​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥អត្ថបទគម្ពីរ យ៉ូហាន (១៦, ៥-១៦)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី

បាទជម្រាបសួរបងប្អូនជាទីមេត្រី! យើងចូលសប្តាហ៍ទី៦នៃបុណ្យចម្លង ហើយព្រះបន្ទូលថ្ងៃនេះ​យ៉ូហាន (១៦,៥-១៦)  យើងអាចសង្កេតមើលថា ព្រះយេស៊ូកំពុងរៀបចំការធ្វើដំណើរឆ្លងកាត់ពីលោកនេះរបស់​ព្រះ​អង្គទៅកាន់ព្រះបិតា។ ព្រះអង្គហាក់ដូចជាដឹងថាព្រះអង្គមកនៅក្នុងលោកនេះមិនរហូតទេ គឺព្រះអង្គ​ម​ក​ដើម្បីបង្ហាញព្រះជាម្ចាស់សម្រាប់យើង នឹងឱ្យយើងដឹងថាព្រះអង្គជាព្រះជាម្ចាស់​ដែល​អាច​ជួយ​ស​ង្គ្រោះ​​មនុស្សទាំងអស់ទៅកាន់ព្រះបិតាបាន ប៉ុន្តែដោយសារក្នុងរូបកាយជាសាច់ឈាម​យើង​មិនអាច​រស់​នៅ​បានយូរអង្វែងរហូតទេ។

ដូច្នេះព្រះយេស៊ូក៏បាននិយាយអំពីព្រះអង្គត្រូវតែឆ្លងលោកនេះទៅកាន់ព្រះបិតា អ្វីដែលទ្រង់ចង់ប្រាប់​យើង​​នៅពេលនេះគឺសូមឲ្យយើងទុកចិត្តលើព្រះអង្គ! រាល់កិច្ចការទាំងអស់ និងបេសកកម្មដើម្បីទៅ​នៅ​ជា​មួយព្រះអង្គគឺព្រះបិតាជួយអធិដ្ឋានយើង ហើយទុកឱ្យបេសកកម្មទៅ​ដល់ព្រះដែលជួយការពារ។ នៅ​ក្នុង​ព្រះបន្ទូលថ្ងៃនេះព្រះអង្គបង្ហាញពាក្យមួយគឺព្រះដែលជួយការពារគឺព្រះវិញ្ញាណដ៏វិសុទ្ធនោះឯង។

ដូច្នេះទោះបីថ្ងៃអានាគតព្រះអង្គអត់នៅជាមួយយើងនៅក្នុងរូបកាយនេះតែយើងបានធានាយ៉ាងច្បាស់ថាគឺព្រះជាម្ចាស់មិនបោះបង់ចោលយើងទេ ព្រះអង្គនៅតែរួមដំណើរជាមួយ តាមរយៈព្រះដែលជួយការពារ ឬ​ក៏ព្រះវិញ្ញាណដ៏វិសុទ្ធ។ សម្រាប់យើងជាគ្រីស្តបរិស័ទសំខាន់មែនទែន ដើម្បីឱ្យយើង​នឹ​ក​វត្ត​មាន​របស់​ព្រះយេស៊ូនៅក្នុងលោកនេះ វត្តមានរបស់ព្រះយេស៊ូរួមជាមួយព្រះបិតា រួមជាមួយព្រះវិញ្ញាណដ៏​វិសុទ្ធ​ដែល​យើង​មើលមិនឃើញទេ។

ហេតុនេះបងប្អូនត្រូវដឹងថា ទោះបីយើងមិនឃើញតែយើងអាចបែងចែកថាអ្វីល្អ អ្វីអាក្រក់ មួយណា​ត្រឹម​ត្រូវ និងមិនត្រឹមត្រូវ មួយណាគួរធ្វើ និងមិនគួរធ្វើ។ ដូច្នេះព្រះវិញ្ញាណនឹ​ងជួយ​យើង​វែកញ៉ែក អរគុណ​ព្រះ​ជា​ម្ចាស់ដែលឱ្យយើងមានកម្រឹតសីលធម៌មួយដែលជាមូលដ្ឋានសម្រាប់មនុស្សគ្រប់រូប យើងមាន​មន​សិការដែលជាប់នៅក្នុងដួងចិត្តរបស់យើងដែលព្រះវិញ្ញាណដ៏វិសុទ្ធកំពុងធ្វើការទៅលើទាំងអស់នោះ។

ប៉ុន្តែប្រសិនបើយើងគិតថាសីលធម៌ណា ឬវប្បធម៌ណាល្អយើងអាចធានាបានថា ជាស្នាម​ព្រះហស្ត​របស់​ព្រះវិញ្ញាណដ៏វិសុទ្ធដែរ ហើយជួយដឹកនាំឱ្យយើងចេះវែកញែកអំពើល្អ និងអំពើអាក្រក់ ដូច្នេះសុំឱ្យបងប្អូន​មក​ជា​មួយព្រះបន្ទូលរបស់ព្រះយេស៊ូគ្រីស្តដែលព្រះអង្គបានណែនាំយើង បានបង្រៀនយើង​តាមការយល់​ឃើញ។ តាមការបំភ្លឺរបស់ព្រះវិញ្ញាណដ៏វិសុទ្ធធ្វើឱ្យយើងយល់ថា​ព្រះបន្ទូលដែលព្រះយេស៊ូ​បាន​បង្រៀន​យើងគឺឱ្យយើងព្យាយាមអនុវត្តបែបនេះពិតមែន យើងកំពុងតែប្រកាសឱ្យមនុស្សទូទៅដឹងថា ព្រះជាម្ចាស់​គង់នៅជាមួយយើង ព្រះជាម្ចាស់នៅតែបន្តធ្វើដំណើរជាមួយយើង និងណែនាំយើងទៅកាន់ផ្លូវល្អ។ សម្រាប់គ្រីស្តបរិស័ទយើង ផ្លូវល្អមិនគ្រាន់តែសម្រាប់នៅលើលោកនេះទេ បងប្អូនត្រូវ​មើល​ព្រះយេស៊ូ​គឺព្រះ​អង្គ​ត្រូវឆ្លងលោកនេះទៅកាន់ព្រះបិតា។

ដូច្នេះមានន័យថាទិសដៅរបស់យើងទាំងអស់គ្នាព្រះយេស៊ូកំពុងតែដឹកនាំយើងតាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធទៅកាន់ព្រះបិតាដែរ។ បងប្អូនកុំភ្លេចថា លោកនេះ ឬក៏រស់នៅក្នុងជីវិតនេះចប់ ឬក៏គ្រប់គ្រាន់​ដែលជា​ទិសដៅរបស់យើង យើងត្រូវតែគិតថាជីវិតរបស់យើង​កំពុងតែធ្វើដំណើរជាមួ​យព្រះយេស៊ូទីជួប​ព្រះបិតា​នៅស្ថានបរមសុខ។

ដូច្នេះសុំឲ្យព្រះវិញ្ញាណដ៏វិសុទ្ធជួយបំភ្លឺបងប្អូន ឱ្យបងប្អូនរស់នៅអនុវត្តខ្លួនតាមព្រះបន្ទូលរបស់ព្រះ​ជា​ម្ចា​ស់ និង​ឱ្យជីវិតរបស់យើងតម្រង់ទៅស្ថានបរមសុខ ដូចព្រះយេស៊ូដែលឆ្លងលោកនេះទៅកាន់ព្រះបិតាដែរ។ សូមព្រះជាម្ចាស់ប្រទានពរឱ្យបងប្អូន សូមព្រះអង្គជាកម្លាំងសម្រាប់បងប្អូនជានិច្ចផង។ អាម៉ែន៕

Daily Program

Livesteam thumbnail