ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ អត្ថបទគម្ពីរ យ៉ូហាន (៨,២១-៣០)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី

បាទបងប្អូនជាទីស្រឡាញ់ ពេលនេះជិតបុណ្យចម្លងហើយ ព្រះបន្ទូលថ្ងៃនេះយ៉ូហាន (៨,២១-៣០) ជា​ព្រះ​បន្ទូលដែលជួយឱ្យយើង​ស្គាល់​ព្រះយេ​ស៊ូ​កាន់តែច្បាស់ ដោយសារព្រះយេស៊ូកំពុងបង្ហាញថា ព្រះ​អង្គ​មក​ពីព្រះជាម្ចាស់ជាព្រះបិតា ហើយ​កំពុង​តែបង្ហាញព្រះបិតា​ដែលជាព្រះជាម្ចាស់​សម្រាប់​យើង​ដែរ។

បាទបងប្អូន! នេះជាដំណឹងល្អសម្រាប់យើងសកម្មភាពដែលព្រះអង្គបានធ្វើ ព្រះអង្គកំពុងតែបង្ហាញថា​ព្រះអង្គមកពីស្ថាន​បរមសុខ​មកពីព្រះបិតា ឥឡូវនេះដល់ពេលកំណត់ព្រះអង្គត្រូវតែត្រឡប់ទៅវិញដែរ។ ប្រសិនបើបងប្អូនមាន​ទំានក់​ទំនងជាមួយព្រះយេស៊ូយ៉ាងជិតស្និទ្ធ បងប្អូននឹងឃើញព្រះជាម្ចាស់មែន ឃើញ​ព្រះបិតាមែន។ ព្រះបិតា​ដែល​ស្រឡាញ់យើង ហើយចាត់ព្រះយេស៊ូ​មកដើម្បី​ឱ្យសង្គ្រោះ​បាបរបស់​យើង​ជាមនុស្ស​ទន់​ខ្សោយ ដែលអាចនឹងប្រព្រឹត្តបាបជាដដែលៗ។

ភាព​អស់​សង្ឃឹម​នៅ​ក្នុង​ជីវិតរបស់មនុស្សយើងគឺយើងមិនអាចផុតពីបាបនោះបានទេ។ បើនិយាយ​ឱ្យ​ស្រួល​​គឺ​ជាបាបកម្ម​ដែល​យើង​​មាន ពេលខ្លះយើងមានកម្មពារណាមួយដែល​ធ្វើឱ្យយើងមិន​អាច​ឆ្លងផុ​ត​បាន ​តែសំណាងល្អយើង​មានព្រះយេស៊ូនៅក្នុងលោកនេះដើម្បីជួយយើង។ ​តាម​រយៈព្រះបន្ទូល​នៅ​ ថ្ងៃ​នេះ​នាំឱ្យយើងដឹងថា ព្រះអង្គយាងមក​ពីស្ថាន​បរម​សុខតាមការចាត់តាំងរបស់ព្រះបិតា ហើយនៅ​ពេល​ទ្រង់យាងទៅស្ថានបរមសុខវិញ ទ្រង់ក៏នាំយើងអំពើបាបរបស់យើងទៅជាមួយទ្រង់ដែរ។

ព្រះអង្គមានព្រះជន្មគង់នៅ ព្រះអង្គបានស្ថិតនៅ មានន័យថាព្រះយេស៊ូ​បាន​ទទួល​សិរីរុងរឿង។ យើង​ឃើញ​ព្រះអង្គទៅគង់នៅខាង​ស្តាំព្រះបិតា​ដូច​ជាធម៌ជឿដែលយើងបានប្រកាស។ ដូច្នេះ​នេះ​ជា​កម្លាំង​សេច​ក្តី​សង្ឃឹមរបស់យើង ឆ្នាំនេះជា​ឆ្នាំ​នៃមហាករុណាទិគុណជាឆ្នាំដែល​យើងកំពុងតែ​ធ្វើដំណើ​រជា​មួយ​ព្រះ​យេ​ស៊ូ ជាមួយព្រះសហគមន៍​ក្នុងសេចក្តី​សង្ឃឹម។ បងប្អូនដឹងទេថា យើងគ្រាន់តែមានសេចក្តីសង្ឃឹម​នៅក្នុង​លោកិ​យ៍នេះ តែជាក្តីសង្ឃឹមនៅស្ថានបរមសុខគឺជាជីវិតនៅខាងមុខដែរ។ យើងមិនគ្រាន់តែ​មានជីវិត​ជាប់​នៅលោកនេះទេ តែព្រះយេស៊ូបានបង្ហាញថាមានជីវិតមួយទៀតគឺជីវិតអស់កល្បជានិច្ច ហើយនៅជា​មួយព្រះបិតារបស់យើងទាំងអស់គ្នា។​

ដូច្នេះសុំឱ្យបងប្អូនធ្វើដំ​ណើរនៅក្នុងលោកនេះ​ដោយមានក្តី​សង្ឃឹម ​ទោះបីយើងឃើញ​មាន​លារ​រញ្ជួយ​ផែន​ដី គ្រោះធម្មជាតិ មានរឿងច្រើនចូលមកនៅក្នុង​ជីវិតរបស់​យើង​ជួយកា​លបងប្អូនអាចមានអារម្មណ៍​ថា​ពិបាក​កែ​អ្វីមិនបាន ទុកឱ្យហេតុការណ៍នឹងកើតឡើងទៅ ប្រហែលបង​ប្អូនមាន​ភាពអស់សង្ឃឹម តែ​សូម​បង​ប្អូនកុំភ្លេចថា ឆ្នាំនៃសេចក្តីសង្ឃឹមនេះជំរុញឱ្យយើងមានក្តីសង្ឃឹម និងចែករំលែងក្តីសង្ឃឹម ក្តីស្រឡាញ់​របស់​ព្រះជាម្ចាស់ទៅឱ្យអ្នកដទៃ ដូច្នេះសុំកុំអស់សង្ឃឹម​នៅ​ពេលដែលយើងកំពុងតែជួបនឹងបញ្ហា យើង​មាន​ព្រះបិតាដែលជួយគាំទ្រយើង យើងមានព្រះយេស៊ូដែល​នាំជំនួយនៃការសង្គ្រោះពីព្រះជាម្ចាស់មក​ឱ្យ​យើង ដើម្បីឱ្យយើងត្រឡប់ទៅនៅជាមួយព្រះបិតាយើងវិញ។

សូមបងប្អូនអធិដ្ឋានអង្វរព្រះជាម្ចាស់កាន់តែច្រើន ជាពិសេនៅវេលាដែលយើងកំពុង​តែធ្វើដំណើ​ររួម​ជា​មួយ​​ព្រះយេស៊ូនៃមាគ៌ាឈើឆ្កាង​​ មាគ៌ារងទុក្ខលំបាក ដើម្បីទៅទទួលសិរីរុងរឿងជា​មួយព្រះយេស៊ូ​ដែល​មានព្រះជន្មរស់ឡើងវិញដ៏រុងរឿង។ សូមព្រះជាម្ចាស់ប្រទានពរឱ្យបងប្អូន និងសុំឱ្យបងប្អូនធ្វើដំណើរ​ជាមួយព្រះអង្គទទួលស្គាល់ថាព្រះអង្គជាព្រះសង្គ្រោះមែន និងជួយយើងទាំងអស់គ្នាមានសេចក្តី​សង្ឃឹម​ឡើងវិញ រួមជាមួយព្រះបិតានៅជីវិតខាងមុននេះដែរ។ សូមព្រះជាម្ចាស់ប្រទានពរឱ្យអស់បងប្អូន៕

Daily Program

Livesteam thumbnail