ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ អត្ថបទគម្ពីរ ម៉ាថាយ (១៣,៤៤-៤៦)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រ៉ាជេត ហាសាពូទី

បងប្អូនជាទីគោរពរាប់អាន! ក្នុងអត្ថបទព្រះគម្ពីរដំណឹងល្អនៅក្នុងថ្ងៃនេះតាមម៉ាថាយ (១៣,៤៤-៤៦) ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាអំពីកំណប់ និងពេជ្រដ៏មានតម្លៃ។ ពាក្យប្រស្នាទាំងពីរបង្ហាញអំពីតម្លៃដ៏ខ្ពស់ខ្ពង់នៃព្រះរាជ្យនៃស្ថានបរមសុខ។ ពាក្យប្រស្នាទីមួយមានបុរសម្នាក់រកកំណប់ដែលគេកប់ទុកនៅក្នុងស្រែមួយ ពេលគាត់រកឃើញហើយ គាត់ក៏លក់ទ្រព្យសម្បត្តិទាំងប៉ុន្មានដែលគាត់មានមកទិញកំណប់នោះ។ ពាក្យប្រស្នាទីពីរនិទានអំពីអ្នកជំនួញម្នាក់ដែលបានឃើញពេជ្រមួយគ្រាប់ដ៏មានតម្លៃលើសលប់ ហើយគាត់ក៏ទៅលក់អ្វីៗទាំងប៉ុន្មានដែលគាត់មានយកប្រាក់មកទិញពេជ្រនោះ។
ពាក្យប្រស្នាទាំងពីរពន្យល់សេចក្តីថា៖ “ព្រះរាជ្យនៃស្ថានបរមសុខមានតម្លៃលើសអ្វីៗទាំងអស់!” កំណប់ដែលគេកប់នៅក្នុងស្រែ និងអ្នកជំនួញគឺជានិមិត្តសញ្ញានៃព្រះរាជ្យនៃស្ថានបរមសុខ អំណរសប្បាយរបស់បុរស និងអ្នកជំនួញដែលបានរកឃើញកំណប់នោះនាំឱ្យគេលះបង់អ្វីៗទាំងអស់ ដើម្បីមានបទពិសោធន៍នៃស្ថានបរមសុខ។ ក្នុងជីវិតរស់នៅសព្វថ្ងៃនេះ និងចូលក្នុងព្រះរាជ្យនៃស្ថានបរមសុខថ្ងៃណាមួយ។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ “ចូរស្វែងរកព្រះរាជ្យរបស់ព្រះអម្ចាស់ និងសេចក្តីសុច្ចរិត របស់ព្រះអង្គជាមុនសិន ទើបព្រះអង្គប្រទានរបស់ទាំងនោះមកថែមទៀត ដ្បិតព្រះបិតាជ្រាបនៅអ្វីដែល អ្នកត្រូវការ”។
សូមអត្ថបទនេះជួយពួកយើងប្រឹងប្រែងមានសមត្ថភាពស្វែងរកព្រះរាជ្យរបស់ព្រះជាម្ចាស់លើអ្វីៗទាំងអស់សូមអត្ថបទនេះជួយណែនាំពួកយើងជ្រើសរើសអ្វីៗ ដែលនាំយើងឱ្យស្វែងរកព្រះរាជ្យរបស់ព្រះជាអម្ចាស់នៅក្នុងជីវិតនៃការរស់នៅសព្វថ្ងៃនេះ។ សូមព្រះជាម្ចាស់ប្រទានពរយើង៕
Daily Program
