ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥អត្ថបទគម្ពីរ (យ៉ូហាន១៤,២៧-៣១)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី

បាទជម្រាបសួរបងប្អូនជាទីស្រឡាញ់! យើងចូលនៅក្នុងសប្តាហ៍ទី៥នៃរដូវបុណ្យចម្លងព្រះយេស៊ូប្រទានសេចក្តីសុខសាន្តឱ្យយើង។ បងប្អូនចាំនៅពេលដែលព្រះយេស៊ូបង្ហាញឱ្យក្រុមសាវ័កឃើញព្រះអង្គមានព្រះបន្ទូលអ្វីមុនគេ? គឺព្រះអង្គមានព្រះបន្ទូលថា៖ “សូមបងប្អូនមានសេចក្តីសុខសាន្ត សូមឱ្យសេចក្តីសុខសាន្តនឹងនៅជាមួយក្រុមសាវ័ក”។
នៅពេលយើងចាប់ផ្តើមអភិបូជា បើបងប្អូនចាំលោកពុកតែងតែយកសេចក្តីសុខសាន្តរបស់ព្រះជាម្ចាស់ឱ្យយើង ឬជូនពរនៅពេលចុងបញ្ចប់អភិបូជាក៏អញ្ជើញទៅដោយសេចក្តីសុខសាន្តដែរ។ ដូច្នេះសេចក្តីសុខសាន្តជាអ្វីមួយដែលជាអំណរទានដែលព្រះជាម្ចាស់ចង់ប្រទានឱ្យយើង ហើយអំណរសប្បាយគឺជាសេចក្តីសុខសាន្តដែលមកពីជំនឿ។
បងប្អូនដឹងពេលសម្តេចប៉ាបមានព្រះបន្ទូលដំបូងគឺ “សុំឱ្យបងប្អូនមានសេចក្តីសុខសាន្ត” ហើយព្រះអង្គព្យាយាមបញ្ជាក់ ឬបង្ហាញថាកិច្ចការរបស់សម្តេចប៉ាប និងគ្រីស្តបរិស័ទទាំងអស់គឺ៖ “ការផ្តល់សេចក្តីសុខសាន្តឱ្យគ្នាទៅវិញទៅមក”។ សម្តេចប៉ាបអធិដ្ឋានដំបូងពេលទេវទូតនាំសារឱ្យព្រះនាងម៉ារីនៅទីក្រុងរ៉ូមសម្តេចប៉ាបបានសំណូមពរ នឹងសុំឱ្យអ្នកដឹកនាំនៅហ្កាហ្សារវាងប្រទេសប៉ាគីស្ថាន ឥណ្ឌា និងប្រទេសអ៊ុយក្រែនឲ្យព្យាយាមដោះស្រាយបញ្ហាដោយយកសេចក្តីសុខសាន្តសម្រាប់ពិភពលោករបស់យើង។ ដូច្នេះអំណរសប្បាយដែលបានកើតឡើងពេលសង្រ្គាមត្រូវបានបញ្ជប់ជាមួយគ្នា។
បាទបងប្អូនជាទីស្រឡាញ់! យើងអរគុណសន្តិភាពដែលបានប្រទានឱ្យកម្ពុជាមិនមានសង្គ្រាម ប៉ុន្តែសង្គមរបស់យើងត្រូវតែរក្សាការគោរពគ្នាទៅវិញទៅមក ការអនុវត្តតាមច្បាប់យ៉ាងល្អដើម្បីឱ្យយើងរស់នៅជាមួយគ្នាដោយសុខសាន្ត។ សម្រាប់យើងជាគ្រីស្តបរិស័ទព្រះយេស៊ូចង់ជំរុញឱ្យបងប្អូនដែលជាគ្រីស្តបរិស័ទសូមចែកចាយសេចក្តីសុខសាន្តតាមជំនឿតាមកិច្ចការដែលបងប្អូនអាចធ្វើបាន ដោយសារនេះជាអំណរសប្បាយមកពីបុណ្យចម្លង។
ព្រះយេស៊ូចង់ឱ្យយើងរស់នៅដោយសេចក្តីសុខសាន្ត និងមានក្តីសង្ឃឹមជានិច្ចថាទោះបីនៅជុំវិញពិភពលោករបស់យើង សង្គមរបស់យើងមានរឿងអយុត្តិធម៌ មានរឿងមិនសូវល្អតែយើងត្រូវតែជាស្ពានចម្លងអំណរសប្បាយ និងសេចក្តីសុខសាន្តតាមរយៈជំនឿនឹងទៅឱ្យបងប្អូនជិតខាងដែរ។ ដូច្នេះទង្វើល្អរបស់បងប្អូនដែលជាគ្រីស្តបរិស័ទគឺជាការចែករំលែកសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ និងអំណរសប្បាយទៅកាន់អ្នកដទៃ។ តើយើងចែកចាយយ៉ាងម៉េច? ប្រសិនបើបងប្អូនអត់មានបាប បងប្អូនត្រូវយកព្រះបន្ទូលថ្ងៃនេះរំលឹកខ្លួនឯងសិនថា តើពេលខ្ញុំមានជំនឿបែបនេះខ្ញុំមានអំណរសប្បាយ និងសេចក្តីសុខសាន្តនៅក្នុងចិត្តរបស់ខ្ញុំ ឬអត់?
ប្រសិនបើបងប្អូនមិនទាន់មានពេលវេលាគ្រប់គ្រាន់ដើម្បីអធិដ្ឋានសូមយកពេលវេលានៅជាមួយព្រះយេស៊ូ យកពេលវេលានៅមុខព្រះកាយរបស់ព្រះអង្គ ដើម្បីឱ្យចិត្តគំនិតរបស់យើងភ្ជាប់ជាមួយព្រះអង្គ និងមានអំណរសប្បាយ នៅពេលដែលយើងមានទំនាក់ទំនងជាប់ជាមួយព្រះអង្គយ៉ាងពិតប្រាកដ។ សូមឱ្យអំណរសប្បាយនេះកើតឡើងក្នុងដួងចិត្តរបស់បងប្អូន ហើយអាចចែកចាយទៅឱ្យអ្នកដទៃបានដែរ។
សូមព្រះជាម្ចាស់ប្រទានសេចក្តីសុខសាន្តឱ្យបងប្អូន និងសុំឱ្យបងប្អូនរស់នៅជាមួយគ្នាដោយសេចក្តីសុខសាន្ត ដោយសារគោរពនៃការយោគយល់អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមកផងដែរ។ សូមព្រះជាម្ចាស់ប្រទានពរឱ្យអស់បងប្អូន៕
Daily Program
