ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (ម៉ាថាយ ១៣,២៤-៣០)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន

ថ្ងៃនេះខ្ញុំមានសេចក្តីសោមនស្សរីករាយ! នៅថ្ងៃសៅរ៍ ទី២៦ ខែកក្កដានេះ ជាថ្ងៃរំលឹកដល់លោកយ៉ូហាគីម និងហាណ្ណាដែលត្រូវជាឪពុកម្តាយរបស់ព្រះនាងម៉ារី។ នេះពិតជាមានអំណរសប្បាយ​មែនទែន​ដែលយើង​បាន​ស្គាល់ជីដូនជីតារបស់ព្រះយេស៊ូ នេះជាអំណរសប្បាយមួយដែលជួយឱ្យយើង​យល់ថា​ព្រះជាម្ចា​ស់​​​បានត្រាស់ហៅម្តាយម៉ារីដោយសារតែឪពុកម្តាយរបស់ព្រះនាងគឺជាអ្នកជឿ និងផ្ញើជីវិតលើព្រះជាម្ចាស់។

ព្រះបន្ទូលថ្ងៃនេះព្រះយេស៊ូក៏បានបញ្ជាក់ថា មានសុភមង្គល មានអំណរសប្បាយ​ហើយ​អ្នក​ដែល​បាន​មើល​ឃើញ និងបានស្តាប់ឮព្រះបន្ទូលរបស់ព្រះជាម្ចាស់!  សម្រាប់ខ្ញុំជាបូជាចារ្យ​នេះជា​អំណរ​សប្បាយ​នៅពេលដែលខ្ញុំបានចូលនៅក្នុងព្រះសហគមន៍។ ព្រះសហគមន៍បានធ្វើជាមហាគ្រួសាររបស់ខ្ញុំ នៅ​ពេល​នោះ​ហើយដែលនាំឱ្យខ្ញុំមានព្រះសហគមន៍ជាទីពឹង ខ្ញុំមានព្រះបន្ទូល និងព្រះគ្រីស្តជាទីពឹងក្នុង​ជីវិត​របស់​ខ្ញុំ​។ សេចក្តីទាំងនេះធ្វើឱ្យជីវិតរបស់ខ្ញុំ​និងអ្នកដទៃ បានទទួលគ្រាប់ពូជនៃការណែនាំ នៃ​ការចូលរួម​ក្នុង​ព្រះសហគមន៍ គ្រាប់ពូជនេះបាននាំខ្ញុំមកជួបបងប្អូនសព្វថ្ងៃនេះ ខ្ញុំក្លាយជាអ្នកនាំដំណឹងល្អ​ធ្វើជា​ទូត​របស់​ព្រះជាម្ចាស់គឺជាការចែករំលែក ការណែនាំ និងការផ្តល់ក្តីសង្ឃឹម។

ដូចបងប្អូនបានជ្រាបស្រាប់ហើយ ដំណើរក្នុងលោកនេះមានឧសបគ្គច្រើន អំណរសប្បាយក៏ច្រើន ប៉ុន្តែ​ឧបសគ្គ​នោះធ្វើឱ្យផ្លូវនៃដំណើរជីវិតរបស់យើងដូចជាអស់សង្ឃឹម។ ប្រសិនបើយើងអត់មានព្រះយេស៊ូនៅ​ក្នុងជីវិតរបស់យើងទេអ្វីដែលយើងបានធ្វើ អ្វីដែលយើងមានមួយប៉ព្រិចភ្នែកអាចបាត់បង់​ដោយសារតែ​សង្គ្រាម​ដូចនៅប្រទេសអ៊ីស្រាអែល អ៊ីរ៉ងដែលប្រឈមសង្គ្រាមដាក់គ្នាគ្មានអ្វីនៅសល់។

នេះជាសេចក្តីមួយអាក្រក់ណាស់ ធ្វើឱ្យយើងបាត់បង់អ្វីដែលខ្លួនមាន អ្វីដែលខ្លួនស្រឡាញ់ គ្រប់ក្រុម​គ្រួសារ​ប្រទេសជាតិទៅជាផេះក្នុងមួយប៉ព្រិចភ្នែក និងថ្ងៃនេះឱ្យយើងដឹងថាអំណរសប្បាយយើង ដែល​យើង​បានស្តាប់ឮ​ដំណឹងល្អនាំឱ្យយើងទទួលជីវិតនៅក្នុងលោកនេះទៅ​ឯព្រះបិតា ធ្វើឱ្យ​យើង​ឃើញ​ថា យើង​​អត់មានសត្រូវ តែយើងទៅជាបងប្អូននឹងគ្នា។ សំណួរសួរថា ហេតុអ្វីបានជាយើងចង់ឈ្លោះគ្នា? ហេតុ​អ្វីយើងចង់ឈ្នានីសគ្នា អ្វីដែលយើងមានមិនចេះចែកគ្នារស់នៅជាបងប្អូន តែបែរជា​ចង់ឈ្នះ​ចង់​ចាញ់​ទៅវិញ? នៅលើលោកនេះគ្មានអ្វីដែលជាកម្មសិទ្ធផ្ទាល់ខ្លួនទេ! ដូច្នេះសង្រ្គាមធ្វើឱ្យយើងបាត់បង់​សេចក្តី​ស្រឡាញ់ នឹងធ្វើឱ្យយើងមិនអាចរួបរួមក្នុងព្រះជាម្ចាស់។

ខ្ញុំសូមអធិដ្ឋានសូមទូលអង្វរព្រះជាម្ចាស់ដើម្បីឱ្យមេដឹកនាំទាំងនៅប្រទេសអ៊ីស្រាអែល នៅលីបង់ រុស្ស៊ី អ៊ុយក្រែយ និងនៅប្រទេសដទៃទៀតដែល​កំពុងតែមានជម្លោះសូមឱ្យយើង​ចេះបែរមុខរកគ្នា​ប្រសើរ​ជាង​បែរ​អាវុធដាក់គ្នា។ សូមព្រះវិញ្ញាណជួយឱ្យចិត្តគំនិតរបស់យើងជាចិត្តគំនិតដែលចេះស្រឡាញ់ ចេះមេត្តា ចេះអាណិតអាសូរគ្នាទៅវិញទៅមកតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ អាម៉ែន៕

Daily Program

Livesteam thumbnail