ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦អត្ថបទគម្ពីរ (យ៉ូហាន ៦,៣០-៣៥)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី
ជម្រាបសួរបងប្អូនជាទីស្រឡាញ់! យើងជួបគ្នាក្នុងសប្ដាហ៍ទី៣ ថ្ងៃអង្គារនៃរដូវបុណ្យចម្លង ។
តើបងប្អូនស្គាល់ពាក្យថា "ម៉ាណា"ទេ? ម៉ាណាជាពាក្យមួយនៅក្នុងសម្ព័ន្ធមេត្រីចាស់នៅពេលដែល ពួកជនជាតិអ៊ីស្រាអែលកំពុងធ្វើដំណើរទៅកាន់សេរីភាព។ ពួកគាត់ខ្វះខាតម្ហូបអាហារ លោកម៉ូសេបានប្រាប់ឲ្យពួកគាត់ចេញពីជំរំហើយទៅរើសលក្ខណៈជាសំឡីសមួយនៅតាមដី ដើម្បីប្រមូលទុកប្រើប្រាស់ហូប។ នេះជាម្ហូបដែលជនជាតិអ៊ីស្រាអែលតែងឆ្ងល់ ហើយមិនដឹងថាមកពីណាយើងហៅថា "ម៉ាណា"។ ដូច្នេះពាក្យម៉ាណាមានន័យថា "នេះជាអ្វី?" ដោយសារពួកគាត់អត់ស្គាល់ទេថាវាជាអ្វីមកពី ណាទើបពួកគាត់ប្រើភាសារបស់គាត់ថា "ម៉ាណា" ។ ហើយនំម៉ាណាក្លាយទៅជា"នំ អី គេ" មានន័យថាជានំមួយដែលពួកគាត់តែងតែទទួលការចិញ្ចឹមជីវិតនៅក្នុងវាលរហោស្ថានរហូតដល់គាត់ចូលទឹកដីដ៏វិសុទ្ធ ទើបនំម៉ាណាហ្នឹងបានអស់ ។
នេះជាព្រឹត្តិការណ៍ដ៏អស្ចារ្យដែលព្រះយេស៊ូចង់បញ្ជាក់ថា នំម៉ាណាដែលចិញ្ចឹមបុព្វបុរសរបស់ជនជាតិយូដាឱ្យរស់មានជីវិតហ្នឹងគឺមកពីព្រះបិតារបស់ព្រះអង្គ។ ឥឡូវនេះព្រះបិតាតែមួយនោះឯងចាត់ ម្ហូបអាហារដែលផ្ដល់ជីវិតឱ្យយើងទាំងអស់គ្នានោះគឺព្រះ យេស៊ូគ្រីស្ត។
បងប្អូនសម្រាប់យើងតាមអត្ថន័យដែលគ្រីស្តបរិស័ទកាតូលិកទទួលស្គាល់ព្រះកាយឬ ហៅថានំព្រះកាយ ដែលយើងទទួលសព្វថ្ងៃនេះ ជាម្ហូបមកពីឋានបរមសុខដែរ សម្រាប់យើងជំនាន់ថ្មីៗនេះ ។
ដូច្នេះ បងប្អូនគ្រីស្តបរិស័ទយើងមានសំណាងល្អមានសុភមង្គលណាស់ ពីព្រោះយើងបានទទួលមិនមែន តែនំអ្វីឬ នំម៉ាណា ប៉ុន្តែជាព្រះយេស៊ូគ្រីស្តផ្ទាល់ដែលប្រទានឱ្យយើង។ សូមបងប្អូនរក្សាទំនាក់ទំនងជាមួយព្រះយេស៊ូគ្រីស្តឱ្យជាប់។ ការអធិស្ឋានតាមរយៈអភិបូជាជាឱកាសមួយដែលបងប្អូនអាចទទួល ព្រះកាយបានគឺនំព្រះកាយនេះឯងបានចិញ្ចឹមជីវិតខាងផ្លូវវិញ្ញាណឱ្យគ្រីស្តបរិស័ទជួបជាមួយព្រះយេស៊ូរហូត។
អ្នកជំងឺអ្នកចាស់ជរាតាមផ្ទះកុំអៀនខ្មាសក្នុងការសុំឱ្យលោកបូជាចារ្យឱ្យទទួលព្រះកាយទៅឱ្យពួកគាត់នៅ តាមផ្ទះដោយសារនេះជាម្ហូបខាងផ្លូវវិញ្ញាណដ៏ល្អ។ សូម្បីតែមនុស្សដែលជិតស្លាប់យើងអាចទទួលនំ ព្រះកាយនោះបានយើងហៅថា ព្រះកាយស្បៀង ដើម្បីឱ្យគាត់អាចមានកម្លាំងទៅជួបព្រះអម្ចាស់ យេស៊ូគ្រីស្តនៅពេលជីវិតខាងមុខនោះបាន។
ដូច្នេះ ព្រះកាយរបស់ព្រះអង្គក៏ដូចជា នំម៉ាណានៅជំនាន់ថ្មីសម្រាប់យើងជាអាហារដែលផ្ដល់ជីវិតដូច ព្រះបន្ទូលរបស់ព្រះអង្គដែរ។ សូមឱ្យបងប្អូនខិតខំទៅចូលរួមអភិបូជានិងទទួលព្រះកាយយ៉ាងញឹកញាប់ ផងដែរ។ សូមព្រះជាម្ចាស់ប្រទានពរឱ្យអស់បងប្អូន!