ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ អត្ថបទគម្ពីរ យ៉ូហាន៦,៥២-៥៩អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល

បងប្អូនជាទីស្រឡាញ់នៅក្នុងអត្ថបទដំណឹងល្អថ្ងៃនេះព្រះយេស៊ូមានព្រះបន្ទូលថា ខ្ញុំជានំបុ័ងជាអាហារដែលចុះពីស្ថានបរមសុខ ហើយនឹងអ្នកណាពិសារអាហារនេះនឹងមានជីវិតអស់កល្បជានិច្ច។ យើងយល់ថាព្រះយេស៊ូជាសាច់ឈាម ដែលព្រះអង្គប្រោសប្រទានឱ្យមនុស្សទទួលទានដើម្បីបានជីវិតអស់កល្បជានិច្ច។ យើងដឹងថាព្រះយេស៊ូបានតែងតាំងអគ្គសញ្ញាអរព្រះគុណគឺជាពិធីកាច់នំបុ័ងនៅពេលជប់លៀងចុងក្រោយជាមួយក្រុមគ្រីស្តទូត ព្រះយេស៊ូយកនំបុ័ងមកកាន់ហើយអរព្រះគុណព្រះបិតា និងមានព្រះបន្ទូលថា នេះជារូបកាយរបស់ខ្ញុំដែលត្រូវបូជាសម្រាប់អ្នករាល់គ្នា។
សន្តយ៉ូហានដែលជាអ្នកនិពន្ធអត្ថបទដំណឹងល្អនៅក្នុងថ្ងៃនេះ មិនរៀបរាប់អំពីកាយវិការរបស់ព្រះយេស៊ូដែលយកនំបុ័ងមកកាន់ ប៉ុន្តែសម្រាប់លោកយ៉ូហានគាត់រៀបរាប់អំពីពិធីលាងជើងឱ្យក្រុមសាវ័ក ក្នុងជំពូកទីមួយដែលយើងកំពុងអានអាទិត្យនេះសន្តយ៉ូហានជួយអប់រំជួយបង្រៀនអំពីអគ្គសញ្ញាអរព្រះគុណ ពីពិធីកាច់នំបុ័ង។ ព្រះយេស៊ូមានព្រះបន្ទូលថាខ្ញុំជាអាហរដែលផ្តល់ជីវិតអស់កល្បជានិច្ច អ្នកណាពិសារសាច់ និងលោហិតរបស់ខ្ញុំ អ្នកនោះមានជីវិតអស់កល្បជានិច្ចរួមជាមួយព្រះយេស៊ូ មានន័យថារាល់ពេលដែលយើងទទួលព្រះកាយ និងព្រះលោហិតរបស់ព្រះយេស៊ូនៅពេលអភិបូជាយើងរួមរស់យ៉ាងស្និទ្ធស្នាលជាមួយព្រះអង្គគឺយើងធ្វើជាអង្គតែមួយ។
អ្វីដែលកើតឡើងជាមួយព្រះយេស៊ូ និងកើតឡើងចំពោះយើងដែរ ដោយសារព្រះយេស៊ូជាព្រះសិរិសា យើងជារូបកាយរបស់ព្រះគ្រីស្តយើងរួមជាអង្គតែមួយនិងទទួលជីវិតពីព្រះយេស៊ូ យើងទទួលព្រះជន្មរបស់ព្រះអង្គផ្ទាល់តាមរយៈអគ្គសញ្ញាព្រះកាយ និងព្រះលោហិតរបស់ព្រះគ្រីស្ត។ ដូច្នេះបងប្អូនស្មឹងស្មាតអំពីជំពូកទី៦នៃអត្ថបទដំណឹងល្អនៅថ្ងៃនេះ ដើម្បីរិះគិតអំពី តើអគ្គសញ្ញាអភិបូជាមានន័យយ៉ាងដូចម្តេចសម្រាប់ខ្ញុំ និងសម្រាប់បងប្អូន?
តាមព្រះសហគមន៍កាតូលិកនៅមហាសន្និបាតវ៉ាទីកង់ទី២ អស់លោកអភិបាលបានប្រកាសយ៉ាងឱឡារិតថា ពិធីបុណ្យជាពិសេសអគ្គសញ្ញាអរព្រះគុណជាប្រភពកំពូលនៃជីវិតជាគ្រីស្តបរិស័ទ។ ជាប្រភពដោយសារយើងទទួលព្រះជន្មរបស់ព្រះជាម្ចាស់ យើងទទួលអាហារ យើងទទួលព្រះបន្ទូល យើងទទួលកម្លាំង យើងទទួលអ្វីៗទាំងអស់ យើងទទួលព្រះហឫទ័យប្រណីសន្តោសនៅពេលអគ្គសញ្ញាអរព្រះគុណអស់មួយជីវិត ហើយជាគោលដៅ ពីព្រោះនៅពេលចុងក្រោយបំផុត ព្រះជាម្ចាស់នឹងត្រាស់ហៅយើងឱ្យបូជាជីវិតដូចព្រះយេស៊ូបានបូជាព្រះជន្មនៅលើឈើឆ្កាង និងរាល់ពេលដែលយើងធ្វើពិធីកាត់នំបុ័ងព្រះយេស៊ូទទួលបូជាព្រះជន្មខាងរបៀបអគ្គសញ្ញាខាងវិញ្ញាណ។ ដូច្នេះសូមប្រយ័ត្នអំពីការទទួលព្រះកាយ និងព្រះលោហិតរបស់ព្រះគ្រីស្តគឺព្រះគ្រីស្តដែលមានតម្លៃមែនទែនសម្រាប់យើងទាំងអស់គ្នា ពីព្រោះពេលដែលយើងទទួលព្រះកាយ និងព្រះលោហិតព្រះគ្រីស្តយើងត្រូវតែបម្រើអ្នកដទៃ។ អាម៉ែន៕
Daily Program
