ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ អត្ថបទគម្ពីរ (លូកា ១៥,១-៣.១១-៣២)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន ស៊ុន

ថ្ងៃនេះជាថ្ងៃដែលព្រះសហគមន៍គោរពគ្រីស្តទូតសិលា គ្រីស្តទូតសិលាគឺជាសម្តេចប៉ាបដើមដំបូង​ដែល​ព្រះ​យេ​ស៊ូបានត្រាស់ហៅគាត់ និងបានប្រគល់កូនសោរគឺជាអ្វីដែលលោកសិលាបាន​ចងនៅលើ​ផែន​ដី និង​ស្រាយ​នៅលើផែនដីនេះស្របតាមអ្វីដែលព្រះជាម្ចាស់ក៏ចង និងស្រាយនៅលើផែនដីដែរ។

ដំបូងនៅពេល​ដែល​ព្រះយេស៊ូនិយាយទៅសិលាថា៖ “សិលាតើលោកថាខ្ញុំគឺជានរណា?” លោកសិលា បានឆ្លើយទៅព្រះយេស៊ូថា៖  “ព្រះអង្គគឺជាព្រះគ្រីស្តជាព្រះបុត្រារបស់ព្រះជាម្ចាស់!” ចម្លើយនេះបានធ្វើ ឱ្យព្រះយេស៊ូឆ្លើយទៅលោកសិលាវិញថា៖ “សិលាអ្វីដែលអ្នកបានឆ្លើយមិនមែនម​កពី​សិលា​​ផ្ទាល់ ប៉ុន្តែជា ព្រះជាម្ចាស់ជាព្រះបិតារបស់ខ្ញុំដែលបាន​នាំ​ឱ្យលោកដឹងអំពីសេចក្តីនេះ”។

ថ្ងៃនេះព្រះសហគមន៍ធ្វើបុណ្យលើកតម្កើងគ្រីស្តទូត​សិលាដែលជាកូនរបស់លោកស៊ីមន ហើយ​ព្រះយេស៊ូ​ក៏​ធ្លាប់សួរលោកសិលាដូច្នេះថា តើសិលាស្រឡាញ់ខ្ញុំជាងស្រឡាញ់អ្នកដទៃទេ! ព្រះយេស៊ូក៏បន្តថា​សូម​មើលថែហ្វូងចៀមរបស់ខ្ញុំសេចក្តីនេះព្រះយេស៊ូបានសួរទៅលោកសិលាបីដង។ ធ្វើ​ឱ្យលោកសិលាទាំងឆ្ងល់ ទាំងភ័យទាំងខ្លាច ហេតុអីបានព្រះយេស៊ូសួរសំណួរថា តើខ្ញុំស្រឡាញ់ទ្រង់លើសអ្នកឯទៀតឬទេ? រាល់​ពេល​ដែលលោកសិលាជម្រាបទៅព្រះអង្គវិញថា ព្រះអង្គជ្រាបស្រាប់ហើយថា​ខ្ញុំស្រឡាញ់​ព្រះអង្គ!។

ចាប់តាំងពីលោកសិលារហូតមកដល់សម្តេចប៉ាបហ្វ្រង់ស្វ័រ ឬហ្វ្រង់ស៊ីស្កូសព្វថ្ងៃនេះគឺទី ២៦៦ ដូច្នេះ​ជា​ការអស្ចារ្យមែនទែនដែលព្រះសហគមន៍យើងមានប្រវត្តិសាស្រ្ត។ បន្ទាប់ពីព្រះយេស៊ូគឺលោកសិលា​ដែល​​បានធ្វើជាសម្តេចប៉ាបដំបូងរហូតដល់បច្ចុប្បន្នភាពនេះមាន២៦៦អង្គដែលធ្វើជាសម្តេចប៉ាប។ ដូច្នេះ​ព្រះ​សហគមន៍យើងមានប្រវត្តិនិងការប្រត្តិបត្តិជំនឿគឺមានមូល​ដ្ឋាន​ដែល​ជាតំណែង​របស់​ព្រះយេ​ស៊ូ។

លក្ខ​ណៈ​​ដែលព្រះយេស៊ូឱ្យធ្វើជាគង្វាដ៏ល្អនោះ គឺជា​គង្វា​ដែល​ពោរ​ពេញទៅ​ដោយទឹក​ចិត្តដ៏ល្អ​គឺការស្ម័គ្រ​ចិត្ត​បម្រើព្រះសហគមន៍ធ្វើជាគង្វាដែលជាគំរូល្អ ធ្វើ​ជា​គង្វាដែលមិនអាត្មានិយម ជា​គង្វាដែល​មិនមែនជា​ចៅ​ហ្វាយនាយ​ដល់​ព្រះសហគមន៍ដល់អ្នកដទៃ។ លក្ខណៈសម្បត្តិដែលព្រះយេស៊ូណែនាំឱ្យក្រុមគ្រីស្តទូត​ក្រុមសាវ័ករបស់​ព្រះអង្គ​គឺធ្វើឱ្យមនុស្សទាំងអស់ដើរតាមតាមគន្លងធម៌របស់ព្រះអង្គ! ព្រះយេស៊ូ​តែង​​តែ​អញ្ជើញ និង​ត្រាស់​ហៅយើង សូមលីឈើឆ្កាងរបស់ខ្លួន ហើយដើរតាមខ្ញុំ។

យើងឃើញថាទីព្រឹក្សារបស់សម្តេចប៉ាប លោក​អភិបាល លោកបូជាចារ្យ បងប្រុសបងស្រីនៅក្នុង​ព្រះសហ​គមន៍គឺ​មានការរស់នៅក្នុងការថ្វាយខ្លួន បូជាខ្លួនដូចព្រះយេស៊ូ។ នៅថ្ងៃគោរពសន្តសិលាថ្ងៃនេះសូមឱ្យបង​ប្អូនទាំងអស់មានអំណរសប្បាយ និងមានសទ្ធាជ្រះថ្លាឱ្យយើងផ្ញើជីវិតធ្វើជាអ្នកគង្វា ព្រោះយើង​បាន​ទទួលបុណ្យជ្រមុជទឹក ហើយយើងត្រូវព្រះយេស៊ូត្រាស់ហៅយើងគ្រប់ៗ​គ្នាឱ្យយើងទៅជាអ្នក​គង្វា​ដូច​លោកសិលាដែរ។

ដូច្នេះសុំជូនពរបងប្អូន សុំឱ្យបងប្អូនមានអំណរសប្បាយសេចក្តីសង្ឃឹម ជាពិសេស​សេចក្តី​​ស្រឡាញ់​បម្រើ​ព្រះ​សហគមន៍របស់ព្រះអង្គដូចសន្តសិលាអាម៉ែន៕

Daily Program

Livesteam thumbnail