អង្គការសុខភាពពិភពលោក ព្រមានថា វិបត្តិអាកាសធាតុ ក្លាយជាវិបត្តិសុខភាព
យោងតាមរបាយការណ៍ថ្មីសំខាន់ដែលបង្ហាញកាលពីចុងសប្តាហ៍នៅសន្និសីទអន្តរជាតិស្តី អំពីអាកាសធាតុលើកទី ៣០ នៅទីក្រុងបេឡេម ប្រទេសប្រេស៊ីល បានឲ្យដឹងថា ការ ប្រែប្រួលអាកាសធាតុលែងគ្រាន់តែជាការគំរាមកំហែងសម្រាប់ភពផែនដីទៀតហើយ។ វាត្រូវ ការភាពបន្ទាន់ក្នុងការដោះស្រាយបញ្ហាសុខភាពនៅលើពិភពលោក។ ជារៀងរាល់ឆ្នាំ មនុស្សជាងកន្លះលាននាក់ត្រូវស្លាប់ដោយសារកម្តៅក្តៅខ្លាំងហួសហេតុ នៅខណៈដែលមន្ទីរពេទ្យនានាជួបប្រទះនូវហានិភ័យដែលចេះតែកើនឡើង។
ដោយត្រូវបានផ្សព្វផ្សាយដោយអង្គការសុខភាពពិភពលោក (OMS) និងរដ្ឋាភិបាលប្រេស៊ីល របាយការណ៍នេះព្រមានថា គ្រឹះស្ថានមន្ទីរពេទ្យ១ ក្នុងចំណោម ១២ នឹងអាចជួបនូវការស្ទះដំណើរការដោយសាររឿងអាកាសធាតុ។ របាយការណ៍អំពាវនាវឲ្យមានវិធានការរហ័សដើម្បីថែរក្សាប្រព័ន្ធសុខាភិបាលដែលកំពុងទទួលរងនូវស្ថានភាពដ៏លំបាកនៅក្នុងពិភពលោកដែលកម្តៅកំពុងឡើងលើស។
ការផ្សព្វផ្សាយនៃរបាយការណ៍បញ្ចេញមុនមួយថ្ងៃនៃការចាប់ផ្តើមផែនការសកម្មភាពបេឡេមសម្រាប់សុខភាព។
លោកបណ្ឌិត តេដ្រូស អាដហានម ហ្គេប្រ៊ីយេសុស អគ្គនាយកនៃអង្គការសុខភាពពិភពលោក (OMS) បានថ្លែងថា ៖ “វិបត្តិអាកាសធាតុ គឺជាវិបត្តិសុខភាព មិនមែននឹងកើតឡើងនៅពេលយូរខាងមុខទេ គឺកើតឡើងនៅពេលនេះ និងឥឡូវនេះ”។ លោកលើកឡើងថា របាយការណ៍នេះផ្តល់នូវទិន្នន័យជាក់ច្បាស់អំពីឥទ្ធិពលនៃការកើនកម្តៅច្រើនទៅលើប្រជាជនក៏ដូចជារចនាសម្ព័ន្ធសុខាភិបាល ព្រមទាំងផ្តល់នូវឧទាហរណ៍នៃសកម្មភាពដែលប្តេជ្ញាចិត្តធ្វើរួចហើយដោយប្រទេសមួយចំនួន។
អត្តសញ្ញាណនៃបញ្ហាគឺធ្ងន់ធ្ងរ។ សីតុណ្ហភាពពិភពលោកបានឡើងហួស 1,5 °C ហើយមនុស្សចន្លោះពី ៣,៣ពាន់លាននាក់ ដល់ ៣,៦ពាន់លាននាក់ រស់នៅក្នុងតំបន់ដែលទទួលរងខ្លាំងនៃឥទ្ធិពលពីអាកាសធាតុ។ ចំណែកមន្ទីរពេទ្យក៏ប្រឈមមុខនឹងហានិភ័យនៃការខូចខាតពាក់ព័ន្ធនឹងព្រឹត្តិការណ៍អាកាសធាតុខ្លាំងហួសហេតុខ្លាំងជាង ៤១% បើប្រៀបធៀបធៀបនឹងទសវត្សឆ្នាំ១៩៩០ផងដែរ។ ប្រសិនបើគេមិនអាចបន្ថយឧស្ម័នកាបូនិចឲ្យបានឆាប់រហ័សនោះទេ ចំនួននៃគ្រឹះស្ថានសុខាភិបាលដែលទទួលរងការគំរាមកំហែងនឹងអាចកើនទ្វេពីពេលនេះទៅដល់ពាក់កណ្តាលសតវត្ស។ អង្គការសុខភាពពិភពលោកចង្អុលលើភាពខ្វះខាតធ្ងន់ធ្ងរនៅក្នុងផែនការជាតិនៃការសម្របខ្លួនខាងសុខភាព។ ចំនួននៃប្រទេសដែលមានបំពាក់នូវប្រព័ន្ធប្រកាសអាសន្នសម្រាប់ពហុហានិភ័យខាងអាកាសធាតុបានកើនទ្វេនៅរវាងឆ្នាំ២០១៥ និង២០២៣ ប៉ុន្តែការរីកចម្រើនទាំងនេះនៅមានអសមភាពច្រើន មានជាអាទិ៍វានៅមានការខ្វះខាតនៅតាមប្រទេសដែលមិនសូវអភិវឌ្ឍន៍ និងប្រទេសកោះតូចៗ នៅតាមសមុទ្រ។
នៅទីក្រុងបេឡេម ក្រុមសម្ព័ន្ធមិត្តដែលបានប្រមូលផ្តុំមូលនិធិមនុស្សធម៌ជាង ៣៥មូលនិធិ ដែលមានដូចជា មូលនិធិមនុស្សធម៌ប្លូមបឺហ្គ (Blooberg Philanthropies) មូលនិធិហ្គេត (Fondation Gates) មូលនិធិអាយគៀ (IKEA) មូលនិធិ រ៉កគេហ្វ៉េលើ និងវេលខាំ (Fondation Rockefeller and Wellcome) បានប្រកាសអំពីការសន្យាទឹកប្រាក់ ៣០០លានដុល្លារ សម្រាប់បង្កើនល្បឿននៃដំណោះស្រាយដែលចងភ្ជាប់អាកាសធាតុ និងសុខភាព។ កញ្ចប់ទឹកប្រាក់នេះ គឺជាការគាំទ្រផ្ទាល់សម្រាប់ផែនការសកម្មភាពទីក្រុងបេឡេម សម្រាប់សុខភាព និងផ្តល់ហិរញ្ញប្បទានដល់ការសិក្សាស្រាវជ្រាវ និងការបង្កើតថ្មីសម្រាប់ទប់ទល់កម្តៅហួសហេតុ ការបំពុលខ្យល់ ជំងឺដែលងាយកើតដោយសារអាកាសធាតុ ព្រមទាំងការពង្រឹងប្រព័ន្ធសុខាភិបាល និងការធ្វើសមាហរណកម្មទិន្នន័យផងដែរ។