ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥អត្ថបទគម្ពីរ (យ៉ូហាន១៣,១៦-២០)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល

ដូចខ្ញុំបាននិយាយពីរបីអាទិត្យមុន នៅក្នុងខែនេះពីបុណ្យចម្លងរហូតដល់បុណ្យព្រះវិញ្ញាណយាង​មកអស់​រយៈពេល៥០ថ្ងៃព្រះសហគមន៍កាតូលិករំលឹកអំពីកិច្ចការ និងការប្រៀបប្រដៅរបស់​ព្រះយេស៊ូនៅ​លើផែន​ដីនេះ​ដើម្បីយល់អំពីអត្តសញ្ញាណរបស់ព្រះអង្គ។

នៅក្នុងអត្ថបទព្រះគម្ពីរនៅថ្ងៃនេះ យើងរំលឹកពិធីជប់លៀងចុងក្រោយរបស់ព្រះយេស៊ូជាមួយក្រុមសាវ័ក និងព្រះយេស៊ូដែលដឹងទុកជាមុន ព្រះយេស៊ូជាព្យាការីដឹងទុកជាមុនថានឹងមានម្នាក់នឹងក្បត់ព្រះអង្គ។ តាម​ពិតសម្រាប់ព្រះយេស៊ូមិនសូវពិបាកប៉ុន្មានទេដើម្បី​ដឹង ​ពីព្រោះយ៉ូដាសជាចៅដែលយក​លុយរួម​ដែល​ជា​លុយ​របស់ក្រុមគ្រីស្តទូតដើម្បីជាប្រយោជន័ផ្ទាល់ខ្លួន។ ប្រហែល​ព្រះយេស៊ូឃើញថា​គាត់អន់ចិត្តពី​ព្រោះ​ព្រះយេស៊ូមិនឡើងសោយរាជ្យដូចជាស្តេច។

ទោះបីព្រះអង្គដឹងទុកជាមុនថាគេនឹងចាប់ព្រះយេស៊ូទៅឆ្កាង ក៏ព្រះអង្គមិនគេចទ្រង់ហ៊ាន​ប្រឈមមុខនឹង​គម្រោ​ង​ការណ៍របស់ព្រះជាម្ចាស់ ពីព្រោះព្រះអង្គស្រឡាញ់ព្រះជាម្ចាស់ និងស្រឡាញ់មនុស្សខ្លាំងណាស់។ នៅក្នុងអត្ថបទនៅថ្ងៃនេះព្រះយេស៊ូយល់ថា ព្រះអង្គជាព្រះជាម្ចាស់ដែលបូជាព្រះជន្មដោយ​សារ​ព្រះអង្គ​ស្រឡាញ់មនុស្សលោក។

សូមនឹកគិតអំពីសេចក្តីស្រឡាញ់របស់ព្រះយេស៊ូចំពោះយើងដែលហ៊ានបូជាព្រះជន្ម ហើយសុំកុំឱ្យយើង​ក្បត់ព្រះអង្គដូចយូដាស តែសុំឱ្យយើងព្យាយាមធ្វើតាមព្រះហឫទ័យរបស់ព្រះយេស៊ូ គឺ​ឱ្យយើងស្រឡាញ់​ព្រះយេស៊ូ​ដូចព្រះយេស៊ូស្រឡាញ់យើង និងស្រឡាញ់អ្នកដទៃដូចព្រះអង្គស្រឡាញ់យើងដែរ ដោយ​លាង​ជើង​ឱ្យគ្នាទៅវិញទៅមក និងជួយបម្រើគ្នា៕

Daily Program

Livesteam thumbnail