ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦អត្ថបទគម្ពីរយ៉ូហាន ១៥,១៨-២១អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន

ពិតមែនបងប្អូន នៅក្នុងរដូវបុណ្យចម្លងនេះ ព្រះសហគមន៍មានអំណរសប្បាយរីករាយ ដោយព្រះយេស៊ូ​បាន​យាងឡើងទៅស្ថានបរមសុខ ទៅគង់ខាងស្ដាំព្រះបិតា នេះជាដំណឹងល្អមួយដែល​ធ្វើឱ្យពិភពលោ​ក​បាន​​​ទទួលជីវិតថ្មី។

ខ្ញុំពិតជាមានអំណរសប្បាយមែនទែនដោយសារតែនៅក្នុងបុណ្យចម្លង យើងទទួល​ព្រះ​បន្ទូលដំណឹងល្អ។ ថ្ងៃ​នេះព្រះយេស៊ូបានមានព្រះបន្ទូលទៅសាវ័កដើម្បីឱ្យក្រុមសាវ័កដែល​តាមព្រះអង្គជ្រាបថា ទោះបីពិភព​លោក​គេបដិសេធ គេ​ស្អប់​ព្រះ​អង្គ គេមិនទទួលស្គាល់ព្រះអង្គក៏ដោយ ក៏ព្រះអង្គបានប្រាប់សាវ័កថា អ្នក​មិន​នៅខាងលោកីយ៍ទេ។

សេចក្ដីនេះហើយដែលធ្វើឱ្យយើងទាំងអស់គ្នាដឹងថា ក្នុងចិត្តគំនិតរបស់មនុស្សលោកីយ៍មានគំនិតយ៉ាង​ម៉េច។ គេបដិសេធ មិនទទួលស្គាល់ព្រះអង្គ មិនទទួលស្គាល់ព្រះបិតា តែព្រះយេស៊ូបានញែកយើងចេញ  ពី​លោកីយ៍ ដោយព្រះបន្ទូលរបស់ព្រះអង្គធ្វើឱ្យយើងភ្ជាប់ជាមួយព្រះអង្គដោយជំនឿ។ គឺ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធដែលបានមកណែនាំយើង បំភ្លឺយើង ធ្វើឱ្យយើងភ្ជាប់នឹងព្រះអង្គ។

សេចក្ដីនេះជាដំណឹងល្អសម្រាប់មនុស្សលោកដើម្បីឱ្យឃើញថា សាវ័ករបស់ព្រះអង្គ គឺបានទទួលការ​ណែ​នាំ ការអប់រំពីព្រះយេស៊ូ។ ធ្វើឱ្យសាវ័កជួបជុំគ្នា បន្តសកម្មភាពរបស់ព្រះយេស៊ូក្នុងលោកនេះ ទោះ​បី​មាន​ការ​បៀតបៀន ធ្វើទុក្ខបុកម្នេញក៏ដោយ ក៏សាវ័កនៅតែជួបជុំគ្នា ធ្វើពិធីអធិដ្ឋាន ពិធីកាត់នំបុ័ង ហើយ ប្រកាសព្រះបន្ទូលដំណឹងល្អដល់មនុស្សគ្រប់ជាតិសាសន៍នៃពិភពលោក។

ក្រុមគ្រីស្តបរិស័ទនិងក្រុមសាវ័កទាំងអស់នោះហើយ ជាមនុស្សសាមញ្ញធម្មតា ជាអ្នក​នេសាទ ប៉ុន្តែ​ព្រះ​យេ​ស៊ូ​​បានធ្វើ​ឱ្យក្រុមគ្រីស្តបរិស័ទនិងក្រុមសាវ័កនោះ ក្លាយទៅជាអ្នកប្រកាសព្រះបន្ទូល​ដំណឹង​ល្អដល់ពិភ​ព​លោក​ទាំងមូល។

នៅក្នុងរដូវបុណ្យចម្លងនេះ ជួយយើងមានអំណរសប្បាយ ជួយយើងរីករាយដើម្បីទទួលដំណឹងល្អ ហើយ​នាំ​ដំណឹងល្អដល់បងប្អូនដទៃៗទៀត។ ព្រះសហគមន៍ដែលមានអាយុជីវិត២០២៦ឆ្នាំ សព្វថ្ងៃនេះ នៅ​តែ​បន្ត​ជួបជុំគ្នា ធ្វើពិធីអធិដ្ឋាន ធ្វើពិធីអរព្រះគុណព្រះជាម្ចាស់ ជួបជុំគ្នាដើម្បីបង្ហាញថាពិតមែន វត្ត​មាន​របស់​ព្រះ​ជាម្ចាស់នៅក្នុងជីវិតរបស់យើង។

បងប្អូនជាទីស្រឡាញ់ ប្រសិនបើក្នុងលោកនេះ អត់មានព្រះជាម្ចាស់ទេ តើជីវិតយើងនឹងទៅជាយ៉ាង​ណា​? សង្គ្រាម បញ្ហាក្នុងសង្គម ធ្វើឱ្យជីវិតអស់សង្ឃឹម ធ្វើឱ្យជីវិតវេទនា ប៉ុន្តែទោះជាមានបញ្ហាយ៉ាង​ណា​ក៏​ដោយ ក៏ព្រះជាម្ចាស់មិនបោះបង់យើងទេ។ ព្រះវិញ្ញាណដ៏វិសុទ្ធនៅតែបន្តបំភ្លឺដល់សាវ័ក ដល់​ព្រះសហ​គមន៍​​ទាំងមូល ដែលត្រូវតែធ្វើដំណើរពីមួយថ្ងៃទៅមួយថ្ងៃសព្វថ្ងៃនេះ ដើម្បីបញ្ជាក់ថា ព្រះជាម្ចាស់​ដែល​បានបង្កើតយើង ដែលបានប្រទានព្រះជន្មថ្មីដ៏រុងរឿងបានគង់ជាមួយយើង បន្តកិច្ចការសកម្មភាព​របស់​ព្រះអង្គនៅក្នុងលោកនេះ។

ពេលមនុស្សយើងគិតពីខាងផ្នែកលោកីយ៍ គឺយកទ្រព្យសម្បត្តិ មាសប្រាក់ បុណ្យស័ក្តិ កិត្តិយស ធ្វើជាធំ គឺគេភ្ជាប់ផ្នែកខាងក្រៅរបស់មនុស្ស។ មនុស្សចូលចិត្តធ្វើអ្វីៗដែលបង្ហាញថាខ្លួនជាម្ចាស់ពិភពលោក តែ​ផ្ទុយទៅវិញ មិនមែនជាការពិត ព្រោះអ្វីដែលនាំឱ្យមនុស្សភ្ជាប់នឹងលោកីយ៍នោះ នឹងត្រូវបាត់បង់ នឹង​ត្រូវ​ស្លាប់ វិនាសហន្តរាយទាំងអស់។ តែមានតែព្រះជាម្ចាស់ទេដែល មានព្រះជន្មគង់នៅ គង់វង្ស​អស់​កាល​ជា​និច្ច ដោយសារព្រះអង្គជាម្ចាស់លើពិភពលោក លើទ្រព្យសម្បត្តិ និងលើអ្វីៗទាំងអស់ដែល​មនុស្ស​ត្រូវការ។

ហេតុនេះយើងអរព្រះគុណព្រះជាម្ចាស់ដែលបានប្រទានជីវិត ប្រទានលោកីយ៍ឱ្យយើង​ធ្វើ​ជា​ម្ចាស់ មិន​មែន​លោកីយ៍ធ្វើជាម្ចាស់យើង ប៉ុន្តែឱ្យយើងធ្វើជាម្ចាស់លោកីយ៍ ដែលព្រះជា​ម្ចាស់​ណែ​នាំ​យើង បំភ្លឺ​យើង​តាម​ព្រះវិញ្ញាណដ៏វិសុទ្ធ ដើម្បីឱ្យយើងធ្វើព្រះសហគមន៍មួយ ដែលណែ​នាំ​ឱ្យ​មនុស្ស​លោក​រស់​នៅ​សុខ​ដុមរមនា ធ្វើឱ្យមនុស្សលោកចេះស្រឡាញ់ ចេះគោរពគ្នា និងចេះជួយគ្នា ថែរក្សាគ្នា ដូច​ជាអ្វីៗ​ដែល​ព្រះ​ជាម្ចាស់បានបង្កើត បរិស្ថានក្ដី ប្រជាជនទាំងមូលក្ដី។ ទាំងអស់នេះហើយដែល​ធ្វើ​ឱ្យ​យើង​ឃើញថា ពិតមែនព្រះជាម្ចាស់ជាប្រភពនិងជាម្ចាស់នៃពិភពលោកយើង។ អាម៉ែន៕

 

Daily Program

Livesteam thumbnail
khmer popup image