សត្វត្មាតផេះដែលជិតផុតពូជបំផុតលើលោក វិលត្រឡប់មកដែនជម្រកសត្វព្រៃលំផាត់វិញ ក្រោយបាត់មុខជិត១ទសវត្សរ៍

សត្វត្មាតផេះ ដែលជាប្រភេទបក្សីកម្រជិតផុតពូជបំផុតនៅលើពិភពលោក ត្រូវបានរកឃើញថាមានវត្តមានឡើងវិញនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ភូមិសាស្ត្រខេត្តរតនគិរី ភាគឦសាននៃប្រទេសកម្ពុជា ក្រោយពីបានបាត់វត្តមានអស់រយៈពេលជិតមួយទសវត្សរ៍។

ការរកឃើញសត្វដ៏កម្រនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងពេលយុទ្ធនាការធ្វើជំរឿនសត្វត្មាតទូទាំងប្រទេស កាលពីខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ។ នៅក្នុងដំណើរការជំរឿននោះ អ្នកជំនាញបានកត់ត្រាវត្តមានសត្វត្មាតផេះចំនួន ០២ ក្បាល ដែលនេះជាលើកដំបូងបំផុតដែលបក្សីប្រភេទនេះបានបង្ហាញខ្លួនឡើងវិញនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ គិតចាប់តាំងពីការបាត់ខ្លួនកាលពីឆ្នាំ២០១៦។ ការវិលត្រឡប់នេះ គឺជាសញ្ញាណវិជ្ជមានបង្ហាញពីការកើនឡើងវិញ និងឆ្លុះបញ្ចាំងពីជោគជ័យនៃកិច្ចអភិរក្សក្នុងការស្តារប្រភេទសត្វកម្រឱ្យមានជីវិតរស់នៅក្នុងតំបន់ការពារធម្មជាតិឡើងវិញ។

ទាក់ទិននឹងព្រឹត្តិការណ៍នេះ លោក ប៊ូ វរសក្ស នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជា បានលើកឡើងថា ការធ្វើជំរឿនកាលពីខែមិថុនានោះ ក៏បានកត់ត្រាវត្តមានសត្វត្មាតភ្លើងចំនួន ០៥ ក្បាលផងដែរ ដោយនៅក្នុងនោះមានកូនត្មាតចំនួន ០២ ក្បាល ដែលការណ៍នេះបានបញ្ជាក់យ៉ាងច្បាស់ពីភាពជោគជ័យនៃការបន្តពូជនៅក្នុងដែនជម្រកសត្វព្រៃនេះ។ លោកបានចាត់ទុកថា ការវិលត្រឡប់របស់សត្វត្មាតផេះ គឺជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់ការអភិរក្សសត្វត្មាតនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ និងជានិមិត្តសញ្ញានៃក្តីសង្ឃឹមសម្រាប់ការស្តារប្រភេទសត្វនេះឡើងវិញ។

ដោយឡែក លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងបរិស្ថាន បានមានប្រសាសន៍ថា សត្វត្មាតនៅក្នុងប្រទេសកម្ពុជា គឺជាផ្នែកមួយដ៏សំខាន់នៃបេតិកភណ្ឌធម្មជាតិ ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការសម្អាតបរិស្ថាន និងការការពារប្រព័ន្ធអេកូឡូស៊ីនៅតាមតំបន់ការពារធម្មជាតិ។ ឯកឧត្តមបានបញ្ជាក់ថា ការវិលត្រឡប់របស់ពួកវាមកវិញបន្ទាប់ពីអវត្តមានអស់រយៈពេល ១០ ឆ្នាំ មិនត្រឹមតែជាសញ្ញាវិជ្ជមានសម្រាប់ការអភិរក្សជីវចម្រុះនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានន័យសំខាន់ខ្លាំងណាស់សម្រាប់ការពារប្រភេទសត្វដែលកំពុងប្រឈមនឹងការផុតពូជ។ ជាមួយគ្នានេះ វត្តមានជាថ្មីរបស់ត្មាតផេះនៅក្នុងតំបន់ការពារធម្មជាតិភាគឦសាននាពេលថ្មីៗនេះ គឺបានស្តែងឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងអភិរក្សរបស់ក្រសួងបរិស្ថាន ក្រោមការសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

លោក ខ្វៃ អាទិត្យា បានបន្ថែមទៀតថា ក្រសួងបរិស្ថាន ក៏ដូចជាអង្គការជីវិតធម្មជាតិនៅកម្ពុជា នឹងបន្តលើកទឹកចិត្តឱ្យមានការចូលរួមបន្ថែមទៀតពីគ្រប់មជ្ឈដ្ឋាន ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ជាពិសេសគឺការអភិរក្សប្រភេទជីវៈចម្រុះកម្រលើពិភពលោក ដើម្បីធានាបាននូវការរស់រានមានជីវិតយូរអង្វែងរបស់ពួកវា។

សូមបញ្ជាក់ផងដែរថា យោងតាមលទ្ធផលជំរឿនសត្វត្មាតនៅតាមទីតាំងអាហារដ្ឋានត្មាតទូទាំងប្រទេស កាលពីឆ្នាំ២០animation៥ ក្រុមការងារកត់ត្រាបានសត្វត្មាតសរុបចំនួន ១៦៣ ក្បាល ដែលរួមមានទាំង ៣ ប្រភេទ គឺត្មាតត្នោត ត្មាតភ្លើង និងត្មាតផេះ៕

 

Daily Program

Livesteam thumbnail