ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (លូកា ២,៤១-៥១)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន

ជម្រាបសួរបងប្អូនជាទីស្រឡាញ់! ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានមកជួបបងប្អូននៅថ្ងៃសៅរ៍ ទី២៨ ខែមិថុនានេះ គឺជាថ្ងៃបុណ្យព្រះបេះដូងដ៏និម្មលរបស់ព្រះនាងម៉ារី។ បុណ្យនេះ​ធ្វើឱ្យ​ខ្ញុំ​មាន​អំណរ​សប្បា​យ និងចែកជាមួយបងប្អូននូវរឿងអស្ចារ្យ គឺសេចក្តី​អស្ចារ្យ​ដែលព្រះជាម្ចាស់​សព្វព្រះហឫទ័យ​ត្រាស់​ហៅព្រះនាងម៉ារីធ្វើជាមាតាព្រះជាម្ចាស់! ធ្វើជាមាតានៃមនុស្សលោក!។

ម្តាយម៉ារីជាអ្នកបម្រើដ៏សាមញ្ញម្នាក់ តាមរយៈព្រះនាងម៉ារីធ្វើឱ្យយើងបានស្គាល់ព្រះបុត្រាព្រះអង្គ គឺ​ព្រះ​យេ​ស៊ូ​​ដែលជាគង្វាលដ៏សប្បុរស។ ថ្ងៃនេះចូលយើងអរព្រះគុណព្រះអង្គ​ដែលសព្វព្រះហឫទ័យ​ត្រាស់ហៅ​ស្រ្តីធ្វើជាមាតាដែលមានជីវិតជឿលើព្រះជាម្ចាស់ និងបន្ទាបខ្លួនជាស្រ្តីដ៏សាមញ្ញម្នាក់។ នេះជាកា​រអ​ស្ចារ្យ​មែន! ព្រះជាម្ចាស់បានទតមើលព្រះនាងម៉ារីជាអ្នកបម្រើដ៏សាមញ្ញដែលមានចិត្តសុភាពរាបសារ គោរព​កោ​ត​​​សរសើរព្រះជាម្ចាស់។

នៅពេលយើងបានជួបព្រះយេស៊ូ យើងបានដឹងថាព្រះអង្គ​ជាគង្វាលដ៏សប្បុរសបានបង្ហាញ​សេចក្តី​ស្រ​​ឡា​ញ់​តាមថែរក្សា​ តាមរកកូនចៀមនៅពេល​​រកឃើញ​ព្រះអង្គលើដាក់ស្មា។ នេះបង្ហាញឱ្យឃើញថា បុណ្យ​ព្រះ​បេះ​ដូងដ៏និម្មលរបស់ព្រះនាងម៉ារី និងព្រះយេស៊ូជាគង្វាលដ៏សប្បុរសមានបេះដូងស្រឡាញ់ អាណិត​អា​សូរ​ចៀមដែលវង្វេងពេលណារកឃើញព្រះអង្គក៏បានលើចៀមនោះដាក់លើស្មា ដើម្បី​​ឱ្យកូន​ចៀម​នោះ​បាន​មក​ជួបហ្វូងចៀមវិញ។

តាមព្រះបន្ទូលដំណឹងល្អ ពេលដែលក្រុមគ្រួសាររបស់ព្រះយេស៊ូមកក្រុងយេរ៉ូសាឡឹម ពេលនោះ​ចប់​ពិ​ធី​បុណ្យ រួចក៏ធ្វើដំណើរត្រឡប់ទៅផ្ទះវិញ ព្រះនាងម៉ារីនិងលោកយ៉ូសេបសួរគ្នាថា ឃើញកុមារយេស៊ូអត់? លោក​យ៉ូសេប និងព្រះនាងម៉ារីបានចំណាយពេលបីថ្ងៃដើម្បីដើររកព្រះយេស៊ូ ទីបំផុតបានឃើញ​ព្រះយេ​ស៊ូ​នៅ​ក្នុងព្រះវិហារកំពុងជួបជាមួយបូជាចារ្យបណ្ឌិតនៅក្នុងព្រះវិហារ នៅពេលនោះព្រះនាងម៉ារីសួរ ម្តេច​បាន​កូនធ្វើដូចនេះ? ហ្នឹងព្រះយេស៊ូឆ្លើយថា ម្តាយឪពុកមិនដឹងទេឬកូនត្រូវនៅក្នុងដំណាក់ព្រះជាម្ចាស់!  ព្រះនាងម៉ារីស្ងៀមស្ងាត់ ហើយទុកសេចក្តីនេះនៅក្នុងចិត្ត។

យើងឃើញព្រះនាងម៉ារីនៅក្បែរព្រះយេស៊ូនៅពេលជាប់ឈើឆ្កាង នៅទីនោះហើយដែលព្រះយេស៊ូបាន​ផ្ញើ​ម្តាយទៅលោកយ៉ូហានដ៏ជាទីស្រឡាញ់របស់គាត់ ហើយព្រះយេស៊ូក៏ប្រាប់ទៅលោកយ៉ូហានថា នេះ​ជា​ម្តាយ​របស់អ្នក។ សេចក្តីស្រឡាញ់ដែលព្រះនាងម៉ារីមាន ព្រះយេស៊ូមានដូចគ្នា បេះដូង​ដ៏និម្មល​ទាំង​ពីរ​នៃ​សេចក្តី​ស្រឡាញ់នេះ នាំឱ្យលោកយ៉ូហានទទួលព្រះនាងម៉ារីជាម្តាយ ហើយយើ​ង​ក៏ដូចលោកយ៉ូហានដែរ យើងបានទទួលព្រះនាងម៉ារីធ្វើជាមាតាយើង និងព្រះនាងម៉ារីជាម្តាយនៃព្រះជាម្ចាស់៕

 

Daily Program

Livesteam thumbnail