ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ អត្ថបទគម្ពីរ ម៉ាថាយ (១២, ៤៦-៥០)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី

បាទជម្រាបសួរបងប្អូនជាទីមេត្រី និងជាទីស្រឡាញ់! ថ្ងៃនេះជាពេលវេលាដែលយើងអាច​រិះគិតអំពី​ភាព​ស្និទ្ធ​ស្នាលជាមួយព្រះយេស៊ូដែលព្រះអង្គបានរាប់យើងចូលក្នុងគ្រួសាររបស់ព្រះអង្គ។ តើអ្នកណា​ជា​ប​ង​ប្អូន ជាគ្រួសាររបស់ព្រះអង្គ? ព្រះបន្ទូលថ្ងៃនេះមកពីម៉ាថាយ (១២,៤៦-៥០) ពេលព្រះយេស៊ូជួប​ជុំ​បង​ប្អូន ជួបជុំអ្នកជឿ និងជួបជុំសាវ័ករបស់ព្រះអង្គ នៅពេលនោះមានគេប្រាប់ព្រះយេស៊ូថាមានម្តាយ និង​បង​ប្អូន​ជីជូនមួយមកជួបព្រះអង្គ។

ព្រះអង្គឈ្លៀតឱកាសនោះបង្រៀនបណ្តាជន និងបង្រៀនយើងថា អ្នកដែលជាម្តាយ និងបងប្អូន​របស់​ព្រះ​អង្គ​គឺអ្នកដែលធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គ។ ព្រះយេស៊ូអត់បានបញ្ជាក់ពីបិតា ឬឳពុកទេ​ដោយ​សារ​យើង​ដឹងថា បិតាឬឪពុករបស់ព្រះយេស៊ូពិតប្រាកដគឺព្រះអម្ចាស់ ហើយអ្នកនៅក្រោមនឹងគឺ​អ្នក​ដែល​សុខ​ចិត្ត​ជឿឆ្លើយតបនឹងគម្រោងការណ៍របស់ព្រះអង្គដូចជាសន្តយ៉ូសែប ព្រះនាងម៉ារី និង​ក្រុម​សាវ័ក។

បងប្អូន! ឱ្យតែយើងស្តាប់ពាក្យបន្ទូល និងអនុវត្តតាមព្រះយេស៊ូព្រះអង្គនឹងរាប់យើងជាបងប្អូន ជាគ្រួសារ​របស់​ព្រះអង្គហើយ។ ដូច្នេះគ្រួសាររបស់ព្រះអម្ចាស់ដែលយើងអាចឃើញ​សព្វថ្ងៃនេះគឺយើងឃើញនៅក្នុង​ជីវិត​ព្រះសហគមន៍។ ព្រះសហគមន៍គឺជាកន្លែងមួយដែលស្រួលជាងគេក្នុងការអនុវត្តតាមព្រះយេស៊ូគ្រីស្ត ព្រះសហគមន៍គឺជាកន្លែងមួយដែលយើងអាចឃើញបងប្អូនរបស់ព្រះយេស៊ូគ្រីស្តនៅក្នុងនឹង ដោយសារ​យើង​ទាំងអស់គ្នាដើរតាមព្រះអង្គ។ មិនគ្រាន់តែយើងជ្រមុជទឹកចប់ទេ តែជីវិតរបស់យើង​គឺជាការ​រស់​នៅ​តាម​ព្រះបន្ទូលរបស់ព្រះអង្គ។ ដូច្នេះមិនថាជាតិសាសន៍ណា ប្រទេសណាឱ្យតែយើងមានជីវិតនៅ​ក្នុង​ព្រះសហគមន៍យើងជាបងប្អូន យើងជាក្រុមគ្រួសារដ៏ធំមួយដែលមាននៅក្នុងជីវិតរបស់យើងសព្វថ្ងៃនេះ រហូតដល់យើងធ្វើដំណើរទៅជួបព្រះយេស៊ូ ជួបព្រះបិតា ជួបអស់ជនដ៏វិសុទ្ធទាំងអស់នៅស្ថានបរមសុខ នៅពេលនោះយើងបានឃើញគ្រួសារដ៏ពិតប្រាកដរបស់ព្រះជាម្ចាស់។

ដូច្នេះជីវិតនៅក្នុងព្រះសហគមន៍ត្រូវតែជានិមិត្តរូប ធ្វើយ៉ាងម៉េចដើម្បីឱ្យឃើញ​ព្រះបន្ទូលដែល​មាន​ជីវិត​នៅ​ក្នុងព្រះសហគមន៍? ដូច្នេះជារឿងមួយដែលលោកពុកសុំឱ្យបងប្អូននៅគ្រប់ទីកន្លែង​ដែលជាគ្រីស្ត​បរិស័ទ​ធ្វើយ៉ាងម៉េចឱ្យគេឃើញគ្រីស្តបរិស័ទ គេឃើញព្រះបន្ទូលរបស់ព្រះអម្ចាស់ គេឃើញ​អ្វី​ដែល​ព្រះយេ​ស៊ូ​បានបង្រៀន ឃើញសេចក្តីស្រឡាញ់ ឃើញការលើកលែងទោស ឃើញចិត្តមេត្តាករុណាដែលព្រះអង្គ​បាន​បង្រៀនយើងធ្វើរហូតដល់ពួកគាត់ទទួលស្គាល់ថា ឃើញយើង ឃើញគ្រួសារ និងឃើញព្រះយេស៊ូ៕

Daily Program

Livesteam thumbnail