អង្គការសហប្រជាជាតិព្រមានអំពីគ្រោះមហន្តរាយរីកធំនៃស្រ្តេសពីកម្តៅនៅពេលធ្វើការងារ

នៅក្នុងរបាយការណ៍រួមដែលមានឈ្មោះថា ការប្រែប្រួលអាកាសធាតុ និងស្រ្តេសពីកម្តៅនៅពេលធ្វើការ ដែលផ្សព្វផ្សាយកាលពីចុងសប្តាហ៍ អង្គការពិភពលោកសម្រាប់សុខភាព (OMS) និងអង្គការឧតុនិយមពិភពលោក (OMM) បានចងក្រងនូវការសន្និដ្ឋានមួយដែលប្រកាសអាសន្ន។ ការកើនកម្តៅអាកាសធាតុបានបន្លាយពេល និងរលកកម្តៅបានរីកវិសាលភាព ជាមួយនឹងឥទ្ធិពលដែលមើលឃើញរួចហើយ ទៅលើចំការ នៅការដ្ឋាន និងក៏ដូចជាតាមកំពង់ផែនេសាទ។ល។
អ្នកធ្វើការងារដែលប៉ះពាល់បំផុតមានដូចជា កម្មករកសិកម្ម ជាងកំបោរ និងអ្នកនេសាទ ដែលបានរងគ្រោះរួចហើយ។ ចំណែកកុមារ មនុស្សចាស់ និងសហគមន៍ក្រីក្រនៅប្រទេសភាពខាងត្បូង ក៏ស្ថិតនៅខ្សែត្រៀមទី១ ប្រឈមមុខនឹងគ្រោះថ្នាក់ដ៏ស្ងៀមស្ងាត់នេះ។
សាស្រ្តាចារ្យ ជេរ៉េមី ហ្វ៉ារ៉ា មកពីអង្គការសុខភាពពិភពលោក បានព្រមានថា ៖ “ស្ត្រេសពីកម្តៅបំផ្លាញសុខភាព និងបំផ្លាញមធ្យោបាយរស់រានមានជីវិតរបស់អ្នកធ្វើការរាប់ពាន់លាននាក់ ជាពិសេសនៅក្នុងសហគមន៍ដែលងាយរងគ្រោះបំផុត។
ការកំណត់ទិសសិក្សាថ្មីៗទាំងនេះផ្តល់នូវដំណោះស្រាយជាក់ស្តែង ដែលមានមូលដ្ឋានលើភស្តុតាង ដើម្បីការពារជីវិត កាត់បន្ថយអសមភាព និងពង្រឹងភាពធន់របស់អ្នកធ្វើការនៅក្នុងពិភពលោកដែលកំពុងកើនកម្តៅ។”
ទិន្នន័យទាំងនេះគឺមិនអាចតវ៉ាបានទេ។ អង្គការឧតុនិយមពិភពលោកបញ្ជាក់ថា ឆ្នាំ២០២៤ គឺជាឆ្នាំដែលក្តៅបំផុតដែលមិនធ្លាប់បានកត់ត្រា ជាមួយនឹងសីតុណ្ហភាពមធ្យមនៅលើផែនដី កើន 1,55 °C លើសមុនយុគសម័យឧស្សាហកម្ម។ ថ្ងៃជាច្រើនដែលមានសីតុណ្ហភាពលើសពី 40 °C បានក្លាយជាទម្លាប់ធម្មតា ហើយនៅតំបន់ខ្លះ សីតុណ្ហភាពលើប្រដាប់វាស់ស្ទង់ បានឡើងលើស 50 °C ។
លោកស្រីកូ បារ៉េត អនុអគ្គលេខានៃទីភ្នាក់ងារឧតុនិយមពិភពលោក បានបញ្ជាក់ថា ៖ “ស្រ្តេសពីកម្តៅដែលទាក់ទងនឹងការងារ បានក្លាយជាការលំបាករបស់ពិភពលោក ដែលលែងកម្រិតតែសម្រាប់ប្រទេសដែលនៅជិតខ្សែអេក្វាទ័រទៀតហើយ គឺវាក៏បង្ហាញអំពីវត្តមានរលកកម្តៅថ្មីៗនៅអឺរ៉ុប។ ការពារអ្នកធ្វើការទល់នឹងកម្តៅហួសហេតុមិនគ្រាន់តែជាការចាំបាច់បន្ទាន់សម្រាប់សុខភាពសាធារណៈនោះទេ វាក៏ជាភាពចាំបាច់សម្រាប់សេដ្ឋកិច្ចផងដែរ។
វិបាករបស់វាមានច្រើនយ៉ាង ដូចជា ការធ្លាក់ចុះនូវផលិតភាពការងារ ការជះកម្តៅភ្លាមៗ ការខ្សោះជាតិទឹក វិបត្តិសរសៃប្រសាទ និងការធ្លាក់ខ្សោយនៃតម្រងនោម។ យោងតាមរបាយការណ៍បានឲ្យដឹងថា ផលិតភាពការងារធ្លាក់ចុះពី ២% ទៅ ៣% សម្រាប់ការកើនឡើងកម្តៅមួយអង្សារៗ បន្ថែមលើពី 20 °C។ ប្រជាជនជិតពាក់កណ្តាលនៃពិភពលោកបានទទួលរងគ្រោះថ្នាក់រួចហើយចំពោះឥទ្ធពលដ៏ចង្រៃនៃសីតុណ្ហភាពហួសកម្រិត។
ដើម្បីទប់ស្កាត់មហន្តរាយនេះ អង្គការសុខភាពពិភពលោក និងឧតុនិយមពិភពលោក អំពាវនាវឲ្យមានផែនការសកម្មភាពនានាដែលកំណត់គោលដៅតាមវិស័យ និងតាមតំបន់។ អនុសាសន៍របស់ពួកគេគឺការដាក់ឲ្យដំណើរការនូវនយោបាយសម្របខ្លួនសម្រាប់លក្ខខណ្ឌតំបន់ ការការពារដែលត្រូវបានពង្រឹងសម្រាប់អ្នកធ្វើការដែលមានវ័យចំណាស់ និងដែលមានជំងឺរ៉ាំរ៉ៃ ហើយត្រូវចេញពីការបណ្តុះបណ្តាលគ្រូពេទ្យ និងអ្នកបម្រើការ ឲ្យពួកគេធ្វើរោគវិនិច្ឆ័យលើស្រ្តេសពីកម្តៅ ដែលជារឿយៗ មានការលំបាកនឹងកំណត់អត្តសញ្ញាណដែរ។
គេក៏បានផ្តល់អនុសាសន៍ឲ្យមានការរួមបញ្ចូលក្នុងផែនការនូវសហជីប និងអាជ្ញាធរតំបន់ ដើម្បីអនុគ្រោះឲ្យមានដំណោះស្រាយដែលអាចទទួលបាន មានចីរភាព និងត្រូវមានការពង្រឹងការស្រាវជ្រាវដើម្បីវាយតម្លៃលើប្រសិទ្ធភាពនៃវិធានការផងដែរ។
Daily Program
