ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥អត្ថបទគម្ពីរ (លូកា ១១,១-១៣)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ គង់ វៀល

ជីវិតរបស់យើងមានហេតុ មានផលនេះគឺជាមេរៀនជីវិត​ដែលព្រះពុទ្ធសាសនា និងគ្រីស្តបរិស័ទមានហេតុ មានផល អ្នកណាធ្វើល្អបានល្អ អ្នកណាធ្វើអាក្រក់បានអាក្រក់។ នៅពេលដែលយើង​អានអត្ថបទ​ទី​មួយ​ថ្ងៃនេះ មនុស្សដែលមានអាកប្បកិរិយាទង្វើមិនល្អត្រូវតែទទួលរង្វាន់នៃមនុស្សអាក្រក់គឺនៅស្ថាននរក។ ប៉ុន្តែ​ថ្ងៃនេះមានដំណឹងល្អគឺព្រះអង្គយាងមកដើម្បីសង្គ្រោះមនុស្សយើងពីអំពើបាប បើយើងគិតតែ​បាបកម្ម​របស់​យើងពិបាកមែនទែន ដោយសារយើងឃើញជីវិតរបស់យើងអត់មានផ្លូវសង្គ្រោះទេ ប៉ុន្តែ​មាន​ដំណឹង​ល្អ​មួយគឺព្រះអង្គយាងមកដើម្បីសង្គ្រោះយើងអំពើបាបរបស់យើង។

នេះជាដំណឹងល្អដែលព្រះអង្គបង្រៀនឱ្យយើងរៀនសូត្រធម៌ឱព្រះបិតាគឺដើម្បីសុំឱ្យព្រះបិតាលើកលែងទោសឱ្យយើង។ នៅពេលដែលយើងមានទោសព្រះអង្គនឹងលើកលែងទោសឱ្យយើង លោកប៉ូលគាត់​បាន​និយាយថា ព្រះអង្គបានលុបបញ្ជាដែលចោទប្រកាន់់ទោសនឹងយើងតាមធម្មវិន័យនោះចោល គឺព្រះអង្គ​បាន​រំដោះយើងឱ្យមានសេរីភាពឡើងវិញ។ នៅពេលដែលយើងបានព្រះពរពីព្រះជាម្ចាស់​យើងត្រូវតែ​ចែក​ព្រះពរជាមួយអ្នកដទៃ ហើយនេះជាអំណរសប្បាយរបស់យើង។

បងប្អូន! ប្រសិនបើយើងសុំព្រះពរពីព្រះអង្គ ព្រះអង្គនឹងប្រទានព្រះពរឱ្យយើង ទោះបីយើង​ត្រូ​វ​តែទទួល​ទារុណ​កម្មដោយសារអំពើអាក្រក់របស់យើង។ បើយើងសុខចិត្តកែប្រែចិត្តគំនិត យើង​សុខចិត្តកែប្រែរបៀប​រស់​នៅ​របស់យើង យើងអាចកើតជាថ្មីពាក់អាវសដែលព្រះអង្គបានស្ថាបនាឡើង​វិញនៅពេលដែល​យើង​ទទួល​អគ្គសញ្ញាលាងបាប អគ្គសញ្ញាជ្រមុជទឹក ដែលធ្វើឱ្យយើងកើតជាថ្មី  ហើយគ្រប់ពេលវេលាដែល​បង​ប្អូន​ទៅទទួលអគ្គសញ្ញាស្រាយបាប ព្រះអង្គធ្វើឱ្យយើងទទួលភាពដ៏វិសុទ្ធសារជាថ្មីម្តងទៀត។

ដូច្នេះបងប្អូនសុំឆ្លៀតឱកាសថ្ងៃនេះដើម្បីទៅរកព្រះអង្គ ទោះបីបងប្អូនគិតថាជីវិតរបស់បងប្អូនពិបាក ជីវិត​របស់បងប្អូនអត់ល្អ ទំលាប់អាក្រក់ចូរបងប្អូនមានជំនឿ និងសេចក្តីសង្ឃឹមថា បងប្អូនអាចកែប្រែជីវិតបាន ហើយ​កើតជាថ្មីក្នុងព្រះនាមព្រះយេស៊ូគ្រីស្ត។ ដូច្នេះបងប្អូនចូរមានសេចក្តីសង្ឈឹមឡើងវិញ ចូរក្រោក​ឡើង​ទៅ​ព្រះវិហារ ដើម្បីថ្វាយបង្គំព្រះជាម្ចាស់!  រីករាយថ្ងៃអាទិត្យ៕

Daily Program

Livesteam thumbnail