កម្តៅក្តៅខ្លាំងហួសហេតុ ៖ ប្រព័ន្ធអាហារ និងប្រជាជន កំពុងដកដង្ហើមចុងក្រោយ
យោងតាមរបាយការណ៍មួយរបស់អង្គការសហប្រជាជាតិដែលផ្សព្វផ្សាយនៅឱកាសទិវាផែនដីជាមាតា បានឲ្យដឹងថា រលកកម្តៅក្តៅហួសហេតុបានលេចឡើងជាការគំរាមកំហែងដ៏ សម្បើម។ វាបង្កឲ្យមានគ្រោះថ្នាក់ដល់ប្រជាជនច្រើនជាង ១ពាន់លាននាក់ ដោយ ប៉ះពាល់ ដល់ចំណូល សុខភាព និងការងាររបស់ពួកគេ ព្រមទាំងវាយប្រហារដោយផ្ទាល់ដល់ដំណាំ ការចិញ្ចឹមសត្វ និងធនធានជលផល។ល។
យោងតាមអង្គការសហប្រជាជាតិសម្រាប់ចំណីអាហារ និងកសិកម្ម និងអង្គការឧតុនិយមពិភពលោក បានឲ្យដឹងថា ភាពញឹកញាប់ វិសាលភាព និងរយៈពេលនៃភាគបន្តបន្ទាប់ នៃ កម្តៅក្តៅហួសហេតុ បានកើនឡើងយ៉ាងខ្លាំងក្លានៅអំឡុង៥០ឆ្នាំចុងក្រោយនេះ និងមានហានិភ័យដល់ប្រព័ន្ធកសិកម្ម ចំណីអាហារ និងប្រព័ន្ធបរិស្ថាន នាពេលអនាគត។
ឯកសារសិក្សាស្រាវជ្រាវបានពិព៌នាអំពីទិដ្ឋភាពវិទ្យាសាស្រ្តនៃកម្តៅក្តៅខ្លាំងហួសហេតុ ភាពងាយរងគ្រោះ ឥទ្ធិពលដែលបានពិនិត្យឃើញ និងការព្យាករលើកសិកម្ម យុទ្ធសាស្រ្តនៃការសម្របខ្លួន ព្រមទាំងការសិក្សាករណី និងសំណើអំពីការផ្តល់អនុសាសន៍ខាងនយោបាយ។
នៅក្នុងសេចក្តីប្រកាសមួយ លោកសេឡេស សូឡូ អគ្គលេខានៃអង្គការឧតុនិយមពិភពលោក បានថ្លែងថា ៖ ”លើសពីគ្រាន់តែជាគ្រោះថ្នាក់ធម្មជាតិធម្មតា កម្តៅក្តៅហួសហេតុលេចឡើងជាកត្តានៃហានិភ័យធ្ងន់ធ្ងរ និងពង្រីកភាពទន់ខ្សោយដែលមាននៅក្នុងប្រព័ន្ធកសិកម្ម។”
យោងតាមរបាយការណ៍ វិសាលភាពនៃកម្តៅក្តៅខ្លាំងហួសហេតុកើនទ្វេជាមួយនិងផែនដីកើនកម្តៅប្រមាណ ២ °C និង ៤ដង ជាមួយនឹងការកើនកម្តៅ ៣ °C បើប្រៀបធៀបនឹងការកើនកម្តៅ ១,៥ °C នៃសីតុណ្ហភាពមធ្យមរបស់ពិភពលោក។
សម្រាប់ភាគច្រើននៃដំណាំកសិកម្មសំខាន់ៗ ទិន្នផលចាប់ផ្តើមថយចុះ នៅពេលសីតុណ្ហភាពកើនលើស ៣០ °C ឬហើយសូម្បីតែសីតុណ្ហភាពទាបជាងនេះសម្រាប់ដំណាំខ្លះ ដូចជា ដំឡូង និងស្រូវសាលីក៏ធ្លាក់ទិន្នផលដែរ។
ទោះបីជាយ៉ាងណា ភាពងាយរងផលប៉ះពាល់របស់ដំណាំចំពោះសីតុណ្ហភាពខ្ពស់ ប្រែប្រួលទៅតាមលក្ខខណ្ឌតំបន់ និងភាពញឹកញាប់នៃកម្តៅ។ របាយការណ៍អធិប្បាយថា ចន្លោះពីខែមីនា ដល់ខែមិថុនា ឆ្នាំ២០២៥ មួយផ្នែកនៃជួរភ្នំ ហ្វ៊ែហ្គាណា គៀហ្គីហ្ស៊ីស្តង់ បានជួបនូវរយៈពេលនៃកម្តៅ ៣០,៨°C បន្លាយដ៏យូរ ឬ ១០ °C ជាកម្តៅខ្ពស់ជាងកម្តៅជាធម្មតា។ វាបង្កការវាយប្រហារកម្តៅនៅលើដំណាំហូបផ្លែ និងធញ្ញជាតិ និងចូលរួមចំណែកធ្វើឲ្យមានការលុកលុយរបស់សត្វកណ្តូប ការសាយភាយចំហាយទឹកកើនឡើង និងកាត់បន្ថយសមត្ថភាពនៃប្រព័ន្ធស្រោចស្រព និងចុងក្រោយ ធ្វើឲ្យមានការថយចុះ ២៥% នៃទិន្នផលគ្រាប់ធញ្ញជាតិ។
ចំពោះពូជសត្វចិញ្ចឹមជាញឹកញាប់ ស្រ្តេសពួកវានឹងចាប់ផ្តើមមាន នៅពេលពេលសីតុណ្ហភាពឡើងលើស ២៥ °C និងតិចជាងនេះបន្តិចសម្រាប់មាន់ និងជ្រូក ដែលខ្លួនរបស់ពួកវាមិនសូវមានសមត្ថភាពបន្ថយកម្តៅតាមរយៈការដកដង្ហើម។ លើសពីនេះ សម្រាប់សីតុណ្ហភាពនេះ ពពួកសត្វនឹងចាប់ផ្តើមឈឺ។
លោកឈូ ដុងយូ អគ្គនាយកនៃអង្គការស្បៀងអាហារពិភពលោក បានទទូចថា ៖ ”ការងារនេះបង្ហាញយ៉ាងច្បាស់ថា កម្តៅក្តៅខ្លាំងហួសហេតុ គឺជាកត្តាបង្កើនហានិភ័យដ៏ចម្បងច្រើនស្មុគស្មាញ និងធ្វើឲ្យមានសំពាធកើនឡើងលើដំណាំ សត្វពាហនៈ ការនេសាទ និងព្រៃឈើ ព្រមទាំងសហគមន៍ប្រជាជន និងសេដ្ឋកិច្ចដែលពួកគេអាស្រ័យលើ។”
សញ្ញាណនៃកត្តាពហុរួមផ្សំនៃហានិភ័យ ក៏ស្ថិតនៅចំកណ្តាលដើម្បីយល់អំពីធម្មជាតិនៃឥទ្ធិពលពីកម្តៅក្តៅហួសហេតុ។ គ្រោះរាំងស្ងួតដែលកើតភ្លាមៗ គឺជារឿយៗ បង្កឲ្យមាននៃភាពញឹកញាប់នៃកម្តៅខ្លាំងហួសហេតុជាបន្តបន្ទាប់ដែលនឹងធ្វើឲ្យបាត់បង់សំណើមនៃស្រទាប់ដីកសិកម្ម។