ប្រធានបទ៖ សូមត្រៀមខ្លួនជានិច្ចដើម្បីទទួលយកការសង្គ្រោះពីព្រះជាម្ចាស់!

បកស្រាយដោយ៖ លោកបូជាចារ្យ អេមេល្សដាល ហ្វ្រង់ស្វ័រ (ព្រះសហគមន៍ភូមិភាគភ្នំពេញ)

បូ. ហ្វ្រង់ស្វ័រ៖ “បងប្អូនជាទីស្រឡាញ់ ផលផ្លែនៃការអធិដ្ឋានធ្វើឲ្យយើងមានអំណរសប្បាយ!” តាមព្រះបន្ទូលរបស់ព្រះយេស៊ូចំពោះក្រុមសាវ័ក ចូរប្រុងស្មារតីជានិច្ច ព្រោះយើងមិនបានដឹងថាព្រះជាម្ចាស់យាងមកនៅពេលណានោះទេ វាអាចជាថ្ងៃចុងក្រោយបំផុតនៃអាវសាន្តកាល ពិភពលោក ប្រហែលជាស្អែក ខានស្អែកក៏ថាបាន ឬយូរជាងហ្នឹងទៀតក៏យើងមិនដឹង។

ហេតុនេះយើងម្នាក់ៗត្រូវតែប្រុងស្មារតីជានិច្ច ត្បិតព្រះយេស៊ូយាងមកជួបយើងតាមរបៀបណាមួយជារៀងរាល់ថ្ងៃ អាចតាមរយៈអ្នកដទៃ ជាពិសេសតាមរយៈអស់បងប្អូនក្រីក្រដែលកំពុងតែជួបនិងការលំបាកក្នុងជីវិតប្រចាំថ្ងៃ។ ម្យ៉ាងវិញទៀតយើងមិនបានដឹងថានៅថ្ងៃណា? ម៉ោងប៉ុន្មានដែលយើងនឹងត្រូវស្លាប់? តែយើងជឿថាថ្ងៃដែលយើងស្លាប់គឺប្រាកដណាស់ព្រះយេស៊ូនឹងយាងមកជួបយើង! ហេតុនេះយើងត្រូវតែប្រុងស្មារតីជានិច្ច។ តើការប្រុងស្មារតីជានិច្ចនេះមានអត្ថន័យយ៉ាងណា?

ចំណុចទី១៖ ទោះបីយើងមានការព្រួយបារម្ភខ្លាំងយ៉ាងណា យើងត្រូវតែអធិដ្ឋានធ្វើសមាធិជារៀងរាល់ថ្ងៃ យើងដឹងថាគ្រីស្តបរិស័ទភាគច្រើនមិនសូវអធិដ្ឋាន អាចថាពេលខ្លះយើងត្រូវបានមាសាតាំងល្បួងឲ្យគិតតែពីកិច្ចការរបរកស៊ីប្រចាំថ្ងៃ ស្ទើរតែភ្លេចព្រះជាម្ចាស់ក៏ដោយការអធិ​ដ្ឋាន​ពិតជាសំខាន់ណាស់ក្នុងជីវិតជាគ្រិស្តបរិស័ទ បើសិនជាយើងអាចប្រតិបត្តិអធិដ្ឋានប្រចាំថ្ងៃចំណាយពេលត្រឹមតែ១០ ឬ២០នាទីរាល់ព្រឹក ឬរិះគិតអំពីអត្ថបទព្រះគម្ពីរគឺវាល្អខ្លាំងណាស់សម្រាប់ជីវិតរបស់យើង។

ការអធិដ្ឋាន ការអានព្រះគម្ពីរដំណឹងល្អជួយឲ្យជីវិតយើងមានពន្លឺ មានកម្លាំង មានអំណរសប្បាយជានិច្ចក្នុងការបំពេញកិច្ចការប្រកាសដំណឹងល្អព្រះជាម្ចាស់ទៅដល់បងប្អូនដែលនៅជុំវិញខ្លួន តាមរយៈសេចក្តីស្រឡាញ់ តាមកិច្ចការមនុស្សធម៌ និងអំពើល្អផ្សេងៗទៀត ពេលនោះយើងនឹងដឹងថាព្រះជាម្ចាស់គង់នៅជាមួយយើងយ៉ាងប្រាកដ។

ពិតណាស់! យើងរងចាំព្រះយេស៊ូយាងមកដើម្បីធ្វើឲ្យពិភពលោកកើតសារជាថ្មីពោរពេញដោយ​យុត្ថិធម៌ សេចក្តីមេត្តា និងសេចក្តីស្រឡាញ់ ហេតុនេះសូមបងប្អូនចូលរួមរៀបចំផ្លូវថ្វាយព្រះគ្រីស្តដើម្បីកសាងពិភពលោកដែលត្រឹមត្រូវ និងពោរពេញដោយយុត្ថិធម៌។ ដូច្នេះការអធិដ្ឋានដើម្បីកសាងពិភពលោក កសាងអំពើល្អដែលពោរពេញដោយអំណរសប្បាយក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ គ្រីស្តបរិស័ទម្នាក់ គឺជាមនុស្សម្នាក់ដែលមានអំណរសប្បាយ ព្រោះយើងបានស្កាល់ព្រះយេស៊ូ ដែលជំរុញឲ្យយើងមានសេចក្តីសុខសាន្ត និងមានអត្ថន័យគ្រប់គ្រាន់នៅក្នុងជីវិតនាលោកិយ៍នេះ។

ហេតុនេះដើម្បីទទួលបានអំណរសប្បាយ សូមបងប្អូនទាំងអស់គ្នាទៅទទួលអគ្គសញ្ញាលើកលែងទោសដែលព្រះសហកមន៍បានរៀបចំឡើងនៅតាមទីតាំង ឬតាមព្រះវិហារនៅជិតបងប្អូន។ យើងជាមនុស្សទន់ខ្សោយពិតជាពិបាកក្នុងការសារភាពបាប តែសុំកុំទុកបាបទាំងនោះនៅក្នុងចិត្តរបស់រហូតទៅ សូមបងប្អូនទូលអង្វរព្រះជាម្ចាស់ឲ្យយើងមានសេចក្តីក្លាហានសារភាពសេចក្តីអាក្រក់ទាំងនេះនៅព្រះភ័ត្រ្តទ្រង់ នឹងទទួលយកការលើកលែងទោសរស់ក្នុងជីវិតថ្មីដ៏រុងរឿងរួមជាមួយព្រះអង្គ។ អាមែន

ដោយ ឆាក លាំង

Daily Program

Livesteam thumbnail