ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥អត្ថបទគម្ពីរ (លូកា ១៦,១៩-៣១) អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល

បងប្អូនជាទីស្រឡាញ់! យើងបន្តរួមជាមួយព្រះយេស៊ូ ឆ្ពោះទៅទុក្ខលំបាករបស់ព្រះយេស៊ូនៅឈើឆ្កាង អត្ថបទថ្ងៃនេះរំលឹកយើងថា យើងត្រូវមើលឃើញទុក្ខវេទនារបស់អ្នកដែលរងទុក្ខលំបាក។ អ្នកមាននៅក្នុងអត្ថបទដំណឹងល្អនៅថ្ងៃនេះធ្លាក់នរកមិនមែនមកពីគាត់ធ្វើអាក្រក់ចំពោះលោកឡាសា គឺមកពីគាត់មិនចាប់អារម្មណ៍លោកឡាសា។ ដូច្នេះយើងគួរមានសំណួរមួយពេលរដូវអប់រំពិសេសនេះ តើខ្ញុំបានធ្វើអ្វីខ្លះចំពោះអ្នកដទៃ ចំពោះអ្នកដែលនៅជាមួយខ្ញុំ និងកំពុងជួបប្រទះនឹងបញ្ហាណាមួយ?
ចូរកុំធើ្វដូចជាមិនដឹងមិនឃើញ តាមពិតព្រះយេស៊ូសុំឱ្យយើងបើកភ្នែក បើកត្រចៀកចាប់អារម្មណ៍ចំពោះអ្នកដទៃ! ដែលនេះជាអំពើបាបរបស់អ្នកមានព្រោះគាត់គិតតែពីខ្លួនឯង។ សូម្បីតែពេលគាត់នៅក្នុងនរកគាត់នៅតែគិតតែពីបងប្អូនរបស់ខ្លួន គាត់មិនគិតពីអ្នកដទៃ គាត់សុំឱ្យលោកអាប្រាហាំចាត់ម្នាក់ឱ្យទៅជម្រាបបងប្អូនរបស់គាត់ថា ត្រូវតែកែប្រែចិត្តគំនិត ។
ប្រយ័ត្ន! កុំឱ្យយើងមានចិត្តរឹងរួសដូចគាត់ កុំឱ្យយើងទៅជាមនុស្សខ្វាក់ សូមឲ្យយើងចាប់អារម្មណ៍អ្នកដទៃ សូមជួយសម្រាលទុក្ខរបស់គេតាមរបៀបណាក៏បាន នោះយើងនឹងទទួល សេចក្តីសុខសាន្តនៅក្នុងចិត្ត និងជីវិតអស់កល្បជានិច្ច។
ដូច្នេះក្នុងរដូវអរប់រំពិសេសនេះជាឱកាសដើម្បីកែប្រែចិត្តគំនិត និងជួយអ្នកដទៃ សុំបងប្អូនធើ្វតាមរបៀបដែលយើងអាចធ្វើបាន តាមសមត្ថភាពរបស់យើង។ អាម៉ែន៕
Daily Program
