ភ្លើងឆេះព្រៃបំផ្លិចបំផ្លាញអឺរ៉ុប អេស្ប៉ាញ ព័រទុយហ្គាល់ និងបារាំង ស្ថិតនៅជួរមុខ
យោងតាមទិន្នន័យថ្មីពីអង្គការសុខភាពពិភពលោក (OMS) បានឲ្យដឹងថា អឺរ៉ុបឆេះកាន់តែ ខ្លាំងឡើងៗ។ ក្នុងអំឡុងពេល ៤ឆ្នាំ ផ្ទៃដីដែលត្រូវបានបំផ្លាញដោយភ្លើងឆេះព្រៃ បានកើន ឡើង ៥៧%។ គ្រាន់តែនៅឆ្នាំ២០២៥ ភ្លើងឆេះព្រៃបានបំផ្លិចបំផ្លាញផ្ទៃដី ២,២ លានហិចតា នៅទ្វីបអឺរ៉ុប ទល់នឹង ១,៤ លានហិចតា នៅឆ្នាំ ២០២២។
ប្រទេសអេស្ប៉ាញ និងប្រទេសព័រទុយហ្គាល់ ស្ថិតនៅក្នុងចំណោមប្រទេសដែលរងផល ប៉ះពាល់ខ្លាំងបំផុត។ ចំនួនអគ្គីភ័យដែលបានកើតឡើងនៅទីនោះបានកើនឡើង ២ដង ក្នុង រយៈពេលតែមួយឆ្នាំ។ កាលពីថ្ងៃសុក្រ សប្តាហ៍មុន រដ្ឋាភិបាលអេស្ប៉ាញបានចេញក្រឹត្យ បន្ទាន់សម្រាប់ជាតិ បន្ទាប់ពីមានការរីកធំឡើងនៃភ្លើងឆេះព្រៃជាច្រើនកន្លែងនៅជុំវិញទីក្រុង ម៉ាឌ្រីដ។ មនុស្សជិត ១០០០០នាក់ ត្រូវបានជម្លៀស។ អាជ្ញាធរតំបន់បានវាយតម្លៃអំពីភ្លើង ឆេះព្រៃទាំងនេះថា វាគឺអាក្រក់អាក្រីបំផុតមិនដែលធ្លាប់មាននៅក្នុងតំបន់។ ចំណែកអាជ្ញាធរប្រចាំតំបន់ នៅភាគខាងត្បូងនៃប្រទេសបារាំង បានឲ្យដឹងថា ប្រជាជន ៦៣០០០នាក់ ត្រូវបង្ខំចិត្តចាកចេញពីលំនៅដ្ឋានរបស់ពួកគេ បន្ទាប់ពីមានអគ្គីភ័យជាច្រើន។
អង្គការសុខភាពពិភពលោក បានរំឭកថា ៖ “អគ្គីភ័យបានបំផ្លាញលំនៅដ្ឋាន និង មធ្យោបាយទ្រទ្រង់ជីវិត បង្កឲ្យមានការជម្លៀស និងក៏ដាក់សំពាធយ៉ាងខ្លាំងលើសេវាកម្មជួយសង្រ្គោះ និងប្រព័ន្ធសុខាភិបាល។ អាក្រក់ជាងនេះ ទៀត វាបានសម្លាប់ជីវិតមនុស្ស។”
បើយោងតាមអង្គការសហប្រជាជាតិ ការកើនវិសាលភាពច្រើនដងនៃអគ្គីភ័យបង្កឡើងដោយនិន្នាការដែលជំរុញដោយការប្រែប្រួលអាកាសធាតុ។ ការកើនឡើងនូវសីតុណ្ហភាព គ្រោះរាំងស្ងួតកើនឡើងនៅលើផែនដី និងកំណើនការធ្វើនគរូបនីយកម្ម ក៏បង្កនូវលក្ខខណ្ឌងាយស្រួលសម្រាប់ការឆាបឆេះរបស់ភ្លើង និងបន្លាយពេលនៃរដូវភ្លើងឆេះផងដែរ។ អគ្គិភ័យ ដែលកាលពីមុន បានកើតឡើងប្រមូលផ្តុំតែក្នុងរដូវក្តៅ បច្ចុប្បន្ន វាមាននិន្នាការកើតឡើងឆាប់ជាងមុន ហើយបន្តពេលយូរជាងមុន ដោយធ្វើឲ្យសមត្ថភាពនៃបង្ការ និងការជួយសង្គ្រោះរបស់រដ្ឋ ត្រូវប្រឈមមុខនឹងការលំបាកយ៉ាងខ្លាំង។
អង្គការសុខភាពពិភពលោក បញ្ជាក់ថា វិបាកនៃអគ្កីភ័យព្រៃមិនគ្រាន់តែជាអណ្តាតភ្លើងទេ។ ផ្សែងរបស់វាក៏បង្កជាការគំរាមកំហែងខាងសុខភាពដ៏សំខាន់។ ភាគល្អិតតូចៗ ដែលវាផ្ទុកអាចនឹងធ្វើឲ្យសរសៃឈាមបេះដូងមានជំងឺធ្ងន់ធ្ងរ បង្កជំងឺផ្លូវដង្ហើម ជាពិសេសសម្រាប់មនុស្សចាស់ កុមារ ស្ត្រីមានផ្ទៃពោះ និងក្រុមមនុស្សដែលកំពុងមានជំងឺរ៉ាំរ៉ៃរួចហើយ។ ផ្សែងក៏ត្រូវបានភ្ជាប់ជាមូលហេតនៃជំងឺសួតផ្សេងៗ និងជំងឺថ្លើមខ្លះៗ ព្រមជាមួយនឹងការឆ្លងមេរោគចូលភ្នែក ជំងឺបញ្ហាផ្លូវចិត្ត និងការបាត់បង់ការចងចាំ។ល។
លើសពីនេះទៀត អគ្គីភ័យក៏អាចបង្កវិបប្លាសដល់ការទទួលការព្យាបាល បង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ និងបង្កើតស្នាមរបួសផ្លូវចិត្តរយៈពេលយូរអង្វែងចំពោះប្រជាជនដែលរងផលប៉ះពាល់។
ប្រឈមមុខនឹងភាពធ្ងន់ធ្ងរឡើងនៃហានិភ័យខាងអាកាសធាតុ អគ្គលេខាធិការនៃអនុសញ្ញាស្តង់ដាររបស់អង្គការសហប្រជាជាតិអំពីការផ្លាស់ប្តូរអាកាសធាតុ លោកស៊ីម៉ុង ស្យេល បានបញ្ជាក់ថា ៖ “ការធ្វើប្រតិកម្មពីឥឡូវ គឺជាលក្ខខណ្ឌសម្រាប់សន្តិភាព និងសន្តិសុខដែលមានចីរភាពនៅក្នុងពិភពលោក។” លោកវាយតម្លៃថា ការកាត់បន្ថយនៃការអាស្រ័យលើថាមពលផូស៊ីលស្ថិតនៅតែជាគន្លឹះមួយដ៏សំខាន់សម្រាប់កំហិតការរីកវិសាលភាពនៃមហន្តរាយខាងអាកាសធាតុ”។
ចំណែកអង្កការសុខភាពពិភពលោកក៏បានអំពាវនាវឲ្យរដ្ឋាភិបាលនានាពង្រឹងប្រព័ន្ធប្រកាសអាសន្នបឋម និងផ្សព្វផ្សាយឲ្យបានលឿននូវបទបញ្ជាខាងសុខភាពឲ្យបានច្បាស់ៗ និងធានាឲ្យមានការចូលទៅដល់ការសង្រ្គោះបន្ទាន់ ជាពិសេសម្រាប់ប្រជាជនដែលងាយរងគ្រោះបំផុត។