ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (លូកា ១១,៣៧-៤១)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី

ព្រះបន្ទូលថ្ងៃនេះទាក់ទងនិងជីវិតរបស់យើងបច្ចុប្បន្ន និង​ជីវិត​ខាង​មុខរបស់យើង ប្រហែលបងប្អូន​អាច​មាន​​សំណួរ ជួនកាលយើងមានកិច្ចការដែល​យើង​ត្រូវ​តែធ្វើប្រចាំថ្ងៃដូចជាការចិញ្ចឹមកូន ការ​ធ្វើ​ម្ហូ​បអាហារ ការចេញទៅរកស៊ី ជួនកាលយើងសួរថា​ហេតុអ្វីខ្ញុំត្រូវតែធ្វើ? បើមិនធ្វើបានទេ? ​កិច្ច​ការ​​ដែល​យើង​​ធ្វើ​ជា​ប្រចាំ​ជួន​កាល​​យើងភ្លេចគោលដៅ ជួនកាលយើងភ្លេចថាកិច្ច​ការ​យើង​កំពុង​ធ្វើហ្នឹ​ងធើ្វដើ​ម្បីអ្វី? ​មាន​គោល​បំណងអ្វី?

កាល​ណាយើងដាក់សំណួររបៀបនេះមានន័យថា យើងកំពុងចូលក្នុងអត្ថន័យនៃព្រះគម្ពីរថ្ងៃនេះ ​ព្រោះ​នៅ ក្នុង​​សង្គមជនជាតិអ៊ីស្រាអែល មានពិធីច្រើនដែលតាមច្បាប់វិន័យតម្រូវឲ្យធ្វើ ដូចជា​ការ​លាង​ដៃ លាងខ្លួន និងពិធីផ្សេងៗជាច្រើន។ ថ្ងៃនេះពួកផារីស៊ីឃើញព្រះយេស៊ូពិសាបាយ ទាំងដែលមិន​បាន​លាង​ដៃ​ បញ្ហា​ត្រង់​ថា ហេតុអ្វីព្រះយេស៊ូមិនលាងដៃ ទាំងដែលច្បាប់តម្រូវឲ្យធើ្វ?

ប៉ុន្តែយើងត្រូវសួរវិញថា តើច្បាប់ហ្នឹង តម្រូវឲ្យលាងដៃ ដោយសារមូលហេតុអ្វី? បាទ មូលហេតុ​ខាង​ផ្លូវ​កាយ​គឺដើម្បី​អនាម័យ ឯខាងផ្លូវវិញ្ញាណ គឺការជម្រះចិត្តគំនិត។  ព្រះយេស៊ូយល់បែបណាអត្ថន័យនេះ តែ​ការ​​មិន​​លាង​ដៃរបស់ព្រះអង្គ ក្លាយទៅជាការរំលឹកអត្ថន័យដែលពួកគាត់កំពុងធ្វើវិញ។ ជួនកាលពួក​ផារ៉ា​ស៊ី​គិតតែធ្វើ តែអត់យល់អត្ថន័យ។ ដូច្នេះព្រះយេស៊ូបានរំលឹក ឬបង្រៀនឲ្យផារ៉ាស៊ីហ្នឹងថា កុំ​លាង​តែ​ដៃ គឺត្រូវលាងចិត្តគំនិត លាងខាងក្នុងឲ្យស្អាតបរិសុទ្ធសិន ព្រោះព្រះអង្គដឹងថា ទង្វើ​ឬគំនិត​របស់​ពួកផារ៉ា​ស៊ី​មិន​ត្រឹមត្រូវទេ ​មិនច្បាស់លាស់ ឬក៏មិនបរិសុទ្ធ។ ពួកគាត់ធ្វើហាក់ចង់ចាប់កំហុសព្រះអង្គ  អ្វីដែល​ពួក​ផារ៉ា​ស៊ីធើ្វមិនមែនដើម្បីរម្លឹកព្រះយេស៊ូ ឬជួយព្រះយេស៊ូទេ  តែគេចង់ចាប់កំហុស គេចង់យកលេសទេ។

ដូច្នេះពេលព្រះយេស៊ូសួរសំណួរទៅវិញ គឺព្រះអង្គ​ចង់​បង្រៀន ចង់រម្លឹកពួកគាត់ ហើយនេះជាឱកាសមួយ ដើម្បីរម្លឹកយើងដែរ។ ជួន​កាល​យើង​ដឹង​ថាកិច្ចការនៅក្នុងលោក​នេះ កិច្ចការ​នៅក្នុង​ខាងសាសនា​ដូចជា​យើង ហេតុអ្វីយើង​ត្រូវតែ​ទៅ​ព្រះវិហារ​ថ្ងៃ​​អាទិត្យ ហេតុអ្វីយើងតមអាហារ ហេតុអ្វីយើង​ត្រូវតែ​ទៅ​ចូល​រួម​បុណ្យ​ទានសំខាន់ៗ ដូចជា​បុណ្យ​ណូ​​អែល ឬបុណ្យចម្លង? បើសិនយើងចូលរួមដោយយល់​អត្ថន័យនៃ​កិច្ច​ការ​ទាំងអស់នោះ យើងអត់មានអារម្មណ៍ថាជាបន្ទុក ឬក៏​ជារឿងដែលធ្វើឲ្យយើងពិបាកចិត្ត តែ​ប្រសិន​បើយើងធ្វើដោយមិនដឹងអត្ថន័យជួនកាល​យើង​អាច​ដាក់​សំណួរថា តើមានប្រយោជន៍អ្វីសម្រាប់ខ្ញុំ?

បងប្អូនសូមឲ្យកិច្ចការដែលយើងអនុវត្តជារៀងរាល់ថ្ងៃ កិច្ច​ខាងខាងសាសនាក៏ដោយ នាំឲ្យយើង​នឹក​ឃើញ​អត្ថ​ន័យដែលអាចឈានទៅដល់ជីវិតអស់កល្បជានិច្ច ជីវិតនៅក្រោយស្លាប់ ដែល​យើង​ដឹងថា ព្រះយេស៊ូ​ចង់​​តម្រូវ​ជីវិត​​យើង​ទៅ​ដល់​ភាពដ៏វិសុទ្ធ ភាពសក្ការៈនៅស្ថានបរមសុខ ដូចសន្តសន្តីទាំងអស់ដែរ។ ​ថ្ងៃ​នេះ​យើង​ក៏រម្លឹកសន្ត​មួយដែរ សូមព្រះជាម្ចាស់ប្រទានពរបងប្អូន នឹងសូមឲ្យសន្តការីតូស​ជួយទូន្មាន​ព្រះជា​ម្ចាស់​​សម្រាប់​យើង ឲ្យយើងអនុវត្តតាម អ្វីដែលយើងត្រូវតែធ្វើដោយយល់នៃអត្ថន័យគ្រប់ប្រការផង។ អាម៉ែន​៕

 

Daily Program

Livesteam thumbnail