វៀតណាម ភ្លៀងកម្រិតឯកតកម្មបង្កឲ្យមានមនុស្សស្លាប់ ៣៥នាក់ និងផ្ទះសម្បែង ១២៨០០០ខ្នង ត្រូវជន់លិច

ភាគកណ្តាលនៃប្រទេសវៀតណាមបានប្រឈមមុខនឹងទឹកជំនន់ក្នុងវិសាលភាពមិនដែល​ធ្លាប់​មាន ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងក្នុងកម្រិតឯកតកម្ម។ ក្នុងមួយសប្តាហ៍ ទឹកជំនន់ បានធ្វើឲ្យមានមនុសស្លាប់ ៣៥នាក់ ពន្លិចលំនៅដ្ឋាន ១២៨០០០ខ្នង និងបង្កការខូចខាត យ៉ាងខ្លាំងក្លាលើដំណាំកសិកម្ម។

យោងតាមតុល្យការថ្មី ដែលផ្សព្វផ្សាយកាលពីសប្តាហ៍មុន​ដោយអាជ្ញាធររៀតណាម បានឲ្យ​ដឹងថា ការធ្លាក់ភ្លៀងកម្រិតឯកតកម្ម និងទឹកជំនន់នៅភាគកណ្តាលប្រទេសវៀតណាម បាន​ធ្វើ​​ឲ្យមានមនុស្សស្លាប់ ៣៥នាក់ នៅខណៈដែល​មនុស្ស ៥នាក់ ទៀត​កំពុងបាត់ខ្លួន។

អាជ្ញាធរវៀតណាមនៃការគ្រប់គ្រងមហន្តរាយ និងទំនប់ បានបង្ហាញឲ្យដឹងថា ខេត្តជាប់ ឆ្នេរ​ភាគ​កណ្តាលនៃប្រទេសវៀតណាម ទទួលរងការប៉ះពាល់ ដោយភ្លៀងព្យុះ​​តាំងពីមួយ​សប្តាហ៍​មកហើយ ជាមួយនឹងការធ្លាក់ភ្លៀងក្នុងកម្រិតឯកតកម្ម​ដែលឈានដល់កម្ពស់ ១,៧​ម៉ែត្រ ក្នុង​រយៈពេល ២៤ម៉ោង នៅទីក្រុងទេសចរណ៍ ទីក្រុងវ៉េ ដែលស្ថិតនៅក្នុងអតីត​បុរី​អធិរាជ​វៀតណាម។ ចំណែកមនុស្សស្លាប់ ៣៥នាក់ គឺមាននៅក្នុងខេត្តវ៉េ ដាណាង ឡាំដុង និង​ខេត្ត​កាងទ្រី។

លក្ខខណ្ឌអាកាសធាតុអាប់អ៊ួរ បានបង្កជាទឹកជំនន់ និងការបាក់ដី ដែលបំផ្លាញលំនៅដ្ឋាន និង​ដំណាំកសិកម្ម។ នៅក្នុងទីក្រុងចាស់ ហ័យអាន ដែលត្រូវបានចាត់ថ្នាក់ជាបេតិកភណ្ឌ​ពិភព​លោក​នៃអង្គការ យូនេសស្កូ (Unesco) ប្រជាជនធ្វើដំណើរនៅតាមដងផ្លូវដែល​ជន់​លិច​ត្រឹម​ចង្កេះ។ ជាន់ក្រោម​ហាងទំនិញនានាត្រូវបានជន់លិច។  

លោកជួង ង្វៀន ប្រជាជននៅខេត្តហ័យអាន អាយុ ៤៣ឆ្នាំ បានរៀបរាប់ថា ៖ “មនុស្សទាំង​អស់​​រងការប៉ះទង្គិចបន្ទាប់ពីទឹកជំនន់។ មនុស្សម្នាបានត្រៀមខ្លួន ប៉ុន្តែពួកគេមិនបានរំពឹងថា កម្រិត​ទឹកជំនន់បានឡើងខ្ពស់ដល់ថ្នាក់នេះទេ។ ទាំងអស់គ្នាមានអារម្មណ៍ថា ល្ហិតល្ហៃ​ប្រឈម​​នឹង​វិសាលភាពនៃការខូចខាតលើកនេះ។”

យោងតាមរបាយការណ៍នៃអាជ្ញាធរវៀតណាមនៃការគ្រប់គ្រងមហន្តរាយ និងទំនប់ បាន​ឲ្យ​ដឹង​ថា ផ្ទះជាង ១៦៥០០ខ្នង ស្ថិតនៅក្នុងទឹកនៅឡើយនៅវៀតណាម។ ក្រសួងបរិស្ថាន​វៀតណាម​ រាយការណ៍ថា ផ្លូវថ្នល់ជាច្រើនគីឡូ​ម៉ែត្រទទួលរងការខូចខាត និងរាំងស្ទះ​ដោយ​ទឹក​ជំនន់ និងការបាក់ដី ជាមួយនឹងផ្ទៃដីដំណាំច្រើន​ជាង ៥០០០ហិចតា ត្រូវបានបំផ្លាញ និង​សត្វ​ពាហនៈ ១៦០០០ក្បាល បានងាប់។ ភ្លាមៗ ប្រភព​ដដែល បានរាយការណ៍​ថា ជាសរុប ផ្ទះ ១២៨០០០ខ្នង ត្រូវបានជន់លិច និង​មានការបាក់ដី ជាង ១៥០កន្លែង ។

ចាប់តាំងពីខែតុលាមកម្ល៉េះ ចំណែកតំបន់នានានៅភាគខាងជើងប្រទេស ក៏ទទួលរងទឹកជំនន់ បន្ទាប់ពីការឆ្លងកាត់នៃព្យុះទីហ្វុន ប៊ូអាឡ័យ និងម៉ាតម៉ូ។ មហន្តរាយធម្មជាតិ និងជាសំខាន់ ខ្យល់ព្យុះ ទឹកជំនន់ ការបាក់ដី បានបង្កឲ្យមានការស្លាប់ និងការបាត់ខ្លួនមនុស្ស ១៨៧នាក់ នៅ​ក្នុងប្រទេសនៃអាស៊ីភាគអាគ្នេយ៍មួយនេះនៅអំឡុង ៩ខែនៃឆ្នាំ។ ការបាត់បង់​ខាង​សេដ្ឋកិច្ច​ជាសរុបគឺត្រូវបានប៉ាន់ប្រមាណថា មានជិត 610លាន ដុល្លារ។

ទីតាំងភូមិសាស្រ្ត និងសណ្ឋានដីនៃប្រទេសវៀតណាមធ្វើឲ្យប្រទេសនេះក្លាយជាកន្លែង​ធម្មជាតិ​ងាយរងគ្រោះដោយខ្យល់ព្យុះទីហ្វុន និងទឹកជំនន់។ ហើយស្ថានភាពក៏រិតតែធ្ងន់ធ្ងរ​ខ្លាំងឡើងថែមទៀតដោយហេតុផលនៃការធ្លាក់ភ្លៀងដ៏ច្រើន និងជំរុញដោយការប្រែប្រួល​អាកាស​ធាតុ និងនគរូបនីយកម្មដ៏រហ័សមិនអាចគ្រប់គ្រងបានរបស់វៀតណាមផង។

យោងតាមអ្នកវិទ្យាសាស្រ្ត ការឡើងកម្តៅអាកាសធាតុ ដែលបង្កឡើងដោយសកម្មភាពរប​ស់​មនុស្ស ធ្វើឲ្យបាតុភូតឧតុនិយមកាន់តែកើនខ្លាំងហួសហេតុ កាន់តែញឹកញាប់ កាន់តែធ្វើឲ្យ​មនុស្ស​ស្លាប់ច្រើន និងការតែបង្កការបំផ្លិចបំផ្លាញច្រើនឡើងៗផងដែរ។

 

Daily Program

Livesteam thumbnail