ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (យ៉ូហាន១៦,១៦-២០)អត្ថាធិប្បាយគម្ពីរ លោកបូជាចារ្យ ហ្វ្រង់ស័រ​ អេមេល្សដាល

៤០ថ្ងៃក្រោយពេលព្រះយេស៊ូបានរស់ឡើងវិញ ឬ៤០ថ្ងៃក្រោយបុណ្យចម្លង និង១០ថ្ងៃមុនបុណ្យ​ព្រះវិញ្ញា​ណ​យាង​មក គឺថ្ងៃដែលព្រះអម្ចាស់យេស៊ូយាងឡើងស្ថានបរមសុខ! ព្រះយេស៊ូនៅ​លើផែនដីនេះ​អស់​រយៈ​ពេលប្រហែល៣៣ឆ្នាំ ហើយព្រះអង្គបានបង្រៀនអស់រយៈពេល៣ឆ្នាំពេលអាយុ៣០ដល់៣៣។ ឥឡូ​វ​នេះក្រោយពេលព្រះអង្គបានបំពេញបេសកកម្មរបស់ព្រះអង្គ និងបានធ្វើតាមព្រះហឫទ័យ​គ្រប់​ប្រការ​របស់​ព្រះជាម្ចាស់ ព្រះអង្គឡើងទៅស្ថានបរមសុខរួមរស់ជាមួយព្រះជាម្ចាស់។

ហេតុអ្វី​ព្រះយេ​ស៊ូ​ធ្វើដូច្នេះ? ពីព្រោះព្រះយេស៊ូជឿទុកចិត្តលើយើងម្នាក់ៗឱ្យយើងបន្តកិច្ចការ និង​ការ​ប្រៀន​​​ប្រដៅរបស់ព្រះអង្គចំពោះអ្នកដទៃ។ យើងដូចជាវត្តមានរបស់ព្រះយេស៊ូនៅក្នុងលោកនេះ ព្រះ​សហគមន៍​ក៏ជាព្រះកាយរបស់ព្រះយេស៊ូ! ជាដៃ ជាជើងនិងជាមាត់របស់ព្រះអង្គចំពោះអ្នកដទៃ។ ព្រះយេ​ស៊ូ​មាន​ព្រះបន្ទូល​នៅថ្ងៃនេះឱ្យយើងទៅប្រកាសដំណឹងល្អ និងធ្វើពិធីជ្រមុជទឹកឱ្យអស់អ្នកជឿ។

ដូច្នេះពិតជា​អស្ចារ្យ​មែនព្រះយេស៊ូជឿទុកចិត្តលើក្រុមគ្រីស្តទូត ទោះបីក្រុមគ្រីស្តទូតលះ​បង់ចោល​ព្រះយេ​ស៊ូ​នៅ​ពេល​ដែលព្រះអង្គត្រូវគេឆ្កាង ប៉ុន្តែព្រះយេស៊ូបានលើកលែងទោសឱ្យគេ និងបានប្រោសប្រទាន​សេចក្តី​សុខ​សាន្ត ហើយជឿទុកចិត្តលើគេ។ ព្រះអង្គមិនបោះបង់យើងចោលទេ! តាមពិតព្រះយេស៊ូមាន​ព្រះ​បន្ទូល​សន្យាថានឹងប្រោសប្រទានកម្លាំងដែលចុះពីស្ថានបរមសុខគឺព្រះវិញ្ញាណដ៏វិសុទ្ធ។ ព្រះវិញ្ញាណ​ដ៏​វិសុទ្ធដែលជាព្រះអង្គទីបីម្យ៉ាងនៃព្រះត្រៃឯកព្រះអង្គដែលជួយការពារ ជួយប្រៀនប្រដៅ​ឱ្យយើង​ស្គាល់​ព្រះជាម្ចាស់កាន់តែច្បាស់ និងប្រោសឱ្យយើងជាជនដ៏វិសុទ្ធ ​បង្រៀនយើងពីខាងក្នុ​ងឱ្យយើងស្គាល់​ព្រះជា​ម្ចាស់​ ផ្តល់កម្លាំងឱ្យយើងស្រឡាញ់ដូចព្រះជាម្ចាស់ និង​ប្រោស​ឱ្យយើងក្លាយជាជនដ៏វិសុទ្ធ។

ម្យ៉ាងទៀតព្រះយេស៊ូជឿទុកចិត្តយើង ព្រោះព្រះជា​ម្ចាស់​នឹងធ្វើអ្វីៗទាំងអស់សម្រាប់យើង ព្រះជា​ម្ចាស់​បាន​ចាប់ផ្តើមអ្វីៗទាំងអស់ឱ្យយើងទទួលការសង្គ្រោះ ប៉ុន្តែ​យើងត្រូវតែជួយខ្លួនឯងដែរ​គឺយើងត្រូវតែ​ចូល​រួម​នៅក្នុងការសង្គ្រោះរបស់ខ្លួនឯងដូចសន្តអូគូស្ទីនធ្លាប់និយាយថា​ ព្រះជាម្ចាស់បានបង្កើតយើង ប៉ុន្តែ​អត់​បានសុំយោបល់ពីយើង ហើយព្រះជាម្ចាស់​មិន​សង្គ្រោះ​អ្នកប្រសិនបើអ្នកមិនចង់ទទួលការ​សង្គ្រោះ។

ដូច្នេះជីវិតរបស់យើងមានអត្ថន័យមានគោលដៅច្បាស់លាស់ ពីព្រោះយើងជាបុត្រធីតារបស់ព្រះជាម្ចាស់ និងមានតួនាទីជួយរៀបចំព្រះរាជ្យរបស់ព្រះជាម្ចាស់ដែលមាន​ព្រះវិញ្ញាណដ៏វិសុទ្ធជួយគាំទ្រ៕

Daily Program

Livesteam thumbnail