ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥អត្ថបទគម្ពីរ (យ៉ូហាន ៦,៦០-៦៩)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន

ជម្រាបសួរបងប្អូនជាទីស្រឡាញ់! ខ្ញុំមានសេចក្តីសោមន្សរីករាយនឹងលើកយកពីសាររបស់សម្តេចប៉ាបហ្វ្រង់ស៊ីស្កូដែលលោកទើបនឹងបានចែកឋានមរណៈភាពថ្មីៗនេះ សម្តេចប៉ាបមានព្រះបន្ទូលថា សេចក្តីស្រឡាញ់ និងជំនឿនាំឱ្យយើងរស់នៅភាពសាមញ្ញដោយសម្តែងមេត្តាករុណាដល់បងប្អូនឯទៀតៗ។ នេះជាភាពសាមញ្ញរបស់សម្តេចប៉ាបដែលព្រះអង្គមានព្រះហឫទ័យសប្បុរសស្រឡាញ់ ដោយសារតែជំនឿធ្វើឱ្យយើងប្រតិបត្តិមេត្តាករុណាដល់បងប្អូនឯទៀតៗ។
ថ្ងៃនេះលោកសិលាសួរព្រះយេស៊ូថា តើខ្ញុំទៅរកណា? ព្រះអង្គជាព្រះបុត្រារបស់ព្រះជាម្ចាស់ ជាព្រះបន្ទូលដែលផ្តល់ជីវិត។ ចំណុចនេះនាំឱ្យយើងឃើញថា ព្រះយេស៊ូបានមកក្នុងលោកនេះព្រះអង្គបានប្រទានជំនឿ និងសេចក្តីសង្ឃឹមដល់សាវ័ករបស់ព្រះអង្គដល់ពិភពលោក ប៉ុន្តែមានមនុស្សជាច្រើននៅតែមានការសង្ស័យនៅព្រះបន្ទូលរបស់ព្រះអង្គ និងកិច្ចការដែលព្រះអង្គធ្វើ។
ហេតុនេះបានជាលោកសិលាប្រកាសជំនឿលើព្រះអង្គ កិច្ចការដែលលោកសិលាបានធើ្វក្នុងនាមជាមេនៃក្រុមគ្រីស្តទូតទាំង១១នាក់ លោកបានប្រកាសជំនឿហើយក៏បានបំពេញកិច្ចការ ដូចជាការសួរសុខទុក្ខ ការអប់រំ ការណែនាំជំនឿលើព្រះជាម្ចាស់។ ជំនឿនេះហើយធ្វើឱ្យឃើញថាព្រះយេស៊ូមានការអស្ចារ្យដែលលោកសិលាបានប្រោសអ្នកជំងឺឱ្យជា ហើយក៏បានណែនាំឱ្យមនុស្សជាច្រើនវិលមករកព្រះជាម្ចាស់វិញ។
នៅពេលណាមានការសង្ស័យមានមនុស្សជាច្រើននូវមិនទាន់យល់មិនទាន់ដឹង ដូច្នេះចូរយើងខិតខំណែនាំអប់រំ ជាពិសេសបម្រើបងប្អូន ដើម្បីបង្ហាញថាអ្វីដែលព្រះយេស៊ូបានធ្វើ អ្វីដែលពួកគាត់មាន បទពិសោធន៍ទទួលបានពីព្រះយេស៊ូជាពិសេសព្រះយេស៊ូដែលព្រះអង្គទទួលសិរីដ៏រុងរឿងបញ្ជាក់បង្ហាញថា អ្វីៗដែលព្រះអង្គមានគឺព្រះអង្គមានជីវិតថ្មីដ៏រុងរឿង ធ្វើឱ្យពិភពលោកទាំងមូលមានពន្លឹ ធ្វើឱ្យមនុស្សទាំងអស់មានក្តីសង្ឃឹមក្នុងជីវិត មានន័យថាពិភពលោកដែលយើងកំពុងតែធ្វើដំណើរសព្វថ្ងៃនេះគឺព្រះយេស៊ូនាំយើងវិលទៅរកព្រះបិតារបស់ព្រះអង្គវិញ។ ព្រះបិតាដែលបានប្រទានជីវិតឱ្យយើងផ្តល់កំណើតឱ្យយើង ព្រះអង្គរង់ចាំយើងឱ្យយើងទៅរស់នៅជាមួយព្រះអង្គអស់កាលជាអង្វែង នេះជាជីវិតអស់កល្បជានិច្ច។
ខ្ញុំពិតជាមានអំណរសប្បាយដើម្បីទូលអង្វរព្រះជាម្ចាស់នៅក្នុងរដូវបុណ្យចម្លងនេះ ជាពិសេសដល់បងប្អូនដែលបានជ្រមុជទឹកហើយត្រៀមខ្លួនដើម្បីអប់រំទទួលអគ្គសញ្ញាលាបថ្ងាស ដើម្បីយើងបន្តបេសកកម្មរបស់ព្រះយេស៊ូ។ យើងជាគ្រីស្តបរិស័ទយើងម្នាក់ៗពិធីជ្រមុជទឹកធ្វើឱ្យយើងបានជីវិតថ្មី ហើយធ្វើឱ្យយើងមានសកម្មភាពថ្មី ធ្វើឱ្យយើងកែប្រែចិត្តគំនិតផ្លាស់ប្តូរគំនិតរបស់យើងគឺជាព្រះគ្រីស្តដែលមានព្រះជន្មថ្មីដ៏រុងរឿង ធ្វើឱ្យយើងមានជីវិតថ្មីរួមជាមួយព្រះអង្គ។ អាម៉ែន៕ៃ
Daily Program
