ធម្មទេសនា​របស់​លោក​អភិបាល​ ​សិលា​ ​សួន​ ​ហង្ស​លី​​អភិបាល​ព្រះ​សហគមន៍​កាតូលិក​ ​ភូមិភាគ​កំពង់ចាម


​ធម្មទេសនា​របស់​លោក​អភិបាល​ ​សិលា​ ​សួន​ ​ហង្ស​លី​
​អភិបាល​ព្រះ​សហគមន៍​កាតូលិក​ ​ភូមិភាគ​កំពង់ចាម​
​ក្នុង​អភិបូជា​អគ្គ​សញ្ញា​លាប​ថ្ងាស​ ​នៅ​ព្រះ​សហគមន៍​កាតូលិក​ ​សន្ត​យ៉ូ​សែប​ ​រតនគិរី​
    


​បងប្អូន​ជា​ទីស្រឡាញ់​!
​ថ្ងៃនេះ​ ​យើង​មាន​អំណរ​សប្បាយ​ ​ធ្វើ​អគ្គ​សញ្ញា​លាប​ថ្ងាស​។​ ​តើ​បេក្ខជន​ថ្ងៃនេះ​សប្បាយចិត្ត​ឬទេ​? ​ធម្មតា​គ្រប់​អគ្គ​សញ្ញា​ដែល​យើង​ទទួល​ ​គឺ​យើង​ទទួល​ដោយសារ​យើង​មាន​ជំនឿ​។​ ​ជំនឿ​នាំឲ្យ​យើង​ទទួល​អគ្គ​សញ្ញា​ ​ហើយ​បើ​សិន​ក្នុងចំណោម​យើង​ ​មានកូន​ខ្លះ​ជ្រមុជ​ទឹក​ពេល​នៅ​តូច​ ​នោះ​ដោយសារ​ជំនឿ​របស់​ឪពុក​ម្តាយ​ទទួល​ការអប់រំ​ ​ទទួល​អគ្គ​សញ្ញា​ព្រះ​កាយ​ព្រះ​គ្រី​ស្ត​ ​ហើយ​ទទួល​អគ្គ​សញ្ញា​លាប​ថ្ងាស​។​ ​អគ្គ​សញ្ញា​លាប​ថ្ងាស​នេះ​មក​បំពេញ​ ​ឬក៏​មក​បញ្ជាក់​ដើម្បីឲ្យ​យើង​ជា​គ្រី​ស្ត​បរិស័ទ​ពេញទី​។​ ​អ៊ីចឹង​ដោយសារ​ជំនឿ​យើង​ទទួល​អគ្គ​សញ្ញា​។​ ​ក្នុង​អត្ថបទ​គម្ពីរ​ដំណឹង​ល្អ​ថ្ងៃនេះ​ ​យើង​បាន​ស្តាប់ឮ​ ​គឺ​ក្រុម​សាវ​័​ក​គេ​ធ្វើដំណើរ​រួម​ជាមួយ​ព្រះ​យេស៊ូ​ក្នុង​ទូក​ឆ្លង​សមុទ្រ​ ​ហើយ​មាន​ខ្យល់ព្យុះ​ធ្វើឲ្យ​គេ​ភ័យ​ ​នៅ​ពេល​នោះ​ព្រះ​យេស៊ូ​ផ្ទំ​នៅ​លើ​កន្សៃទូក​ ​ក្រោយមក​គេ​ដាស់​ព្រះ​យេស៊ូ​ ​ព្រះអង្គ​ក៏បាន​គំរាម​សមុទ្រ​នោះ​ឲ្យ​ស្ងប់​។​ ​ហើយ​ព្រះ​យេស៊ូ​បាន​សួរ​គេ​៖​
​«​ហេតុអ្វីបានជា​អ្នករាល់គ្នា​ភ័យខ្លាច​ដូច្នេះ​? ​តើ​អ្នករាល់គ្នា​មិនទាន់​មាន​ជំនឿ​ទេ​ឬ​?​»​ ​ព្រះ​យេស៊ូ​បាន​សួរ​បញ្ជាក់​អំពី​ជំនឿ​របស់​ពួកគេ​។​
​នៅ​ក្នុង​អត្ថបទ​នេះ​ ​ណែ​នាំឲ្យ​យើង​គិត​អំពី​ជំនឿ​របស់យើង​ ​ពេលណា​យើង​ជឿ​លើ​ព្រះ​យេស៊ូ​។​
​ទីមួយ​៖​ ​ជំនឿ​មានន័យ​ថាឲ្យ​យើង​ទុកចិត្ត​ ​ឲ្យ​យើង​ផ្ញើជីវិត​ជាមួយនឹង​ព្រះអង្គ​។​ ​នៅ​ក្នុង​អត្ថបទ​គម្ពីរ​ដំណឹង​ល្អ​ ​ពេល​គេ​ឆ្លង​សមុទ្រ​ ​គេ​ជួប​ខ្យល់ព្យុះ​ ​ឬ​រលក​ធំ​ៗ​ ​ធ្វើឲ្យ​ទូក​ជិត​លិច​ ​នាំឲ្យ​គេ​ភ័យខ្លាច​។​ ​ប៉ុន្តែ​ ​ក្នុង​ជីវិត​របស់យើង​ក៏​ឆ្លង​ទុក្ខ​លំបាក​ជាច្រើន​ដែរ​ ​សមុទ្រ​ជា​និមិត្តរូប​នៃ​ទុក្ខ​លំបាក​ផ្សេងៗ​ ​ដែល​យើង​ឆ្លងកាត់​។​ ​ជា​កន្លែង​ដែល​ក្នុង​ព្រះ​គម្ពីរ​និយាយ​អំពី​មារ​សាតាំង​រស់នៅ​ដែល​ជា​កន្លែង​គ្រោះថ្នាក់​ ​ប៉ុន្តែ​ជីវិត​របស់យើង​ឆ្លងកាត់​ឧបសគ្គ​ជាច្រើន​។​ ​ពេល​ខ្ញុំ​មក​ទីនេះ​ ​លោក​ឪពុក​ធ្លាប់​នាំ​ខ្ញុំ​ទៅ​ថ្វាយ​អភិបូជា​នៅ​វី​ន​សៃ​។​ ​គ្រួសារ​នេះ​ ​គេ​បាន​ឆ្លងកាត់​ឧបសគ្គ​ច្រើន​ ​សម័យ​សង្គ្រាម​ ​សម័យ​ខ្មែរក្រហម​ ​ប៉ុន្តែ​គាត់​បាន​ថែរក្សា​ជំនឿ​ ​ទោះបី​អត់មាន​លោក​បូជា​ចារ្យ ​ប៉ុន្តែ​ជំនឿ​របស់​ពួកគាត់​នៅ​ជាប់​រហូតមក​ ​រហូត​បន្ត​ជំនឿ​ដល់​កូន​ៗ​ ​ហើយ​នៅ​ពេលនេះ​កូន​ៗ​មក​ទទួល​អគ្គ​សញ្ញា​ព្រះ​កាយ​ព្រះ​គ្រី​ស្ត​ ​និង​អគ្គ​សញ្ញា​លាប​ថ្ងាស​។​ ​នេះ​ជា​និមិត្តរូប​នៃ​ទុក្ខ​លំបាក​ដែល​យើង​ឆ្លងកាត់​ ​ប្រសិនបើ​យើង​មាន​ជំនឿ​ទន់ខ្សោយ​ ​យើង​អាច​លះបង់​ចោល​ជំនឿ​ ​បានជា​ព្រះ​យេស៊ូ​សួរ​ក្រុម​សាវ​័​ក​ ​តើ​អ្នករាល់គ្នា​មិនទាន់​មាន​ជំនឿ​ទេ​ឬ​? ​គេ​ភ័យខ្លាច​ ​គេ​ដាស់​ព្រះ​យេស៊ូ​ ​សូម​ព្រះអង្គ​ជួយ​គេ​។​ ​អ៊ីចឹង​នៅ​ក្នុង​ទុក្ខ​លំបាក​ដែល​យើង​ជួប​ ​ទោះបី​បញ្ហា​លំបាក​ផ្នែក​សេដ្ឋកិច្ច​ ​បញ្ហា​ការបៀតបៀន​ ​ឬក៏​យើង​ជួប​រឿង​ជាច្រើន​នៅ​ក្នុង​ជីវិត​ ​សូម​កុំ​ភ្លេច​មាន​ព្រះជាម្ចាស់​គង់នៅ​ជាមួយ​យើង​។​ ​អត្ថបទ​ដែល​យើង​បាន​ស្តាប់​ ​ព្រះអង្គ​គង់នៅ​ជាមួយ​គេ​ ​គង់​លើ​កន្សៃទូក​ហាក់ដូចជា​ព្រះអង្គ​មិន​អើពើ​ ​ប៉ុន្តែ​ ​ព្រះអង្គ​ជ្រាប​នូវ​អ្វីៗ​ទាំងអស់​។​ ​អ៊ីចឹង​ចំណុច​ទីមួយ​ ​យើង​មាន​ជំនឿ​សូមឲ្យ​យើង​ទុកចិត្ត​លើ​ព្រះជាម្ចាស់​គ្រប់​កាលៈទេសៈ​ ​ផ្ញើជីវិត​ទៅលើ​ព្រះអង្គ​ ​ដូច​យើង​កំពុង​ជិះទូក​ឆ្លង​សមុទ្រ​ទៅកាន់​ត្រើយ​ ​គឺ​ទៅកាន់​ស្ថាន​បរមសុខ​ ​ទៅកាន់​ព្រះ​រាជ្យ​របស់​ព្រះជាម្ចាស់​ ​ជា​ព្រះ​បិតា​។​

​ទីពីរ​៖​ ​ជំនឿ​គឺ​ណែ​នាំឲ្យ​យើង​មាន​សេចក្ដីក្លាហាន​ ​តែ​សាវ​័​ក​ក្នុង​អត្ថបទ​នេះ​ភ័យខ្លាច​។​ ​នៅ​ថ្ងៃនេះ​ ​យើង​ធ្វើ​អគ្គ​សញ្ញាណ​លាប​ថ្ងាស​ ​គឺ​យើង​ទទួលអំណោយ​ទាន​ទាំង​ប្រាំពីរ​នៃ​ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធ​ ​ហើយ​ក្នុង​ព្រះ​អំណោយ​ទាន​ទាំង​ប្រាំពីរ​នោះ​ ​មាន​មួយ​គឺជា​ចិត្ត​ក្លាហាន​ ​ឬ​ចិត្តអង់អាច​។​ ​ពេលណា​យើង​មាន​ជំនឿ​ ​ជឿ​លើ​ព្រះ​យេស៊ូ​ ​គឺ​នាំឲ្យ​យើង​មាន​ ​អំណោយ​ទាន​មួយ​គឺ​មានចិត្ត​ក្លាហាន​ ​អង់អាច​។​ ​ហើយ​ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធ​ដែល​យើង​ទទួល​ ​តាំងពី​ថ្ងៃ​ដែល​យើង​ទទួល​អគ្គ​សញ្ញា​ជ្រមុជ​ទឹក​ ​និង​ថ្ងៃនេះ​ទទួល​អគ្គ​សញ្ញា​លាប​ថ្ងាស​ ​គឺ​ព្រះ​វិញ្ញាណ​ប្រទាន​ឲ្យ​យើង​មាន​ព្រះ​អំណោយ​ទាន​ទាំង​ប្រាំពីរ​ ​នៅ​ក្នុង​នោះ​មាន​មួយ​គឺ​ឲ្យ​យើង​មានចិត្ត​ក្លាហាន​ ​ឬ​មានកម្លាំង​ពិសេស​ក្នុង​ការ​ដើរតាម​ព្រះ​យេស៊ូ​។​ ​សេចក្ដីក្លាហាន​នេះ​ ​គឺ​ណែ​នាំឲ្យ​យើង​ហ៊ាន​រស់នៅ​តាម​ជំនឿ​របស់យើង​ ​មាន​អធិដ្ឋាន​ ​ចូលរួម​ក្នុង​អភិបូជា​ ​យកចិត្តទុកដាក់​ស្រឡាញ់​បងប្អូន​ ​ជួយ​បងប្អូន​ដែល​រងទុក្ខ​លំបាក​ ​និង​ហ៊ាន​ប្រកាស​ជំនឿ​របស់យើង​ចំពោះ​អ្នកដទៃ​ ​ទោះបី​ជួប​ការបៀតបៀន​ ​ប៉ុន្ដែ​ ​យើង​ហ៊ាន​ប្រកាស​យើង​ជា​គ្រី​ស្ត​បរិស័ទ​ ​ហើយ​ប្រកាស​ជំនឿ​របស់យើង​ឲ្យ​គេ​ស្គាល់​។​ ​ថ្ងៃនេះ​យើង​ទទួល​អគ្គ​សញ្ញា​លាប​ថ្ងាស​ ​ខ្ញុំ​សូមឲ្យ​យើង​មាន​សេចក្ដីក្លាហាន​ ​ខ្ញុំ​គិតថា​កូន​ៗ​មាន​សេចក្តីក្លាហាន​ហើយ​ ​ដោយ​បាន​បន្ត​ជីវិត​និង​ឆ្លងកាត់​ឧបសគ្គ​ផ្សេងៗ​។​

​និង​ទីបី​៖​ ​ជំនឿ​នេះ​ណែ​នាំឲ្យ​យើង​ទាំងអស់គ្នា​មានជីវិត​រួម​រស់​ជាមួយ​ព្រះ​គ្រី​ស្ត​ ​ហើយ​ឲ្យ​យើង​មាន​របៀប​រាប់អានបងប្អូន​ឯទៀត​ៗ​តាមរបៀប​ផ្សេង​។​ ​ក្នុង​លិខិត​ទីពីរ​របស់​គ្រី​ស្ត​ទូត​ប៉ូល​ផ្ញើ​ជូន​គ្រី​ស្ត​បរិស័ទ​ក្រុង​កូ​រិន​ថូ​ស​ ​គាត់​បាន​ប្រាប់​យើង​ថា​ ​ដោយសារ​យើង​ស្គាល់​ព្រះ​គ្រី​ស្ត​ ​ដែល​មាន​ព្រះជន្ម​រស់​ឡើងវិញ​ ​យើង​មិន​រាប់អានបងប្អូន​ដូចមុន​ទៀត​ ​យើង​អត់​ស្គាល់​បងប្អូន​តាមរបៀប​មុន​ទៀត​ដែរ​ ​ប៉ុន្តែ​ ​យើង​ស្គាល់​បងប្អូន​តាមរបៀប​ថ្មី​ ​គឺ​តាមរបៀប​ព្រះ​គ្រី​ស្ត​ ​តាមរបៀប​មួយ​បង្ហាញ​អំពី​ ​ការ​រាប់អាន​ជា​បងប្អូន​ជា​ក្រុម​គ្រួសារ​តែមួយ​។​ ​សេចក្តី​ស្រឡាញ់​ ​ជា​បងប្អូន​ក្នុង​ក្រុម​គ្រួសារ​តែមួយ​ ​ដោយ​សារព្រះ​គ្រី​ស្ត​មាន​ព្រះជន្ម​រស់​ឡើងវិញ​ ​ហើយ​ជំនឿ​នេះ​ណែ​នាំឲ្យ​យើង​មាន​សេចក្តីសង្ឃឹម​ ​មានជីវិត​អស់​កល្ប​ជានិច្ច​ ​រួម​ជាមួយ​ព្រះអង្គ​។​

​នៅ​ថ្ងៃនេះ​ ​យើង​ធ្វើ​អគ្គ​សញ្ញា​លាប​ថ្ងាស​ឲ្យ​បេក្ខជន​ទាំង​ប្រាំបួន​នាក់​ ​យើង​សូម​អរ​ព្រះ​គុណ​ព្រះអង្គ​តែ​ជាពិសេស​ ​យើង​សូម​អង្វរ​ព្រះអង្គ​ប្រទាន​ឲ្យ​កូន​ៗ​ទាំងអស់​ ​ទទួល​នូវ​អំណោយ​ទាន​ទាំង​ប្រាំពីរ​យ៉ាង​ដែល​ព្រះ​វិញ្ញាណ​ប្រទាន​ឲ្យ​។​ ​សូមឲ្យ​យើង​មាន​សេចក្ដីក្លាហាន​ ​ដូច​សាវ​័​ក​ពីដើម​ ​នៅ​ក្នុង​អត្ថបទ​ទីមួយ​ដែល​យើង​បាន​ស្តាប់​ ​មុនដំបូង​គេ​ភ័យខ្លាច​ ​ជួបជុំ​នៅក្នុងផ្ទះ​ ​ហើយ​ព្រះ​វិញ្ញាណ​យាង​មក​ដូច​អ​ណ្តែ​ត​ភ្លើង​នៅ​លើ​ពួកគេ​ ​ក្រោយមក​គេ​ហ៊ាន​ចេញទៅ​ប្រកាស​ ​អ៊ីចឹង​សូមឲ្យ​យើង​មាន​សេចក្ដីក្លាហាន​ដូច​គេ​គ្រប់ពេល​វេលា​នៅ​ក្នុង​ជីវិត​។​ ​សូមឲ្យ​យើង​រស់នៅ​តាម​ជំនឿ​របស់យើង​ ​ដើម្បី​ធ្វើជា​សាក្សី​ដល់​បងប្អូន​ឯទៀត​ៗ​។​ ​សូម​ព្រះអង្គ​ស្តាប់​ពាក្យ​អង្វរ​របស់យើង​ ​និង​ប្រទាន​ឲ្យ​កូន​ៗ​បាន​ពោរពេញ​ដោយ​ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធ​ ​ពោរពេញ​ដោយ​ព្រះ​អំណោយ​ទាន​ទាំង​ប្រាំពីរ​។​ ​អា​មែន​៕​

​ព្រះ​សហគមន៍​កាតូលិក​សន្ត​យ៉ូ​សែប​ ​រតនគិរី​
​ថ្ងៃអាទិត្យ​ ​ទី​២​៣​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៤​

   ​សិលា​ ​សួន​ ​ហង្ស​លី​  
  
​អភិបាល​ព្រះ​សហគមន៍​កាតូលិក​ភូមិភាគ​កំពង់ចាម​

Daily Program

Livesteam thumbnail
khmer popup image