ព្យុះស៊ីក្លូននៅម៉ាដាហ្គាស្កា ជំនួយមានភាពយឺតយ៉ាវដោយសារមូលនិធិមិន គ្រប់គ្រាន់
នៅខណៈដែលប្រទេសម៉ាដាហ្គាស្កា បានចេញក្រឹត្យដាក់ប្រទេសក្នុងកម្រិតគ្រោះមហន្តរាយថ្នាក់ជាតិ ដោយសារខ្យល់ព្យុះស៊ីក្លូន ហ្ស៉ឺសានី កាលពីសប្តាហ៍មុន ការមានកម្រិតដ៏ធ្ងន់ធ្ងរលើហិរញ្ញវត្ថុ បានរិតត្បិតសមត្ថភាពនៃទីភ្នាក់ងារមនុស្សធម៌ក្នុងការចូលធ្វើអន្តរាគមន៍ជួយសង្រ្គោះក្នុងទ្រង់ទ្រាយធំលើប្រទេសកោះនៅមហាសមុទ្រឥណ្ឌា ដែលត្រូវបានរងការឈឺចាប់ដ៏ផុយស្រួយរួចហើយពីវិបត្តិអាកាសធាតុ និងវិបត្តិចំណីអាហារដែលបានកើតឡើងជាថ្មី។
យោងតាមកម្មវិធីស្បៀងអាហារពិភពលោក (PAM) បានឲ្យដឹងថា សមត្ថភាពរបស់ទីភ្នាក់ងារក្នុងការចូលធ្វើអន្តរាគមន៍សង្រ្គោះគឺត្រូវបានកម្រិតជាខ្លាំង ក្នុងហេតុផលនៃការធ្លាក់ចុះខាងហិរញ្ញវត្ថុ និងការខ្សោះខ្សោយនៃស្តុកចំណីអាហារពីការជួយសង្រ្គោះបន្ទាន់កាលពីលើកមុន។ ទីភ្នាក់ងារអង្គការសហប្រជាជាតិនៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនអំពីស្ថានភាពបានរៀបរាប់ឲ្យដឹងថា ៖ ”វិធានការបង្ការជាមុន និងការធ្វើអន្តរាគមន៍រហ័សដែលគ្រោងធ្វើ ក៏មិនមានហិរញ្ញវត្ថុអាចប្រើប្រាស់បាន សម្រាប់ប្រឈមមុខនឹងខ្យល់ព្យុះស៊ីក្លូននេះដែរ។”
ដើម្បីស្តារឡើងវិញនូវទុនបម្រុង កម្មវិធីចំណីអាហារពិភពលោក បាននិយាយថាត្រូវការទឹកប្រាក់បន្ទាន់ ៥០០០០ដុល្លារដើម្បីរៀបចំនំប៊ីគ្វីតដែលមានសារធាតុចិញ្ចឹមប្រមាណជា ២០តោន មុននឹងមានខ្យល់ព្យុះស៊ីក្លូនថ្មីទៀតដែលអាចបោកបក់នៅពេលខាងមុខ។
ទីភ្នាក់ងារចំណីអាហារពិភពលោកបញ្ជាក់ថា ៖ “បន្ទាប់ពីការប្រកាសនៃសភាពមហន្តរាយជាតិដោយរដ្ឋាភិបាល និងការអំពាវនាវស្វែងរកជំនួយអន្តរជាតិ ធនធានបន្ទាប់គឺត្រូវការចាំបាច់ដើម្បីពង្រឹងជំនួយ និងគ្រប់គ្រងស្ថានភាពសន្តិសុខចំណីអាហារ និងអ្នកភៀសខ្លួន ដែលបានប្រឈមមុខនឹងការប៉ះទង្គិចគ្រប់បែបយ៉ាង”។
ជាសរុប កម្មវិធីចំណីអាហារពិភពលោក បានប្រឈមនឹងឱនភាពហិរញ្ញវត្ថុ ១៨,៣ លានដុល្លារសម្រាប់កិច្ចប្រតិបត្តិការបន្ទាន់នៅក្នុងប្រទេសម៉ាដាហ្គាស្ការក្នុងអំឡុង ៦ខែ ខាងមុខ។ ដោយខ្វះខាតធនធានមិនគ្រប់គ្រាន់ ទីភ្នាក់ងារចំណីអាហារពិភពលោក បានកាត់បន្ថយរួចហើយនូវជំនួយដែលបានគ្រោងទុក និងដែលអាចបណ្តោយឲ្យមនុស្សជាង កន្លះលាននាក់ គ្មានជំនួយសម្រាប់ពេលវេលាដ៏គ្រោះថ្នាក់។
ទីភ្នាក់ងារចំណីអាហារពិភពលោកទទូចថា ៖ “ការផ្តល់ជំនួយជាសាច់ប្រាក់ គឺមានសារសំខាន់ដើម្បីនាំមកនូវជំនួយរហ័សក្នុងទ្រង់ទ្រាយធំ ស្តារឡើងវិញនូវកម្លាំងទិញរបស់គ្រួសារដែលត្រូវបានប៉ះពាល់ និងលើកកម្ពស់ទីផ្សារក្នុងតំបន់ផងដែរ។
ក្នុងអំឡុងរយៈពេល ១០ថ្ងៃ ប្រទេសម៉ាដាហ្គាស្ការត្រូវបានវាយប្រហារដោយខ្យល់ព្យុះធំៗ ពីរ គឺខ្យល់ព្យុះស៊ីក្លូនត្រូពិក ហ្វ៊ីត្យា ដែលបានវាយប្រហារលើតំបន់បូអានី នៅភាគពាយព្យ បន្ទាប់មកខ្យល់ព្យុះត្រូពិក ហ្ស៉ឺសានី ដែលបានវាយប្រហារឆ្នេរភាគឥសាន និងប៉ះលើទីក្រុងតូអាម៉ាស៊ីណា ដែលជាទីក្រុងទី២ នៃប្រទេស។
ផ្លូវនានា បណ្តាញអគ្គីសនី និងលំនៅដ្ឋាន ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ រួមទាំងការិយាល័យ និងឃ្លាំងនៃកម្មវិធីចំណីអាហារពិភពលោកផងដែរ។
យោងតាមការធ្វើជំរឿនថ្មីៗ បានឲ្យដឹងថា មនុស្សជិត ៨០០០០នាក់ ស្ថិតនៅ នៅឡើយក្នុងជំរុំទទួលស្នាក់ចំនួន ៧៥ កន្លែង នៅខណៈដែល ជនភៀសខ្លួនដទៃៗទៀត ត្រូវបានទទួលឲ្យស្នាក់នៅដោយសាច់ញាតិ និងនៅទីកន្លែងមិនផ្លូវការ។
យោងតាមអាជ្ញាធរម៉ាដាហ្គាស្ការ បានឲ្យដឹងថា មនុស្សជិត ២៦០០០០នាក់ ត្រូវបានរងផលប៉ះពាល់ដោយខ្យល់ព្យុះ ហ្ស៉ឺសានី និង ២០០០០០នាក់ ដោយខ្យល់ព្យុះ ហ្វ៊ីត្យា។ មន្រ្តីម្នាក់ ដែលមកកម្មវិធីចំណីអាហារពិភពលោក ដែលវិភាគលើឥទ្ធិពលរួមគ្នាពីខ្យល់ព្យុះស៊ីក្លូនទាំងពីរ បានវាយតម្លៃថា មានមនុស្សច្រើនជាង ៤០០០០០នាក់ ត្រូវការជំនួយស្បៀងអាហារ។