កសិកម្មដោយមិនប្រើថ្នាំពុល ការពិសោធន៍ដែលធ្វើឲ្យប្រែប្រួលដល់គំរូកសិកម្ម
បើយោងតាមវិទ្យាស្ថានជាតិស្រាវជ្រាវបារាំង សម្រាប់កសិកម្ម ចំណីអាហារ និងបរិស្ថាន បាន ឲ្យដឹងថា ការដាំដុះដោយមិនប្រើថ្នាំពុលសម្លាប់សត្វល្អិត និងសម្របសម្រួលទាំងទិន្នផល និងប្រសិទ្ធភាពខាងសេដ្ឋកិច្ឋ គឺអាចទៅរួច។ ការសិក្សាស្រាវជ្រាវ ដែលដឹកនាំធ្វើរយៈពេល ១០ឆ្នាំ លើមជ្ឈមណ្ឌលចំនួន ៩ នៅប្រទេសបារាំង បង្ហាញឲ្យឃើញនូវសក្តានុពលដែលគួរឲ្យសង្ឃឹមទុក។
លោកហ្ស៉ង់ ណូអែល អូប៊ែរតូត អ្នកផ្តួចផ្តើមគំនិតនៃគម្រោងបានរៀបរាប់ថា នៅក្នុងការ សិក្សា វិទ្យាស្ថានជាតិនៃការស្រាវជ្រាវសម្រាប់កសិកម្ម ចំណីអាហារ និងបរិស្ថាន (Inrae) បានបង្ហាញអំពីជម្រើសនៃការកាត់ផ្តាច់ទាំងស្រុងពីប្រព័ន្ធកសិកម្មតាមទម្លាប់ធម្មតា ដោយការដាំដុះដោយមិនប្រើថ្នាំបំពុល។ លោកបន្ថែមថា គំនិតសម្រាប់រូបលោក មិនមែនមាន ន័យថា នេះគឺជាគំរូល្អសម្រាប់កសិកម្មនៅទូទាំងពិភពលោកនោះទេ ប៉ុន្តែគេរកមើលនូវអ្វី ដែលអាចដំណើរការដោយគោរពឲ្យបានប្រសើរ នូវធម្មជាតិ ព្រំដែនរបស់វា បរិស្ថាន និងសុខភាព។
សម្រាប់សំនួរដែលថា ជាបច្ចេកទេស តើប្រព័ន្ធកសិកម្មដែលមិនមានប្រើថ្នាំសម្លាប់សត្វល្អិតសោះអាចធ្វើទៅរួចដែរឬទេ? ចម្លើយ គឺថា បាន។ ហើយសួរថា តើវាអាចផ្តល់ផលចំណេញខាងសេដ្ឋកិច្ចទេ? ចម្លើយក៏ថា បានដែរ។ ដោយគ្មានរបាំងគីមីនៃថ្នាំសម្លាប់សត្វល្អិត ដំណាំកសិកម្មអាចទទួលរងការវាយប្រហារពីសត្វល្អិត និងជំងឺកសិកម្មខ្លះៗ។ ប៉ុន្តែទិន្នផលនៅតែមាន និងមានការប្រែប្រួលកាន់តែច្រើនឡើងជាងមុន អាស្រ័យទៅតាមឆ្នាំ តំបន់ និងប្រភេទដំណាំដែលបានដាំផងដែរ។
ដំណាំ ព័រឆីក អាចជួបការលំបាកក្នុងការរីកលូតលាស់នៅតំបន់អុកស៊ីតានី ភាគខាងត្បូងប្រទេសបារាំង ប៉ុន្តែដំណាំដំឡូង និងស្រូវរីកចម្រើនល្អនៅភាគខាងជើងទន្លេឡ័រ៍ និងភាគខាងជើងប្រទេស។ ចំពោះដំណាំគ្រាប់ធញ្ញជាតិ ទិន្នផលជាប្រព័ន្ធ គឺតែងតែខ្ពស់ជាងកសិកម្មសរីរាង្គតាមការពិសោធន៍។
យោងតាមការសិក្សាបានឲ្យដឹងថា ប្រព័ន្ធកសិកម្មធំៗ ដែលបានវាយតម្លៃ បានផ្តល់នូវភាពចំណេញ។ ពួកវាអាចបង្កើតចំណូលបានចន្លោះពី ១ ដល់ ៣ នៃប្រាក់ឈ្នួលអប្បរមា។ ប្រាក់ឈ្នួលអប្បបរមានៅបារាំង ប្រហែល ១៨៧០ អឺរូ ក្នុងមួយខែ សម្រាប់កសិករនៅមួយកន្លែង។ ក្នុងករណីខ្លះ ៨០% ទិន្នផលអាចឈានដល់យ៉ាងហោចណាស់ពីរដងនៃប្រាក់ឈ្នួលអប្បរមា។
លោកសេបាស្យ៊ាន ដារ៉ាស គឺជាអ្នកទទួលខុសត្រូវលើការសាកល្បងប្រព័ន្ធកសិកម្មមិនប្រើថ្នាំពុល និងពិសោធន៍សម្រាប់កសិកម្មធំៗ ដូចជា ស្រូវអ័ហ្ស៍ ដំឡូងប៊ីតត្រាវ ដំណាំកូលហ្ស៉ា និងដំឡូងបារាំង។ លោកនិយាយទាំងញញឹមថា នៅស្រុកអេស្ត្រេ មូន នៅក្នុងតំបន់សូម ភាគជើងបារាំង ការរំពឹងទុកពីការសិក្សាត្រូវបានឆ្លើយតប។ នៅកណ្តាលខែមិថុនា ស្រូវនៅតែមានពណ៌បៃតង និងកន្ទុយស្រូវបានពង្រីកល្អ ដែលជាសញ្ញាបង្ហាញថា ‘ទិន្នផលល្អ’។ នៅលើដីកសិកម្មនេះ លោករំពឹងថា ក្នុងរយៈពេលមួយខែទៀត ទិន្នផលនឹងឈានដល់ ៧,៥ តោន ទៅ ៨ តោន ក្នុង ១ហិកតា” ដែលខ្ពស់ជាងមធ្យមជាតិនៅឆ្នាំ២០២៥។ តំបន់សូម នេះគឺជា “មួយក្នុងចំណោមតំបន់ដែលមានលទ្ធផលល្អបំផុតក្នុងកសិកម្មពិសោធន៍ធំៗ”។
ការបង្ហាញឲ្យឃើញនូវលទ្ធផលមួយដែលមិនសូវបានរំពឹងទុក គឺនៅក្នុងវាលទំនាបពីការឌី ដែលមានសំណើមច្រើន គឺអាចបង្កើតលក្ខខណ្ឌសមស្របសម្រាប់ជំងឺដូចជា ជំងឺច្រែះលឿង នៅលើស្រូវសាលី ឬជំងឺផ្សិតនៅលើដំឡូង។ ប៉ុន្តែនៅក្នុងវាលស្រូវសាលី លោកសេបាស្យ៊ាន ដារ៉ាស បង្ហាញស្លឹកដែលមានស្នាមតូចៗលើដើមដែលមានកន្ទុយស្រស់ស្អាត ដែលជាស្នាមនៃ “ការវាយប្រហារដោយជំងឺច្រែះលឿង ប៉ុន្តែស្រូវប្រភេទនេះនៅតែអាចធន់ទ្រាំបាន។