តុកកែប្រភេទថ្មី ត្រូវបានរកឃើញនៅឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈគិរីរម្យ

ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានចេញសេចក្តីប្រកាសពីរបកគំហើញថ្មី គឺតុកកែខ្លួនបង្កង់ប្រភេទថ្មីមួយនៅឧទ្យានជាតិគិរីរម្យ នៃប្រទេសកម្ពុជា។

តុកកែប្រភេទថ្មីនេះ ត្រូវបានពិពណ៌នាដាក់ឈ្មោះថាជា «តុកកែខ្លួនបង្កង់គិរីរម្យ» ដោយមានឈ្មោះជាវិទ្យាសាស្រ្ត ថា Cyrtodactylus kiriromensis បន្ទាប់ពីមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាអស់រយៈពេលយ៉ាងយូររវាងអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ។

លោក នាង ធី ប្រធានផ្នែកអភិរក្សអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ បានថ្លែងថា៖ «ការរកឃើញនេះរំឭកយើងថា ជីវៈចម្រុះរបស់កម្ពុជាជាច្រើននៅមិនទាន់បាន ចុះបញ្ជីអស់នៅឡើយ។ សូម្បីតែនៅតំបន់ការពារដ៏ល្បីឈ្មោះ ដូចជាឧទ្យានជាតិគិរីរម្យ ក៏មានប្រភេទសត្វល្មូន ជាច្រើនប្រភេទកំពុងរង់ចាំការធ្វើការសិក្សាស្រាវជ្រាវ ក៍ដូចជាការទទួលស្គាល់ផងដែរ។ ការបន្តការស្រាវជ្រាវនៅទីវាលគឺជាការចាំបាច់ណាស់ដើម្បីស្វែងយល់ និងការពារសត្វព្រៃដ៏កម្ររបស់ប្រទេស»។

ប្រភេទសត្វនេះ ត្រូវបានជួបប្រទះជាលើកដំបូងដោយ លោកបណ្ឌិត Bryan L. Stuart នៃសារៈមន្ទីរវិទ្យាសាស្រ្តធម្មជាតិ North Carolina ក្នុងកំឡុងពេលបេសកម្មដំបូងមកប្រទេសកម្ពុជាក្រោមការឧបត្ថម្ភរបស់អង្គការសមាគមអភិរក្សសត្វព្រៃ(WCS) កាលពីជាងពីរទសវត្សរ៍មុន ប៉ុន្តែមិនអាចពិពណ៌នាជាផ្លូវការនៅពេលនោះទេ ដោយសារមានភាពស្មុគស្មាញនៃពិន្ធុ(DNA)។ តុកកែខ្លួនបង្កង់គិរីរម្យ ស្ថិតនៅក្នុងក្រុមមួយនៃតុកកែជើងកោង(Bent-toed gecko) ដែលគេធ្លាប់តែចាត់ទុកថាវាតំណាង ឱ្យប្រភេទតុកកែតែមួយប្រភេទដែលកំពុងមានវត្តមានគ្រប់ទីកន្លែង។

ចាប់តាំងពីពេលនោះមកការស្រាវជ្រាវត្រូវ បានបន្ត ហើយបន្ទាប់មកបានបង្ហាញឱ្យឃើញថាក្រុមនេះមានច្រើនប្រភេទខុសៗគ្នាទៅតាមទីកន្លែងដាច់ដោយ ឡែកពីគ្នានៅទូទាំងតំបន់ជួរភ្នំក្រវាញ ដែលនាំឱ្យគេលើកជាចម្ងល់ថា តើនៅមានសត្វព្រៃប៉ុន្មានប្រភេទទៀតដែល ត្រូវធ្វើការស្រាវជ្រាវបន្ថែម ជាពិសេសនៅក្នុងតំបន់ដែលអ្នកស្រាវជ្រាវពិបាកចូលទៅសិក្សាកន្លងមក ដោយថ្មីៗនេះភាពជឿនលឿនក្នុងការស្រាវជ្រាវផ្នែកព័ន្ធុ អាចឱ្យគេញែកអត្តសញ្ញាណតុកកែខ្លួនបង្កង់គិរីរម្យចេញពីប្រភេទសត្វដែលមានលក្ខណៈស្រដៀងៗគ្នាបាន។

ផ្អែកលើលក្ខណៈប្រព័ន្ធអេកូឡូស៊ី ប្រភេទថ្មីនេះត្រូវបានគេសង្កេតឃើញវារស់នៅ និងរកចំណីនៅពេលយប់ តាមដើមឈើទាបៗ គល់ឈើ លើផ្ទាំងថ្មក្បែរអូរ និងតាមគន្លងផ្លូវព្រៃជាច្រើនក្នុងព្រៃពាក់កណ្តាលស្រោង។ ឈ្មោះសត្វត្រូវបានដាក់ភ្ជាប់ទៅនឹងឈ្មោះឧទ្យានជាតិគិរីរម្យ ដែលជាតំបន់ការពារមួយមានទីតាំងក្នុងខេត្តកំពង់ស្ពឺ ដែលគ្របដណ្តប់ ដោយព្រៃស្រល់ ព្រៃពាក់កណ្តាល ស្រោង និងព្រៃស្រោង ដែលលាយឡំជាមួយដើម ឬស្សី។ ឧទ្យានជាតិគិរីរម្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន និងជាគោលដៅដ៏ពេញនិយមមួយ សម្រាប់ភ្ញៀវទេសចរធ្វើដំណើរកម្សាន្ត។

លោកបណ្ឌិត Bryan Stuart មានប្រសាសន៍ថា៖ «ការរកឃើញទាំងនេះ បានបង្ហាញពីសារៈសំខាន់នៃសំណាកសត្វនៅតាមសារៈមន្ទីរក្នុងការធ្វើសារពើភ័ណ្ឌជីវៈចម្រុះ។ នៅពេលដែលសហការីកម្ពុជា និងខ្ញុំ បានប្រមូលសំណាកជាច្រើនប្រភេទនៅឧទ្យានជាតិគិរីរម្យ ក្នុងខែមិថុនា ឆ្នាំ២០០០ យើងបានធ្វើការចាត់ថ្នាក់ទៅតាមស្ថានភាពពេលនោះ ហើយសន្មត់ថានេះគឺជាប្រភេទមួយ Cyrtodactylus intermedius ដែលវត្តមានគ្រប់ទីកន្លែង។ តែឥឡូវនេះយើងអាចត្រឡប់ទៅមើលសំណាកនៅក្នុងឆ្នាំ២០០០ និងញែកពួកវាក្នុងបរិបទនៃការយល់ដឹងថ្មី នៃភាពសំបូរបែបព័ន្ធុក្នុងក្រុមតុកកែខ្លួនបង្កង់ ហើយបានដឹងថាយើងបានរកឃើញប្រភេទថ្មីដាច់ ដោយឡែកមួយសម្រាប់វិទ្យាសាស្រ្តដែលមាននៅក្នុងឧទ្យានជាតិគិរីរម្យតែមួយគត់»។

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា ការរកឃើញប្រភេទជីវៈចម្រុះថ្មីពិតជាបានបញ្ជាក់ប្រាប់យើងទាំងអស់គ្នាពីសារៈសំខាន់នៃគម្របបៃតងរបស់តំបន់ការពារធម្មជាតិ ដ៍មានតម្លៃនិងគុណប្រយោជន៍ដែលមិនអាចកាត់ថ្លៃបាន ទាំងសម្រាប់មនុស្ស និងធម្មជាតិ ការចូលរួមថែរក្សាការពារធនធានធម្មជាតិ និងបរិស្ថាន ដើម្បីនិរន្តរភាពសម្រាប់មនុស្សជាតិ នាពេលបច្ចុប្បន្ន ក៏ដូចជាសម្រាប់កូនចៅយើងជំនាន់ក្រោយ។

ក្រសួងបរិស្ថានបាននិងកំពុងជំរុញការពង្រឹងកាអនុវត្តច្បាប់ ការពង្រីកគម្របបៃតង និងការអភិវឌ្ឍន៍ជីវភាពសហគមន៍មូលដ្ឋាន ដើម្បីធានាឱ្យតំបន់ការពារធម្មជាតិនៅកម្ពុជាបន្តផ្តល់ជាទីជម្រកសម្រាប់សត្វ និងរុក្ខជាតិជាច្រើនប្រភេទដូចជា ជាពិសេសពពួកប្រភេទងាយរងគ្រោះ និងជិតផុតពូជលើពិភពលោក ដែលមានតម្លៃជាសកល ហើយក៏ជាកន្លែងដ៏សំខាន់មួយផងដែរសម្រាប់ការសិក្សាស្រាវជ្រាវ និងផ្តល់ឱកាសសម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាច្រើនកុះករ តាមរយៈការរៀបចំគោលដៅលំហែបៃតង ដ៏មានសក្តានុពលរបស់ប្រទេស៕

 

Daily Program

Livesteam thumbnail