ការធ្លាក់ភ្លៀងមិនធ្លាប់មាន ទឹកជំនន់ឡើងភ្លាមៗ និងការជម្លៀសប្រជាជននៅ ប្រទេសអេស្ប៉ាញ និងព័រទុយហ្គាល់
ខ្យល់ព្យុះ លីអូណាដូ បានបង្កជាការធ្លាក់ភ្លៀងក្នុងបរិមាណមិនធ្លាប់មាននៅប្រទេសអេស្បាញ និងព័រទុយហ្គាល់ ដែលបង្កជាទឹកជំនន់ដ៏ខ្លាំងក្លា ការជម្លៀសប្រជាជន និងវិបត្តិជាច្រើនទៅមុខទៀត។ អាជ្ញាធរបានប្រឈមមុខនឹងស្ថានភាពទឹកជំនន់ដ៏កម្រ មិនធ្លាប់មាននៅក្នុងបរិបទនៃព្រឹត្តិការណ៍ឧតុនិយមដ៏ញឹកញាប់ហួសហេតុនៅប្រទេសអឺរ៉ុបភាគខាងត្បូង។
ភ្លៀងធ្លាក់ខ្លាំងជាពិសេស ដោយសារខ្យល់ព្យុះ លីអូណាដូបានបោកបក់លើឧបទ្វីបអេស្ប៉ាញ កាលពីសប្តាហ៍មុន ដែលបណ្តាលឲ្យមានទឹកជំនន់ធំ និងការជម្លៀសប្រជាជនរាប់ពាន់នាក់នៅប្រទេសអេស្ប៉ាញ និងព័រទុយហ្គាល់។
វិបត្តិដ៏បំផ្លិចបំផ្លាញនេះ មិនបានរារាំងការរៀបចំការបោះឆ្នោតកាលពីថ្ងៃអាទិត្យដែរ។ ទោះបីជាបេក្ខជនមកពីបក្សស្តាំនិយមជ្រុល លោកអង់ដ្រេ វ៉េនទូរ៉ា បានសុំឲ្យមានការពន្យារពេលបោះឆ្នោត ដែលលោកត្រូវប្រកួតប្រជែងជាមួយលោកអង់តូនីញ៉ូ ហ្ស៉ូសេ សេហ្គូរ៉ូ បេក្ខជនសង្គមនិយមកណ្តាល ដែលត្រូវបានគេរំពឹងថា នឹងឈ្នះយ៉ាងទូលំទូលាយក្តី ក៏ក្រុមគណៈកម្មការរៀបចំការបោះឆ្នោតបានបដិសេធយ៉ាងឆាប់រហ័ស និងរំឭកថា ច្បាប់ព័រទុយហ្គាល់មិនអនុញ្ញាតឲ្យមាន “ការពន្យារពេលទូទៅនៃការបោះឆ្នោតនៅកម្រិតជាតិ” ទេ។
នាយករដ្ឋមន្ត្រីព័រទុយហ្គាល់ លោកល្វីស ម៉ុងតេណេហ្គ្រូ បានទទួលស្គាល់ថា ៖«នេះគឺជាវិបត្តិដ៏បំផ្លិចបំផ្លាញ”។ ប៉ុន្តែលោកបានវាយតម្លៃថា ការរំខានទាំងនេះអាចពុះពារ និងបានអំពាវនាវឲ្យមាន ដួងព្រលឹងនៃការលះបង់ ពីអ្នកបោះឆ្នោត ដើម្បីលើកទឹកចិត្តឲ្យពួកគេទៅបោះឆ្នោតនៅថ្ងៃអាទិត្យ ទោះបីជាស្ថានភាពមានសភាពបែបក៏ដោយ។
ទោះបីជាយ៉ាងណា ច្បាប់ក៏គ្រោងសម្រាប់លទ្ធភាពនៃការពន្យាពេលការបោះឆ្នោត ប៉ុន្តែគឺអាស្រ័យលើការសម្រេចចិត្តរបស់អាជ្ញាធរឃុំសង្កាត់ ដូចដែលត្រូវបានប្រកាសពន្យាកាលពីសប្តាហ៍មុននៅឃុំ អាល់កាសេ ដូ សាល់ នៅភាគខាងត្បូងនៃប្រទេសព័រទុយហ្គាល់ដែលត្រូវបានប៉ះពាល់ខ្លាំងក្លា។ លោកស្រីក្លារីស កំប៉ុស បានថ្លែងថា ៖ « យើងមិនអាចរៀបចំការបោះឆ្នោតនៅថ្ងៃអាទិត្យនេះបានទេ »។ លោកស្រីបានបញ្ជាក់ថា ភូមិជាច្រើនក្នុងឃុំមួយនេះ ដែលមានអ្នកបោះឆ្នោតប្រមាណ ១០០០០ នាក់ ត្រូវបានកាត់ផ្តាច់ពីតំបន់ផ្សេង និងផ្នែកមួយនៃកណ្ដាលទីក្រុង ក៏ត្រូវបានទឹកនៃទន្លេសាដូ ពន្លិចជ្រៅផងដែរ។
នៅកណ្តាលនៃប្រទេស ក្រុមការពារស៊ីវិលនៃតំបន់ សានតារ៉េម បានលើកឡើងអំពីហានិភ័យនៃទឹកជំនន់ពីទន្លេតាហ្ស៍ ឡើងដល់កម្រិតក្រហម ដែលជាកម្រិតប្រកាសអាសន្នអតិបរិមា។ ហើយអាជ្ញាធរតំបន់បានបញ្ជាឲ្យមានតម្រូវការជម្លៀសនៅលើតំបន់ច្រាំងទន្លេ។ លោកម៉ារីយ៉ូ ស៊ីលវេស្រ៍ មេបញ្ជាការជាតិនៃក្រុមការពារស៊ីវិល បានបញ្ជាក់ថា ៖ “យើងមិនដែលបានជួបស្ថានភាពបែបនេះទេនៅអាងទន្លេតាហ្ស៍ ចាប់តាំងពីឆ្នាំ១៩៩៧។”
យោងតាមទីភ្នាក់ឧតុនិយមជាតិ បានឲ្យដឹងថា ប្រទេសព័រទុយហ្គាល់ដែលត្រូវបានបំផ្លាញកាលពីសប្តាហ៍មុនដោយខ្យល់ព្យុះ គ្រីស្ទីន និងធ្វើឲ្យមានមនុស្ស ៥នាក់ ស្លាប់ កំពុងឆ្លងកាត់ខែមករាទី២ ដែលមានភ្លៀងធ្លាក់ច្រើនបំផុតចាប់តាំងពីឆ្នាំ២០០០។ តុល្យការខូចខាតដោយខ្យល់ព្យុះ លីអូណាដូ ពេលនេះ មានម្នាក់នៅព័រទុយហ្គាល់ គឺជាស្រ្តី ដែលត្រូវចរន្តទឹកហូរនាំយកទៅ។
យោងតាមទីភ្នាក់ងារឧតុនិយមអេស្ប៉ាញ បានឲ្យដឹងថា ឧបទ្វីបអេស្ប៉ាញស្ថិតនៅក្នុងខ្សែត្រៀមទី១ ប្រឈមមុខនឹងការធ្លាក់អន់ថយខាងអាកាសធាតុនៅអឺរ៉ុប និងបានរងគ្រោះតាំងពីច្រើនឆ្នាំមកហើយ ដោយសាររលកកម្តៅដែលកាន់តែវែងទៅៗ និងការធ្លាក់ភ្លៀងខ្លាំងហួសដែលមានកាន់តែញឹកញាប់ និងខ្លាំងក្លាខ្លាំងឡើងៗ។ ព្យុះ លីអូណាដូ គឺជាព្យុះទី៦ ចាប់តាំងពីដើមឆ្នាំ២០២៦ ដែលមិនដល់ជាងមួយខែផង។