ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦អត្ថបទគម្ពីរយ៉ូហាន ១០,១១-១៨អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យគ្លេន ឌីយ៉ាស (MHM)
នៅក្នុងព្រះគម្ពីរទាំងពីរដែលយើងបានឮនៅថ្ងៃនេះ គឺនិយាយអំពីការសង្គ្រោះ? តើអ្នកណាខ្លះដែលទទួលបានការសង្គ្រោះ? នៅក្នុងអត្ថបទទី១ ច្បាស់ណាស់តាមរយៈសន្តសិលាបានបង្រៀនយើងថា ការសង្គ្រោះសម្រាប់បងប្អូនទាំងអស់ មិនចេះរើសអើងទ្បើយ តាមរយៈព្រះយេស៊ូ សាសន៍ដទៃដែលពីមុនយើងគិតថាអត់បានទទួលបានការសង្គ្រោះ អាចប្រែចិត្តគំនិតដើម្បីទទួលបានការសង្គ្រោះបានដែរ។
ទោះបីយើងមិនមែនជាជនជាតិយូដាក៏ដោយ ក៏យើងអាចទទួលបានការសង្គ្រោះបាន ដោយសារជំនឿយើងលើព្រះយេស៊ូ នេះជាអ្វីដែលសំខាន់ក្នុងជីវិតជាគ្រីស្តបរិស័ទ។ យើងបានទទួលការសង្គ្រោះ ដូច្នេះហើយព្រះយេស៊ូបានប្រៀនប្រដៅយើង កុំរើសអើងនរណាម្នាក់ទ្បើយ មិនថាអ្នកនោះជាមនុស្សបាបក៏គាត់អាចទទួលបានការសង្គ្រោះបានតាមរយៈព្រះយេស៊ូ។
យើងស្គាល់ច្បាស់អំពីអត្តសញ្ញាណព្រះយេស៊ូ ព្រះយេស៊ូគឺជាគង្វាលដ៏ល្អ ផ្សេងពីគង្វាលដែលទទួលប្រាក់ខែ ដោយសារព្រះយេស៊ូបានបូជាជីវិតសម្រាប់យើងទាំងអស់គ្នា ព្រះយេស៊ូបានបូជាព្រះជន្មដើម្បីឲ្យយើងទទួលបានការសង្គ្រោះ។ នេះជារបៀបដែលយើងត្រូវធ្វើដែរ យើងយកព្រះយេស៊ូជាគំរូ ពេលយើងបម្រើ ពេលយើងបង្កើតទំនាក់ទំនងជាមួយអ្នកដទៃ កុំរើសអើង គាត់គ្រីស្តបរិស័ទឬមិនមែនគ្រីស្តបរិស័ទ ក៏ជាមនុស្សដែលព្រះជាម្ចាស់ស្រឡាញ់ ដូចព្រះជាម្ចាស់ស្រឡាញ់យើងដែរ។
នៅថ្ងៃនេះ យើងត្រូវចេះរបៀបរស់នៅតាមព្រះយេស៊ូ ព្រះយេស៊ូបានត្រាស់ហៅយើងទៅក្លាយជាគង្វាលដ៏ល្អតាមរបៀបព្រះអង្គ នៅក្នុងក្រុមគ្រួសាររបស់យើង ប្រសិនបើយើងមានកូន យើងមានក្មួយ យើងគឺជាឪពុកនិងម្ដាយ យើងត្រូវចេះណែនាំពួកគាត់ ដើម្បីឲ្យពួកគាត់តាមគន្លងរបស់ព្រះយេស៊ូ ឲ្យពួកគាត់ត្រលប់មកព្រះវិហារវិញ ឲ្យពួកគាត់ស្គាល់ព្រះយេស៊ូតាមរយៈយើង។
ទីពីរ យើងត្រូវការលុបបំបាត់ការរើសអើងមនុស្ស យើងត្រូវស្រឡាញ់បងប្អូនឯទៀតៗដូចព្រះជាម្ចាស់ស្រឡាញ់យើង កុំមើលគាត់ជាអ្នកបាប កុំគិតថាគាត់មិនទៅព្រះវិហារ សម្រាប់ព្រះយេស៊ូគ្រីស្ត គាត់គឺជាបុត្រធីតារបស់ព្រះអង្គ គាត់មានឱកាសដើម្បីទទួលបានការសង្គ្រោះដូចគ្នា។ ខ្ញុំសង្ឃឹមថានៅថ្ងៃនេះ ជាថ្ងៃមួយពិសេសសម្រាប់យើង ដើម្បីឲ្យយើងកែប្រែចិត្តគំនិត ដើម្បីឲ្យយើងទៅក្លាយជាសាក្សីអំពីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះយើង ក្រោយមកទៀត យើងចែករំលែកសេចក្ដីស្រឡាញ់នោះចំពោះអ្នកដទៃ ចំពោះបងប្អូនទាំងអស់ដែលមិនទាន់ស្គាល់ព្រះយេស៊ូដែរ៕