ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ អត្ថបទគម្ពីរ ម៉ាកុស ៤,២១-២៥អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល

អត្ថបទថ្ងៃនេះព្រះយេស៊ូទ្រង់បានប្រៀបយើងដូចជាចង្កៀងដែលបំភ្លឺអ្នកដទៃ ព្រោះយើងម្នាក់ៗទទួល​បាន​ទ្រព្យសម្បត្តិពីព្រះអង្គ យើងទទួលបានជំនឿ យើងទទួលបានសេចក្តីស្រឡាញ់។ ហេតុនេះ​យើង​ត្រូវ​តែ​ផ្សព្វ​ផ្សាយជំនឿនេះ និងផ្តល់សេចក្តីស្រឡាញ់នេះដល់អ្នកដទៃ។ នៅពេលដែលយើងចែកជំនឿ ចែក​សេចក្តី​ស្រឡាញ់ ប្រៀបដូចយើងពង្រឹងជំនឿនេះ និងពង្រឹងសេចក្តីស្រឡាញ់កាន់តែ​ខ្លាំងឡើង​ៗដូច្នោះ​ដែរ។​

ឧបមាថាពេលខ្ញុំបង្រៀនអប់រំជំនឿ ខ្ញុំត្រូវតែរៀនអំពីជំនឿ ដូច្នេះខ្ញុំពង្រឹងជំនឿរបស់ខ្ញុំ។ ពេលគេសួរ ខ្ញុំ​ត្រូវ​តែ​ចេះឆ្លើយ រីសេចក្តីស្រឡាញ់ក៏ដូចគ្នាដែរ ពេលខ្ញុំចែកពេលវេលា ចែកទ្រព្យសម្បត្តិដល់អ្នកដទៃ គេ​អរគុណខ្ញុំ ហើយពេលខ្លះគេធ្វើឱ្យល្អចំពោះខ្ញុំវិញ ពិតប្រាកដមែន។ ដូច្នេះ ខ្ញុំទទួលបានសេចក្តី​ស្រឡាញ់​ច្រើន​មកវិញដូចគ្នា។

ហេតុនេះយើងត្រូវតែដឹងខ្លួនអំពីទ្រព្យសម្បត្តិដែលយើងទទួលបាន ជំនឿ និងសេចក្តីស្រឡាញ់។ បើ​សិន​ជា​​​យើង​ចែកជំនឿ និងសេចក្តីស្រឡាញ់ យើងពង្រឹងជំនឿ និងសេចក្តីស្រឡាញ់របស់យើង។ ផ្ទុយទៅវិញ បើសិនជាយើងទុកជំនឿ និងសេចក្តីស្រឡាញ់សម្រាប់តែខ្លួនខ្ញុំ ឬក្រុមគ្រួសាររបស់ខ្ញុំ ខ្ញុំមិនអាចរីកចម្រើន​បាន​ទេ។

ដូច្នេះ សូមឱ្យយើងជាគ្រិស្តបរិស័ទ ធ្វើជាគ្រូអប់រំជំនឿ ពិសេសធ្វើជាសាក្សីនៃជំនឿនៅក​ន្លែង​ដែល​យើង​រស់​នៅ ហើយធ្វើតាមអ្វីដែលយើងអាចធ្វើបាន យើងចែកសេចក្តីស្រឡាញ់ដល់អ្នកដទៃ ដើម្បីទៅជា​បុត្រ​ធីតា​ពិតប្រាកដរបស់ព្រះជាម្ចាស់៕

 

Daily Program

Livesteam thumbnail