ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (ម៉ាថាយ ៧,២១-២៩)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល

របៀបរស់នៅរបស់គ្រីស្តបរិស័ទពិតប្រាកដគឺ​ប្រៀបដូចជាមនុស្សម្នាក់ដែលកសាងផ្ទះរបស់ខ្លួននៅ​លើផ្ទាំង​ថ្ម​មិនមែននៅលើខ្សាច់។ មានន័យថាបើយើងចេះតែអធិដ្ឋាន ហើយនឹងទូលអង្វរព្រះអង្គដោយ​មិនប្រព្រឹត្ត​កិច្ចការ ហើយមិនព្រមធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់! នោះជីវិតរបស់យើង​នឹងរលំពេលដែល​យើង​​​នឹងជួបទុក្ខលំបាក។ ជីវិតខាងវិញ្ញាណរបស់យើងដូចជាគ្មានឫសឱ្យជ្រក នោះយើងនិងបោះ​បង់​ព្រះ​ជា​ម្ចាស់ចោល។ ប៉ុន្តែប្រសិនបើយើងស្តាប់ព្រះបន្ទូល​ នឹងប្រតិបត្តិតាមពិតប្រាកដដោយ​ប្រព្រឹត្ត​កិច្ចការ ធម៌មេត្តាករុណាចំពោះអ្នកដទៃនោះជំនឿរបស់យើងនឹងរឹងមាំ។

ទោះជាមាន​ឧបសគ្គ​​យ៉ាង​ណាក៏ដោយយើងនឹងឆ្លងកាត់ឧបសគ្គទាំងអស់! ដោយ​សារយើងមានបទ​ពិសោ​ធន៍​​ជាក់​ស្តែង​អំ​ពីវត្ត​​មានរបស់ព្រះជាម្ចាស់។ ពេលយើងប្រព្រឹត្តកិច្ចការចំពោះអ្នកដទៃជាពិសេស​ចំពោះ​​អ្នក​តូចតាចយើងនឹង​ជួបព្រះយេស៊ូ ដែលនឹងធ្វើឱ្យជំនឿរបស់យើងកាន់តែរឹងមាំ។ ប៉ុន្តែ! ប្រសិនបើ​យើង​​ចេះ​​តែ​ស្តាប់ព្រះបន្ទូលតែមិនអនុវត្តតាម មានន័យថាយើងមិនជឿទេ។ តាមពិតអ្នកមានជំនឿអ្នក​នោះ​ប្រតិ​បត្តិ និងប្រព្រឹត្តកិច្ចការពិតប្រាកដមែន!  ការនោះយើង​នឹងពង្រឹងជំនឿ​ថែម​ទៀត។

អត្ថបទដំណឹងល្អនៅថ្ងៃនេះរំលឹកយើងថា ទោះបីយើងជាគ្រីស្តបរិស័ទ យើង​ត្រូវតែ​ត្រៀម​ខ្លួនជួប​​ឧបសគ្គ​នៅ​ក្នុងជីវិតរបស់យើង គ្មាននរណាគេចផុតពីទុក្ខលំបាកនៅលើលោកនេះទេ។ ​ប្រសិន​បើយើងមា​ន​ទំនាក់​ទំនង​ជាមួយព្រះយេស៊ូដោយអធិដ្ឋាន ស្តាប់ព្រះបន្ទូល នឹងប្រព្រឹត្តកិច្ចការ ទោះ​ពេល​យើងមានទុក្ខលំបាក តែ​អំណរសប្បាយរបស់យើងនៅតែខ្លាំងជាង ព្រោះយើងធ្វើតាម​ព្រះហឫ​ទ័យរ​បស់ព្រះយេស៊ូ។ បើ​យើ​ងធ្វើ​តាម​ព្រះហឫទ័យរបស់ព្រះអង្គ ខ្ញុំដឹងថាព្រះជាម្ចាស់គង់នៅជាមួយយើង នេះជាអ្វីដែលសំខាន់ជាងគេ៕

Daily Program

Livesteam thumbnail