ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (យ៉ូហាន ១៥,១២-១៧)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ផាន បូរី

នៅក្នុងអត្ថបទគម្ពីរដំណឹងល្អនៅក្នុងថ្ងៃនេះគេសួរព្រះយេស៊ូ តើវិន័យណាសំខាន់ជាងគេ? និងព្រះយេស៊ូមានព្រះបន្ទូលថា៖ វិន័យដែលសំខាន់ជាងគេគឺ “ត្រូវស្រឡាញ់គ្នាទៅវិញទៅមកដូចខ្ញុំបានស្រឡាញ់អ្នក រាល់គ្នាដែរ”។ ទីមួយខ្ញុំចង់ចែកជាមួយបងប្អូនគឺ “សេចក្តីស្រឡាញ់” ពេលណាយើងមានសេចក្តីស្រឡាញ់ យើងអត់គិតអំពីផលប្រយោជន៍ខ្លួនឯងទេ។ ពេលណាយើងស្រឡាញ់យើងគិតពីផលប្រយោជន៍អ្នកដទៃ ពេលណាយើងស្រឡាញ់គេ! ពិតប្រាកដទោះបីពេលខ្លះមានការឈឺចុកចាប់ ឬមានពេលខ្លះលំបាកក៏មិនអីដែរ។
ព្រះយេស៊ូនូវតែប្រទានសេចក្តីល្អ អំណរសប្បាយឱ្យយើងប្រសិនបើយើងចេះបើកចិត្តដើម្បីស្រឡាញ់! មានន័យថា ព្រះយេស៊ូចង់ឱ្យយើងធ្វើជាសេចក្តីស្រឡាញ់ដ៏ប្រាកដឥតក្លែងក្លាយជាសេចក្តីដូចព្រះយេស៊ូស្រឡាញ់ដោយព្រះអង្គសុខចិត្តបូជាជីវិតថ្វាយបុត្រធីតារបស់ព្រះអង្គ។ ទោះបីព្រះយេស៊ូដឹងថាលោកយូដាសអ៊ីស្កាយុបានក្បត់ព្រះអង្គក៏ព្រះអង្គនៅតែស្រឡាញ់គេរហូតដល់ចុងក្រោយ គេដឹងថាអ្វីដែលគេបានធ្វើគឺខុសក៏ព្រះយេស៊ូនៅតែបន្តលើកលែងទោសឱ្យគេដែរ។ សេចក្តីស្រឡាញ់នេះជាសេចក្តីស្រឡាញ់ដែរនាំឱ្យមនុស្សធ្វើតាមបង្គាប់ព្រះយេស៊ូ។ ពេលណាយើងចេះធ្វើតាមបង្គាប់ព្រះយេស៊ូ ពេលនោះនឹងនាំឱ្យពិភពលោកទាំងមូលមានសុខសន្តិភាពចំពោះគ្នានិងគ្នា។
សេចក្តីស្រឡាញ់ដែលជ្រៅបំផុតគឺជាសេចក្តីស្រឡាញ់ដែរចេះលះបង់ លះបង់ពេលវេលារបស់យើង លះបង់ទ្រព្យសម្បត្តិរបស់យើង លះបង់ចំណេះដឹងរបស់យើង និងលះបង់អ្វីៗជាច្រើនទៀតដែលយើងគិតថាយើងឱ្យទៅដោយមិនមែនការស្តាយក្រោយទេ។ ហេតុនេះប្រសិនបើយើងមានសេចក្តីស្រឡាញ់ពិតប្រាកដ។
ចំណុចទីពីរគឺធ្វើតាមព្រះបន្ទូលរបស់ព្រះយេស៊ូ ព្រះអង្គមានព្រះបន្ទូលថា បើអ្នកស្រឡាញ់អ្នកត្រូវធ្វើតាមពាក្យរបស់ខ្ញុំ ពាក្យរបស់ព្រះយេស៊ូប្រសិនបើយើងស្រឡាញ់យើងត្រូវចេះលើកលែងទោសឱ្យគ្នាទៅវិញទៅមក។ អ្វីដែលព្រះយេស៊ូធ្វើគឺការលើកលែងទោស យើងម្នាក់ៗជាមនុស្សតែងតែមានកំហុសចំពោះគ្នា និងគ្នាក៏ប៉ុន្តែនៅពេលដែលយើងធ្វើខុសយើងត្រូវដឹងថា ពិតមែនព្រះជាម្ចាស់យល់ព្រមឱ្យយើងកែប្រែចិត្តគំនិត យល់ព្រមឱ្យយើងផ្សះផ្សារជាមួយគ្នានឹងគ្នា យល់ព្រមឱ្យយើងចេះបង្រួបបង្រួមគ្នាឡើងវិញ។ ប្រសិនបើយើងមានសេចក្តីស្រឡាញ់ពិតប្រាកដ ហើយប្រសិនបើយើងចង់ធ្វើតាមព្រះបន្ទូលរបស់ព្រះយេស៊ូ។
ចំណុចទីបី មិនមែនអ្នករាល់គ្នាទេដែលបានជ្រើសរើសខ្ញុំគឺខ្ញុំទេតើដែលបានជ្រើសរើសអ្នករាល់គ្នា និងចាត់ឱ្យអ្នករាល់គ្នាទៅប្រកាសដំណឹងល្អ។ បងប្អូនជាទីស្រឡាញ់នៅពាក្យចុងក្រោយនេះព្រះយេស៊ូមានព្រះបន្ទូលយ៉ាងច្បាស់ថាព្រះអង្គបានជ្រើសរើសយើង ព្រះអង្គស្រឡាញ់យើង និងព្រះអង្គប្រគល់មុខងារឱ្យយើងទៅប្រកាសដំណឹងល្អឱ្យយើងទៅផ្សះផ្សារ ឱ្យយើងទៅកសាងសន្តិភាព ឱ្យយើងទៅរកអស់បងប្អូនដែលមិនទាន់ស្គាល់ព្រះយេស៊ូ ដើម្បីឱ្យគេស្គាល់ព្រះយេស៊ូដូចយើងដែរ៕
Daily Program
