ថ្ងៃទី១៤ខែសីហាឆ្នាំ២០២៤ អត្ថាធិប្បាយគម្ពីរ ម៉ាថាយ (១៨,១៥-២០)បកស្រាយដោយ៖ លោកបូជាចារ្យ រ៉ាជេត ហាសាពូទី

បងប្អូនជាទីគោរព! នៅក្នុងអត្ថបទព្រះគម្ពីរតាមលោកម៉ាថាយ១៨,១៥-២០។ ព្រះយេស៊ូមានព្រះបន្ទូលអំពីការកសាងព្រះសហគមន៍ប្រកបដោយធម្មមេត្តាករុណា និងការលើកលែងទោសឱ្យគ្នាទៅវិញទៅមក។ តាមរយៈអត្ថបទនេះ ព្រះយេស៊ូណែនាំគ្រីស្តបរិស័ទដែលមានតួនាទីណែនាំព្រះសហគមន៍ដើរតួយ៉ាងយុត្តិធម៌ និងសុភាពរាបសារ។ ព្រះអង្គមានព្រះបន្ទូលថា៖ “គ្រីស្តបរិស័ទតែងតែលើកលែងទោសឱ្យអ្នកបាបជានិច្ច ដើម្បីពួកគាត់មិនវិនាសអន្តរាយ។ ព្រះយេស៊ូមានព្រះបន្ទូលថា អ្វីៗទាំងអស់ដែលអ្នករាល់គ្នាចងនៅលើផែនដីនេះ ព្រះជាអម្ចាស់នឹងចងនៅស្ថានបរមសុខ ហើយអ្វីៗដែលអ្នករាល់គ្នាស្រាយនៅផែនដីនេះព្រះជាអម្ចាស់នឹងស្រាយនៅស្ថានបរមសុខដែរ”។
ដូច្នេះគ្រីស្តបរិស័ទមានតួនាទីធំមួយគឺការលើកលែងទោសឱ្យអ្នកបាប នៅពេលដែលយើងលើកលែងទោសឱ្យអ្នកបាបយើងចូលរួមនៅក្នុងបេសកកម្មរបស់ព្រះយេស៊ូ គឺជាទូតនៃការលើកលែងទោសព្រះយេស៊ូបានលើកលែងទោសអ្នកបាប អ្នកទារពន្ធ អ្នកខុសទាំងអស់ដោយមិនប្រកាន់អ្វីឡើយ។ យើងជាគ្រីស្តបរិស័ទដើរតាមព្រះយេស៊ូ យើងទាំងអស់គ្នាក៏លើកលែងទោសឱ្យអ្នកបាបជានិច្ច! ព្រះយេស៊ូព្រះបន្ទូលថា៖ “អស់អ្នកដែលរួមចិត្តគំនិតគ្នាទូលសុំអ្វីៗក៏ដោយព្រះបិតារបស់ខ្ញុំដែលនៅស្ថានបរមសុខ និងប្រទានឱ្យជាមិនខាន។ ត្បិតនៅទីណាមានពីរ ឬបីនាក់ជួបជុំគ្នាក្នុងនាមខ្ញុំ ខ្ញុំក៏ស្ថិតនៅទីនោះជាមួយគេដែរ”។
បងប្អូនជាទីគោរពយើងទាំងអស់គ្នាដឹងច្បាស់ថា មានបញ្ហាជាច្រើននៅព្រះសហគមន៍គ្រីស្តបរិស័ទឈ្លោះគ្នា គ្រីស្តបរិស័ទមិនព្រមធ្វើការជាមួយគ្នា គ្រីស្តបរិស័ទតែងតែនិយាយដើមគេមិនព្រមលើកលែងទោសឱ្យគេ។ អត្ថបទថ្ងៃនេះរំលឹកយើងទាំងអស់គ្នាថា ឯកភាពដែលព្រះយេស៊ូប្រទានឱ្យយើងមានប្រសិទ្ធភាពយ៉ាងខ្លាំង។ ពេលណាពួកយើងរួមចិត្តគំនិតគ្នាទៅវិញទៅមក ព្រះសហគមន៍របស់យើងឬក្រុមគ្រួសារ របស់យើង ឬសង្គមទូទៅក៏នឹងរីកចម្រើនរួមចិត្តគំនិតគ្នា មានន័យថាយើងយោគយល់គ្នាយើងយល់ព្រម ធ្វើការជាមួយគ្នា យើងយល់ព្រមរួមដំណើរនៅក្នុងជីវិតរបស់យើង។ សម្តេចប៉ាបសំណូមពរឱ្យព្រះសហគមន៍មានសន្និបាត មានន័យថាព្រះសហគមន៍ត្រូវដើររួមគ្នា និងធ្វើដំណើរជាមួយគ្នា។
តាមរយៈអត្ថបទនេះព្រះយេស៊ូណែនាំយើងសារជាថ្មី ពួកយើងត្រូវការរួមចិត្តគំនិតគ្នាទៅវិញទៅមក។ ពេលណាយើងរួមចិត្តគំនិតគ្នាអធិដ្ឋានទូលសុំអង្វរ ព្រះជាអម្ចាស់នឹងប្រោសប្រទានព្រះអំណោយទាន ដល់យើងជាមិនខាន។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ “នៅទីណាមានពីរ ឬបីនាក់ជួបជុំគ្នាក្នុងនាមខ្ញុំ ខ្ញុំក៏ ស្ថិតនៅទីនោះជាមួយគេដែរ”៕ អាមែន
Daily Program
