹងចំណុចរបត់អាកាសធាតុដ៏គ្រោះថ្នាក់មួយ។ យោងតាម ទិន្នន័យចុងក្រោយបង្អស់ដែលប្រមូលបានពីមជ្ឈមណ្ឌលឧតុនិយមចំនួន ១៣ នៅជុំវិញពិភពលោក អ្នកជំនាញបានចង្អុលបង្ហាញរួមគ្នាយ៉ាងច្បាស់ថា បាតុភូត អេល នីណូ លើកនេះ កំពុងបង្កើនល្បឿន និងថាមពលរបស់ខ្លួនយ៉ាងគំហុក។
លោកស្រី សេឡេស សូឡូ (Celeste Saulo) ប្រមុខនៃអង្គការឧតុនិយមពិភពលោក (OMM) បានថ្លែងបញ្ជាក់ដោយក្តីកង្វល់ថា ៖ «អត្រាប្រូបាប៊ីលីតេ ដែលបាតុភូតនេះនឹងបន្តអូស បន្លាយរហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧ គឺស្ថិតនៅកម្រិតជិត ១០០%។ ភាពស្ទើរតែច្បាស់លាស់នេះ ធ្វើឱ្យបាតុភូតអេល នីណូ លើកនេះ ក្លាយជាបាតុភូតមួយដែលមានវិសាលភាព និងថាមពលខ្លាំងក្លាបំផុតក្នុងប្រវត្តិសាស្ត្រនៃការកត់ត្រា»។
រយៈពេលពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៦ អង្គការឧតុនិយមពិភពលោក (OMM) ព្យាករថា សីតុណ្ហភាពមិនប្រក្រតីមធ្យមនឹងកើនឡើងរហូតដល់ ៣,៧ °C។
តួលេខ ៣,៧ °C នេះ គឺជាកម្រិតសីតុណ្ហភាពដែលខ្ពស់ជាងឆ្ងាយខ្លាំងធៀបនឹងឯកតកម្មចាស់ ២,៦ °C ដែលធ្លាប់បានកត់ត្រាក្នុងអំឡុងពេលបាតុភូតអេល នីណូ ដ៏ខ្លាំងក្លាពីឆ្នាំ២០១៥-២០១៦។
មហាសមុទ្រជាប្រភពស្តុកកម្ដៅ ៖ ការពិតនៅពីក្រោយបាតុភូត និងការប្រែប្រួលអាកាសធាតុ។
ដើម្បីយល់ឱ្យកាន់តែច្បាស់អំពីគ្រោះថ្នាក់នេះ អ្នកជំនាញបានគូសបញ្ជាក់ពីយន្តការធម្មជាតិនៃបាតុភូតនេះ។ ជាមូលដ្ឋាន អេល នីណូ គឺជាបាតុភូតធម្មជាតិដែលកើតឡើងជាបន្តបន្ទាប់ ដោយសារការឡើងកម្ដៅមិនធម្មតានៃទឹកសមុទ្រនៅផ្ទៃលើក្នុងតំបន់ប៉ាស៊ីហ្វិកអេក្វាទ័រ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការផ្លាស់ប្តូរកម្ដៅរវាងសមុទ្រ និងបរិយាកាស។ ឥទ្ធិពលនេះ នឹងរីករាលដាលតាមរយៈចរន្តខ្យល់បរិយាកាស ធ្វើឱ្យសីតុណ្ហភាព និងរបបទឹកភ្លៀងប្រែប្រួលខុសប្រក្រតីនៅតាមតំបន់នានាដែលស្ថិតនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រ។
ប៉ុន្តែលើកនេះ អេល នីណូ បានលេចឡើងក្នុង «បរិបទអាកាសធាតុពិសេសដាច់ដោយឡែក និងគ្រោះថ្នាក់បំផុត»។ យោងតាមទិន្នន័យអង្គការឧតុនិយមពិភពលោក ខែសីហា ឆ្នាំ២០២៦ កន្លងទៅនេះ ត្រូវគេកត់ត្រាថាជាខែសីហាដែលក្តៅបំផុតនៅលើភពផែនដីមិនធ្លាប់មាន ហើយសីតុណ្ហភាពមធ្យមលើផ្ទៃសមុទ្រក៏បានឈានដល់កំពូលជាប្រវត្តិសាស្ត្រផងដែរ។
សន្តិសុខស្បៀង និងប្រជាជន៖ ផលប៉ះពាល់លើសពីទិន្នន័យឧតុនិយមអ្នកជំនាញបរិស្ថានបានព្រមានថា ការប្រែប្រួលរលកធាតុអាកាសទាំងនេះ ជាវិបត្តិតថភាពដែលប៉ះពាល់ដោយផ្ទាល់ដល់ជីវភាព និងការរស់នៅរបស់មនុស្សរាប់លាននាក់។
នៅក្នុងតំបន់កសិកម្មជាច្រើនដែលពឹងផ្អែកទាំងស្រុងលើទឹកភ្លៀងតាមរដូវ ការថយចុះនៃរបបទឹកភ្លៀងដែលបន្លាយពេលយូរ នឹងធ្វើឱ្យដីស្រែចម្ការស្ងួតហួតហែង បង្កហានិភ័យធ្ងន់ធ្ងរដល់ទិន្នផលដំណាំអាហារ និងធ្វើឱ្យខ្សែច្រវាក់ផ្គត់ផ្គង់ស្បៀងអាហារពិភពលោកកាន់តែមានភាពផុយស្រួយ។
ផ្ទុយទៅវិញ នៅក្នុងតំបន់ដែលជួបប្រទះនឹងភ្លៀងធ្លាក់ខ្លាំងហួសហេតុ ទឹកជំនន់ភ្លាមៗនឹងបំផ្លាញដំណាំកសិកម្ម ធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន និងផ្ទះសម្បែង ព្រមទាំងបង្កឱ្យមានការផ្លាស់ទីលំនៅដោយបង្ខំរបស់ប្រជាជន និងការផ្ទុះឡើងនៃជំងឺឆ្លងតាមទឹកផ្សេងៗ ផងដែរ។
