ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (ម៉ាថាយ៥,១៧-១៩)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ផាន បូរី

នៅក្នុងអត្ថបទដំណឹងល្អនៅក្នុងថ្ងៃនេះគេបានសួរល្បងព្រះយេស៊ូគឺគេសួរព្រះយេស៊ូថា តើវិន័យណាសំខាន់ជាគេ? សំណួររបស់គេតាមពិតគេដឹងហើយ ប៉ុន្តែគេចង់រកមធ្យោបាយចាប់កំហុសព្រះយេស៊ូ។ ព្រះយេស៊ូព្យាយាមឆ្លើយនឹងសំណួររបស់គេ ព្រះអង្គបានឆ្លើយថា៖ ជនជាតិអ៊ីស្រាអែលអើយ! ចូរស្តាប់! ត្រូវគោរពព្រះជាម្ចាស់ជាព្រះរបស់អ្នកឱ្យអស់ពីកម្លាំងកាយ អស់ពីកម្លាំងចិត្ត អស់ពីស្មារតី និងវិន័យទីពីរត្រូវស្រឡាញ់បងប្អូនឯៗទៀតឱ្យដូចស្រឡាញ់ខ្លួនឯង។
នៅក្នុងវិន័យទីមួយព្រះយេស៊ូបានរំលឹកអស់អ្នកជឿទាំងឡាយឱ្យជឿថា ព្រះជាម្ចាស់ជាព្រះដែលបង្កើតអ្វីៗទាំងអស់នៅក្នុងពិភពលោកនេះ សូម្បីតែជីវិតរបស់យើងក៏ជាស្មាមព្រះហស្តដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ដែល ព្រះអង្គបានបង្កើតយើងឱ្យមានរូបមានរាង ហេតុនេះពេលព្រះជាម្ចាស់បានបង្កើតអ្វីៗទាំងអស់ឱ្យយើងមានរូបមានរាងត្រូវតែអរព្រះគុណព្រះជាម្ចាស់ និងត្រូវតែស្រឡាញ់ព្រះជាម្ចាស់ដូចបងប្អូនគ្រីស្តបរិស័ទបងប្អូនតែងតែទៅព្រះវិហារ។
បងប្អូនតែងតែអធិដ្ឋាន និងយកពេលអានព្រះបន្ទូលគឺដោយសារបងប្អូនជឿលើព្រះជាម្ចាស់! ហេតុនេះវិន័យទីមួយគឺស្រឡាញ់ព្រះជាម្ចាស់! ព្រះអង្គគឺជាស្នូលនៃជំនឿរបស់យើង។ បងប្អូនគ្រីស្តបរិស័ទ បងប្អូនត្រូវដឹងថា ប្រសិនបើបងប្អូនជឿលើព្រះជាម្ចាស់! បងប្អូនត្រូវតែខិតខំចូលរួមថ្វាយអភិបូជា ចូលរួមអធិដ្ឋាន បង្ហាញធម៌មេត្តាករុណា និងរស់នៅឱ្យបានល្អក្នុងឋានៈអ្នកជឿលើព្រះជាម្ចាស់។ ប្រសិនបើបងប្អូនទៅព្រះវិហារ ដោយពឹងលើអ្វីមួយផ្សេងក្រៅពីព្រះជាម្ចាស់ជំនឿរបស់បងប្អូនមិនមាំមួនទេ។ ប៉ុន្តែប្រសិនបើយើងស្រឡាញ់ព្រះជាម្ចាស់ និងជាប់ជាមួយព្រះអង្គទោះបីមានឧបសគ្គយ៉ាងណាក៏ដោយយើងនៅតែស្រឡាញ់ព្រះជាម្ចាស់ យើងនៅតែថ្វាយបង្គំព្រះជាម្ចាស់ និងនៅតែស្វែងរកព្រះជាម្ចាស់។
វិន័យទីពីរត្រូវស្រឡាញ់បងប្អូនឯៗទៀតឱ្យបានដូចស្រឡាញ់ខ្លួនឯង! វិន័យនេះនៅពេលខ្លះស្រួលនិយាយ ក៏ប៉ុន្តែនៅពេលយើងចាប់ផ្តើមអនុវត្តពិតជាមិនងាយស្រួលដូចការនិយាយទេ ជូនកាលយើងខឹងគេ ជូនកាលយើងស្អប់គេ ជូនកាលយើងមិនចូលចិត្តអ្នកនេះ អ្នកនោះដែលនាំឱ្យពិភពលោករបស់យើងមានសង្គ្រាម មានអំពើហឹង្សាដែលកំពុងតែកើតមានឡើងកាប់សម្លាប់គ្នា ដោយសារយើងមានចិត្តអាត្មានិយម។ ពេលណាយើងមានចិត្តអាត្មានិយមនាំឱ្យយើងអត់មានសេចក្តីសុខ គឺយើងគិតតែអំពីខ្លួនឯង។
ហេតុនេះសុំឱ្យគ្រីស្តបរិស័ទទាំងអស់យកវិន័យពីរនេះដែលជាឫសគល់សំខាន់ សម្រាប់ជីវិតរបស់យើងគឺត្រូវស្រឡាញ់ព្រះជាម្ចាស់ជាព្រះរបស់យើងឱ្យអស់ពីកម្លាំងកាយកម្លាំងចិត្ត និងអស់ពីស្មារតីរបស់យើង។ សុំទុកពេលសម្រាប់ព្រះជាម្ចាស់ និងស្រឡាញ់បងប្អូនឯទៀតៗទោះបីពិបាកសូមឱ្យយើងចេះខិតខំស្រឡាញ់អ្នកដទៃ និងចំណុចចុងក្រោយដែលលោកពុកចង់ចែកគឺសូមឱ្យយើងជាគ្រីស្តបរិស័ទចេះរស់នៅដោយពឹងទៅលើព្រះជាម្ចាស់ ហើយឱ្យជំនឿរបស់ខ្ញុំមានការរីកចម្រើន ហើយឱ្យខ្ញុំចេះមានទំនាក់ទំនងរវាងខ្ញុំ និងព្រះជាម្ចាស់។
ហេតុនេះយើងទូលអង្វរព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធសូមព្រះអង្គគង់នៅជាមួយយើង ដើម្បីឱ្យយើងមានកម្លាំងស្រឡាញ់ព្រះអង្គ និងស្រឡាញ់បងប្អូនឯទៀតៗឱ្យបានដូចស្រឡាញ់ខ្លួនឯងដែរ។ អាម៉ែន៕
Daily Program
