«អេលនីណូនៃសង្គ្រាម» ៖ មហន្តរាយជម្លោះសកលដែលកំពុងរុញច្រាន ពិភពលោក ឲ្យធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច និងកំហឹងសង្គម

ចាប់ពីផ្លូវលំនៃប្រទេសកំពុងអភិវឌ្ឍ រហូតដល់ទីក្រុងទំនើបៗក្នុងទ្វីបអឺរ៉ុប ចលនាតវ៉ាកំពុងផ្ទុះ ឡើងជាបន្តបន្ទាប់។ ប្រមុខអង្គការសហប្រជាជាតិ លោក អន់តូនីញ៉ូ ហ្គូទែរ៉េស បានចេញមុខ​ព្រមានជាបន្ទាន់ ដោយប្រៀបធៀបជម្លោះប្រដាប់អាវុធសកលនាពេលបច្ចុប្បន្ន​ទៅនឹង​បាតុភូត «អេលនីណូ» ផ្នែកអាកាសធាតុ។

រលកបាតុកម្មរាលដាល ៖ ពីអឺរ៉ុបដល់បណ្តាប្រទេសកំពុងអភិវឌ្ឍ

កាលពីសប្តាហ៍មុន ចលនាតវ៉ាតាមដងផ្លូវយ៉ាងក្តៅគគុកបានកើតឡើង​នៅក្នុងប្រទេសអឺរ៉ុបជា​ច្រើន ដូចជា បារាំង អ៊ីតាលី និងព័រទុយហ្គាល់ជាដើម។ ប្រជាជនបានសម្តែង​ការមិនពេញ​ចិត្ត​ ចំពោះ​វិបត្តិ​សេដ្ឋកិច្ចយ៉ាង​​ជ្រាលជ្រៅ ការកើនឡើងនៃតម្លៃជីវភាព និងគម្លាតវិសមភាពសង្គម​ដែលកាន់តែរីកធំឡើង។

ទោះបីជាយ៉ាងណា លោកអន់តូនីញ៉ូ ហ្គូទែរ៉េស បានសង្កត់ធ្ងន់ថា បាតុភូត​នេះ​មិន​មែនកើត​ឡើង​តែនៅអឺរ៉ុបនោះទេ។ នៅផ្នែកដ៏ធំនៃពិភពលោកដែលកំពុងអភិវឌ្ឍ គ្រួសាររាប់លានកំពុង​រង​ទុក្ខវេទនាយ៉ាងធ្ងន់ធ្ងរដោយសារការឡើងថ្លៃនៃទំនិញប្រើប្រាស់ប្រចាំថ្ងៃ និងបន្ទុកបំណុល​កាន់​តែ​វ័ណ្ឌក។ សម្រាប់ក្រុមយុវជន ក្តីសង្ឃឹមក្នុងការបង្កើតអនាគតដ៏ភ្លឺស្វាងកំពុងស្រពោន និង​ឃ្លាតឆ្ងាយទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។

ទទូចសុំកុំឱ្យ «អំពើហិង្សា» និងកុំហាមឃាត់ «ការទាមទារដ៏ស្របច្បាប់»

នៅក្នុងសន្និសីទសារព័ត៌មានចេញពីទីស្នាក់ការកណ្តាល អង្គការសហប្រជាជាតិ​ក្នុងទីក្រុង​ញូយ៉ក លោក អន់តូនីញ៉ូ ហ្គូទែរ៉េស បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើហិង្សា និង​ការ​បំផ្លិចបំផ្លាញ​ដែលបានកើតឡើងក្នុងអំឡុងពេលបាតុកម្ម ដោយបញ្ជាក់ថា​អ្នកបង្កហេតុ​ត្រូវ​តែ​ទទួល​ខុស​ត្រូវមុខច្បាប់។

ទោះជាយ៉ាងណាក៏ដោយ លោកបានព្រមានប្រឆាំងនឹងការវាយតម្លៃអវិជ្ជមានទាំងស្រុងលើ​ចលនា​តវ៉ា ដោយគ្រាន់តែផ្តោតលើសកម្មភាពហិង្សារបស់មនុស្សមួយក្រុមតូច។ លោក​ហ្គូទែរ៉េស​បានទទូចថា៖ «យើងមិនអាចបណ្តោយឱ្យអំពើហិង្សាដែលមិនអាចអត់ឱនឱ្យបាន បិទ​បាំងការទាមទារដ៏ស្របច្បាប់ និងជាក់ស្តែងរបស់បាតុករដោយសន្តិវិធីជាច្រើននាក់​នោះ​ឡើយ»។ លោកបានអំពាវនាវឲ្យថ្នាក់ដឹកនាំទាំងអស់មើលរំលងព្រំដែនជាតិ ដើម្បីស្វែង​យល់​ពី​ឫសគល់នៃបញ្ហាសេដ្ឋកិច្ចពិភពលោកដែលកំពុងស្រុតចុះ។

«អេលនីណូនៃសង្គ្រាម» ៖ មហន្តរាយឆ្លងដែនឆ្លងដែនដែនដី

ដើម្បីឱ្យមហាជនងាយយល់ពីទំហំនៃវិបត្តិនេះ ប្រមុខអង្គការសហប្រជាជាតិ​បានលើក​យក​ការប្រៀប​ធៀបបែបវិទ្យាសាស្ត្រអាកាសធាតុមកប្រើប្រាស់។ លោកបានពន្យល់ថា ដូចគ្នានឹង​បាតុភូតធម្មជាតិ «អេល នីណូ» (El Niño) ដែលអាចបង្កការប្រែប្រួលអាកាសធាតុ និងគ្រោះ​មហន្តរាយនៅតំបន់ចម្ងាយរាប់ពាន់គីឡូម៉ែត្រពីប្រភពដើម។ ជម្លោះទំនើបនាពេលបច្ចុប្បន្ន​ក៏​កំពុង​បង្ក «ផលប៉ះពាល់ជាចង្វាក់» នៅទូទាំងភពផែនដីដូចគ្នា។ លោកបានថ្លែងថា៖ «បច្ចុប្បន្ន​នេះ យើងកំពុងប្រឈមមុខនឹងបាតុភូត ‘អេល នីណូ’ នៃ​សង្គ្រាម»។ ជម្លោះប្រដាប់​អាវុធ​នៅ​មជ្ឈិម​បូព៌ា អ៊ុយក្រែន ឬស៊ូដង់ មិនត្រឹមតែ​បំផ្លាញ​ផ្ទះ​សម្បែង មន្ទីរពេទ្យ និងសាលារៀន​នៅ​ក្នុង​សមរភូមិនោះទេ ប៉ុន្តែវាកំពុងបញ្ជូន «រលកកម្តៅ​ ឆ្លង​កាត់ទីផ្សារថាមពល ផ្លូវសមុទ្រ ខ្សែ​ចង្វាក់ផ្គត់ផ្គង់ និងប្រព័ន្ធហិរញ្ញវត្ថុពិភពលោក។

ការតឹងតែងផ្នែកយោធានៅតំបន់ច្រកសមុទ្រអ័រមូស ដែលជាផ្លូវដឹក​ជញ្ជូន​ប្រេងដ៏សំខាន់ អាច​រុញ​ច្រានតម្លៃឧស្ម័ន និងប្រេងសាំងឱ្យហក់ឡើងភ្លាមៗ។ ឥទ្ធិពល​នេះ​បង្ខំឱ្យគ្រួសារដែលរស់​នៅ​ឆ្ងាយរាប់ពាន់គីឡូម៉ែត្រ ត្រូវរ៉ាប់រងចំណាយកាន់តែខ្ពស់លើ​ការ​ទិញអាហារ ថាមពលកម្តៅ និងបង់​វិក្កយបត្រប្រចាំថ្ងៃ។ លោកអន់តូនីញ៉ូ ហ្គូទែរ៉េស បានសន្និដ្ឋានថា ជម្លោះមិនមែន​ជា​វិបត្តិធម្មតា​ទេ ប៉ុន្តែវា​បាន​មកវាយប្រហារលើសង្គមដែលមាន «គម្លាតអសមធម៌» រួចជាស្រេច ទាំង​ផ្នែកប្រាក់​ចំណូល និងទ្រព្យសម្បត្តិ។ លោកបានអំពាវនាវឱ្យសហគមន៍អន្តរជាតិ​ភ្ជាប់​ទំនាក់ទំនង​រវាង​សង្គ្រាម វិបត្តិសេដ្ឋកិច្ច និងការតវ៉ារបស់ប្រជាពលរដ្ឋចូលគ្នា ដើម្បី​ដោះស្រាយ​វិបត្តិនេះ​ពីឫស​គល់ ជាជាងការមើលរំលង ឬដោះស្រាយតែសម្បកក្រៅ។

 

 

Daily Program

Livesteam thumbnail
khmer popup image