ថ្ងៃទី0៩ ខែតុលា ឆ្នាំ២០២៥អត្ថបទគម្ពីរ (លូកា ១១,៥-១៣)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល
បងប្អូនជាទីស្រឡាញ់! ដំណឹងល្អនៅថ្ងៃនេះព្រះយេស៊ូកំពុងបង្រៀនអំពីការអធិដ្ឋាន ព្រះអង្គលើកទឹក ចិត្ត ឲ្យយើងអធិដ្ឋានជានិច្ច ដើម្បីរំសាយចិត្តមិនល្អ ដោយជឿជាក់ថាព្រះជាម្ចាស់ស្តាប់យើង។
ពេលខ្លះយើងអធិដ្ឋានមានអារម្មណ៍ថាឯកា គិតថាព្រះជាម្ចាស់មិនឆ្លើយតបនិងពាក្យអង្វររបស់យើង ប៉ុន្តែ! មិនមែនទេ នៅក្នុងដំណឹងល្អនៅថ្ងៃនេះ ព្រះយេស៊ូលើកទឹកចិត្តយើង ឲ្យយើងអធិដ្ឋានជានិច្ច មិនត្រូវបាក់ទឹកចិត្តឡើយ។ ដូច្នេះយើងត្រូវតែមានចិត្តក្លាហាន ហ៊ានសុំពីព្រះជាម្ចាស់ កុំគិតថាព្រះជាម្ចាស់មិនខ្វល់ សូម្បីតែព្រះជាម្ចាស់ជាព្រះបិតា ទ្រង់ក៏តែងតែចាប់អារម្មណ៍ពីពាក្យទូលសុំរបស់បុត្រធីតារបស់ព្រះអង្គដែរ។ ហេតុនេះចូរយើងមានចិត្តក្លាហាន ហ៊ានសុំនឹងតស៊ូព្យាយាម មិនត្រូវបាក់ទឹកចិត្ត ឬបោះបង់ឡើយ ត្រូវតែអធិដ្ឋានម្តងហើយម្តងទៀត។
ប៉ុន្តែ! កុំសុំផ្តេសផ្តាស! ព្រះយេស៊ូមានព្រះបន្ទូលថា ព្រះជាម្ចាស់នឹងប្រទានព្រះវិញ្ញាណដ៏វិសុទ្ធ ព្រះវិញ្ញាណដ៏វិសុទ្ធជាព្រះអង្គដែលណែនាំដ៏ល្អឥតខ្ចោះ។ ពេលយើងអធិដ្ឋានសម្រាប់រឿងដែលមិនសូវសំខាន់ ដូចជាចង់បានទ្រព្យសម្បត្តិ លុយកាក់ និងរឿងទាក់ទងនឹងជីវិតខាងលោកីយ៍ នោះពិតណស់! វានឹងគ្មានប្រយោជន៍ ព្រោះព្រះយេស៊ូទ្រង់តែងរម្លឹកយើងថា អ្នកណាម្នាក់មានព្រះវិញ្ញាណដ៏វិសុទ្ធ អ្នកនោះមានអ្វីៗគ្រប់យ៉ាងទាំងអស់។
ដូច្នេះត្រូវតែសុំអ្វីខ្លះ? សុំព្រះវិញ្ញាណដ៏វិសុទ្ធ! ឲ្យយើងមានប្រាជ្ញា ឆ្លាតវៀងវៃ ឲ្យយើងចេះផ្តល់យោបល់ល្អដល់អ្នកដទៃ ឲ្យយើងចេះណែនាំជីវិតរបស់យើង ឲ្យយើងមានចិត្តក្លាហាន ហ៊ានពុះពារឧបសគ្គទាំងអស់ ហើយអាចឆ្លងកាត់ទុក្ខលំបាកនឹងរក្សាជំនឿយ៉ាងមុតមាំ ដោយមានព្រះវិញ្ញាណជាអ្នកណែនាំជីវិត និងឲ្យអ្នកដទៃទទួលបានការសង្រោះពីអង្គផងដែរ។
ដូច្នេះអ្វីទៅជាព្រះវិញ្ញាណ ព្រះវិញ្ញាណជានរណា? ដើម្បីយល់កាន់តែច្បាស់អំពីពាក្យទូលអង្វររបស់យើង សូមជឿជាក់ថាព្រះជាម្ចាស់តែងតែស្តាប់ពាក្យទូលអង្វររបស់យើង៕ អាម៉ែន