ថ្ងៃទី១៩ខែ ឧសភា ឆ្នាំ២០២៦ អត្ថបទគម្ពីរយ៉ូហាន ១៧,១-១១ អត្ថាធិប្បាយគម្ពីរដោយ៖លោកបូជាចារ្យ រឿង ឆ័ត្រសិរី
ជម្រាបសួរលោកបងប្អូនជាទីមេត្រី! យើងបានឈានចូលមកដល់សប្តាហ៍ចុងក្រោយនៃរដូវបុណ្យចម្លងហើយ ដែលនេះជាពេលវេលាមួយដ៏ល្អសម្រាប់យើងរំពឹងគិតពិចារណាឡើងវិញ អំពីបេសកកម្មនិងសកម្មភាពរបស់ព្រះយេស៊ូនៅក្នុងលោកនេះ មុនពេលព្រះអង្គយាងឡើងទៅស្ថានបរមសុខ។
បងប្អូនជាទីស្រឡាញ់! ព្រះបន្ទូលថ្ងៃនេះដកស្រង់ចេញពីគម្ពីរយ៉ូហាន ជំពូកទី ១៧ ខទី ១ ដល់ ១១។ នៅក្នុងអត្ថបទនេះ ព្រះយេស៊ូបានទូលអង្វរអធិដ្ឋានយ៉ាងខ្លាំង ជាពិសេសព្រះអង្គបានអធិដ្ឋានសូមព្រះបិតាសម្ដែងសិរីរុងរឿងរបស់ព្រះបុត្រា ដើម្បីឱ្យព្រះបុត្រាបានសម្ដែងសិរីរុងរឿងរបស់ព្រះបិតាវិញដែរ។
ព្រះយេស៊ូយាងមកក្នុងលោកនេះ គឺដើម្បីឱ្យយើងបានស្គាល់ព្រះបិតា និងលើកតម្កើងព្រះអង្គ។ គ្រប់កិច្ចការទាំងអស់ដែលព្រះយេស៊ូបានបំពេញ សុទ្ធសឹងតែឆ្លុះបញ្ចាំងអំពីកិច្ចការរបស់ព្រះបិតា ដែលធ្វើជាមួយយើងនៅក្នុងលោកនេះ។ ដូច្នេះហើយ ក្នុងនាមយើងជាគ្រីស្តបរិស័ទ ជាអ្នកដែលមានជំនឿ កិច្ចការដែលយើងធ្វើចំពោះព្រះបិតា គឺត្រូវបានឆ្លុះបញ្ចាំងតាមរយៈការបំពេញបេសកកម្ម ការងារ និងកិច្ចការប្រចាំថ្ងៃ ស្របតាមព្រះបន្ទូលរបស់ព្រះយេស៊ូជាព្រះបុត្រា។ នេះមានន័យថា នៅពេលណាយើងអនុវត្តតាមព្រះបន្ទូល និងរស់នៅជាគ្រីស្តបរិស័ទដ៏ល្អ យើងក៏បានធ្វើឱ្យសាសន៍ដទៃស្គាល់ព្រះបិតាតាមរយៈជីវិតរបស់យើងផងដែរ។
បងប្អូនជាទីស្រឡាញ់! សូមឱ្យយើងរួមគ្នាអនុវត្តតាមព្រះបន្ទូលនេះ ដោយរៀបចំកាយវិការនិងការរស់នៅឱ្យបានល្អ ដើម្បីឱ្យបងប្អូនដទៃទៀតបានមើលឃើញព្រះជាម្ចាស់ តាមរយៈការរស់នៅរបស់យើង។
សូមព្រះជាម្ចាស់ប្រទានពរជ័យដល់បងប្អូនទាំងអស់គ្នា! អាម៉ែន។
