ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (លូកា ១,៥៧-៦៦.៨០)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី

បាទជម្រាបសួរបងប្អូនជាទីស្រឡាញ់! ថ្ងៃអង្គារទី២៤ ខែមិថុនានេះ គឺជាថ្ងៃខួបកំណើតរបស់សន្តយ៉ូហានបាទីស្ត។ តាមធម្មតានៅក្នុងព្រះសហគមន៍ថ្ងៃដែលប្រារព្ធបុណ្យរបស់សន្តបុគ្គលនីមួយៗភាគច្រើនជាថ្ងៃបុណ្យសពដែលគេចាត់ទុកថាជាថ្ងៃកំណើតនៅក្នុងស្ថានបរមសុខរបស់សន្តបុគ្គលនីមួយៗ ដែលអាចចាត់ទុកបានថាជាង៩០%។ ប៉ុន្តែសម្រាប់សន្តយ៉ូហានបាទីស្ត គឺមានទាំងពីរថ្ងៃគឺថ្ងៃកំណើតផង និងថ្ងៃស្លាប់ផង។
ថ្ងៃនេះជាថ្ងៃមួយដែលយើងអបអរសាទរសន្តយ៉ូហានបាទីស្តជាថ្ងៃកំណើតរបស់លោក យ៉ូហានបាទីស្តជាសន្តបុគ្គលមួយរូបដែលចូលនៅក្នុងគម្រោងការណ៍នៃការសង្គ្រោះរបស់ព្រះជាម្ចាស់! ជាស្ពាននៃសម្ព័ន្ធមេត្រីចាស់ ដែលបាននាំដំណឹងល្អប្រាប់បងប្អូននៅជំនាន់នោះឱ្យគេត្រៀមចិត្តគំនិតទទួលស្វាគមន៍ព្រះសង្គ្រោះនឹងយាងមក។ លោកយ៉ូហានក៏បានឃើញកូនចៀមរបស់ព្រះជាម្ចាស់គឺព្រះយេស៊ូគ្រីស្ត! ហើយក្លាយទៅជាអ្នកដែលធ្វើតាមព្រះបន្ទូលនៃសេចក្តីស្រឡាញ់របស់ព្រះអង្គ។
ដូច្នេះកំណើតរបស់លោកយ៉ូហានបាទីស្តមានន័យថា លោកមកក្នុងលោកនេះផ្តល់សេចក្តីសង្ឃឹមឱ្យមនុស្ស ជាពិសេសនៅក្នុងគ្រួសាររបស់គាត់ឱ្យក្លាយទៅជាគ្រួសារដែលមានមោទនភាព។ ចំណុចនេះលោកពុកសូមសំណូមពរទាំងអស់គ្នាដែលជាកូនចៅសុំឱ្យខ្លួនក្លាយទៅជាអំណោយទាន ជាអំណរសប្បាយរបស់ព្រះជាម្ចាស់នៅក្នុងក្រុមគ្រួសារ។ សូមកូនៗជួយស្តាប់បង្គាប់ឪពុកម្តាយ មានចិត្តសុភាពរាបសារ និងបំពេញតួនាទីរបស់ខ្លួនឲ្យបានល្អ។
សន្តយ៉ូហានបាទីស្តជាគំរូល្អសម្រាប់យើងម្នាក់ៗ នៅព្រះសហគមន៍សន្តយ៉ូសេបផ្សារតូចក៏មានមណ្ឌលយ៉ូហានបាទីស្តមួយដែរ ដែលជាមណ្ឌលមួយសម្រាប់រំលឹកដល់សន្តយ៉ូហានបាទីស្ត និងការបង្កើតមណ្ឌលនេះឡើង ដើម្បីអប់រំឱ្យកូនៗមានគុណភាពល្អ រីកចម្រើនឡើងមានការអភិវឌ្ឍខ្លួនជាមោទនភាពរបស់គ្រួសារ និងព្រះសហគមន៍របស់ពួកគេ។ ជីវិតរបស់សន្តយ៉ូហានបាទីស្តជួយឱ្យយើងបានឃើញថា លោកជាផ្នែកមួយនៃគម្រោងការណ៍របស់ព្រះជាម្ចាស់! មិនថាលោកធ្វើតួនាទីណាក៏ដោយលោកបំពេញតួនាទីនោះបានយ៉ាងល្អ។
ចំណុចនេះសូមឱ្យបងប្អូនរិះគិតថា យើងជាអំណោយទានរបស់ព្រះជាម្ចាស់ដែរ យើងជាអំណរសប្បាយរបស់ព្រះអង្គដែលចែកចាយឱ្យអ្នកដទៃ ដំណឹងល្អដែលយើងបានទទួល គឺដំណឹងល្អសម្រាប់អ្នកដទៃដែរ។ ដូច្នេះសុំឱ្យយើងកើតទៅជាអំណរសប្បាយសម្រាប់អ្នកដទៃ ជាដំណឹងល្អសម្រាប់អ្នកដទៃដូចលោកយ៉ូហានបាទីស្ត ដែលជាដំណឹងល្អដើម្បីត្រៀមឱ្យមនុស្សទាំងអស់ទទួលដំណឹងល្អពីព្រះយេស៊ូគ្រីស្តមកនៅក្នុងជីវិតរបស់ពួកគេ។
សូមព្រះជាម្ចាស់ប្រទានពរឱ្យបងប្អូន និងសុំឱ្យសន្តយ៉ូហានបាទីស្តជាគំរូរបស់បងប្អូន និងជួយអង្វរព្រះជាម្ចាស់សម្រាប់យើងទាំងអស់គ្នាផងដែរ។ អាម៉ែន៕
Daily Program
