ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (៦,៣០-៣៥)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី

បាទជម្រាបសួរបងប្អូនជាទីស្រឡាញ់! ព្រះបន្ទូលរបស់ព្រះយេស៊ូថ្ងៃនេះបង្ហាញថាព្រះអង្គដូចជាអាហារដែលមកពីស្ថានបរមសុខ ខ្ញុំនេះហើយ​ដែលជាអាហារដែល​ផ្តល់ជីវិត ​អ្នកណា​មករកខ្ញុំ​អ្នកនោះ​លែង​ឃ្លាន​ទៀត​ហើយ អ្នកណាជឿលើខ្ញុំអ្នកនោះ​លែងស្រេកទៀតហើយ។ ​

បាទបងប្អូន! នៅក្នុងរយៈ​ពេលដែលយើងកំពុងមានអំណរ​សប្បាយក្រោយបុណ្យចម្លង​ព្រះយេស៊ូមាន​របៀប​បង្ហាញខ្លួន និងព្យាយាមទាក់ទងជាមួយសាវ័ករបស់ព្រះអង្គ ជូនកាលតាមឆ្នេរសមុទ្រ ប៉ុន្តែ​មាន​​ច្រើនដងដែលព្រះអង្គអង្គុយ និងពិសារនំបុ័ងជាមួយក្រុមសាវ័ក។ បន្តិចម្តងៗព្រះយេស៊ូបង្ហាញថា ព្រះ​អង្គ​នេះ​ហើយជាអាហារមកពីស្ថានបរមសុខជាអាហារដែលផ្តល់ជីវិតសម្រាប់យើង។

បាទបងប្អូន! យើងដឹងថាព្រះយេស៊ូជាអាហារដែល​មិនមែន ផ្តល់​សម្រាប់តែ​រូប​កាយ​​របស់​​យើងឲ្យ​មាន​កម្លាំង​​មាំមួនសុខភាពល្អតែប៉ុណ្ណឹង តែព្រះអង្គជាម្ហូបអាហារខាងផ្លូវវិញ្ញាណ​ អាហារ​ខាង​ផ្លូវ​វិញ្ញាណ​នេះ​ព្រះអង្គ​បានបង្ហាញថា ព្រះអង្គផ្ទាល់ដែលជាម្ហូបមកពីស្ថានបរមសុខ​ដែលព្រះបិតាចាត់​ព្រះអង្គ​ឱ្យមក​តែ​យើង​ទទួលព្រះអង្គតាមរបៀបណា។ បាទបងប្អូនដឹងហើយថា នៅក្នុងពិធីអភិបូជាយើងមានពាក្យបន្ទូល​របស់ព្រះយេស៊ូដែល​រំលឹកយើងថានេះជាព្រះកាយរបស់ខ្ញុំ នេះ​ជាលោហិតរបស់ខ្ញុំ។

បន្តិចទៀតយើងនឹងបានទទួលព្រះអង្គជារៀងរាល់អាទិត្យពេលដែលបងប្អូនបានចូលរួមអភិបូជា នេះជា​របៀបមួយដែលព្រះយេស៊ូរក្សាទំនាក់ទំនងរវាងយើង និងមនុស្សជាពិសេសជាមួយអ្នកជឿ។  បងប្អូនដឹង​ហើយថាខាងមុខនេះយើងនិងមានបុណ្យមួយគឺបុណ្យព្រះកាយ និងព្រះលោហិតរបស់ព្រះអង្គ។ ហាក់​ដូច​ជានៅពេលនេះព្រះបន្ទូលជួយរៀបចំយើង ឱ្យយើងស្គាល់របៀបព្រះអង្គបានរស់នៅក្នុងជីវិតរបស់យើង ម្យ៉ាង​ដែរ។ ព្រះវិញ្ញាណដ៏វិសុទ្ធជួយឱ្យយើងយល់ថា អ្វីដែលព្រះអង្គកំពុងតែ​មានព្រះបន្ទូល​ជាមួយ​យើង​បាន​ឱ្យយើងដឹងថា ព្រះយេស៊ូគ្រីស្តតែមួយព្រះអង្គប៉ុណ្ណោះដែលជាម្ហូបខាងផ្លូវវិញ្ញាណរបស់យើង។

ជួនកាលយើងបាត់បង់អំណោយទាន ឬក៏បាត់បង់អ្វីដែលយើង​អាចទទួលបាន​ខាងផ្លូវវិញ្ញាណ​ដោយ​សា​រអំ​ពើ​បាបរបស់យើង ប៉ុន្តែថ្ងៃនេះព្រះអង្គបានប្រៀបធៀប និងពន្យល់ដល់ក្រុមដែលមកសួរព្រះយេស៊ូថា តើព្រះអង្គផ្ទាល់អ្វីឱ្យយើង! ដោយសារនៅក្នុងប្រវត្តិសាស្រ្ត សេរីភាពជនជាតិអ៊ី​ស្រាអែលបានទទួលការចិ​ញ្ចឹម​ពីព្រះអម្ចាស់តាមរយៈនំអាហារ តែឥឡូវនេះព្រះយេស៊ូលើសពី​នំអាហារទៅទៀត​ ដោយសារ​នំអាហារ​របស់បុព្វបុរសរបស់ជនជាតិយូដាញាំហើយនឹងស្លាប់ ក៏ប៉ុន្តែអ្នកដែលទទួលម្ហូបខាងផ្លូវវិញ្ញាណ​គឺព្រះកាយ​ព្រះអង្គផ្ទាល់នាំឱ្យយើងមានជីវិតអស់កល្បជានិច្ច។

មានន័យថា ទោះបីយើងស្លាប់ទៅហើយក៏យើងអាចទទួលអំណោយទាននោះឱ្យជីវិតរបស់យើងរស់រាន​បន្តទៅមុខជាមួយព្រះអង្គ។ បាទបងប្អូនឱ្យយើងត្រៀមចិត្តគំនិតយ៉ាងល្អ រាល់ពេលដែលបងប្អូន​ទៅទទួល​ព្រះកាយ រាល់ពេលដែលយើងស្តាប់ព្រះបន្ទូលផ្តល់ជីវិត ហើយធ្វើឱ្យយើងទាំងអស់គ្នារស់នៅ​ដោយមា​​នក្តីសង្ឃឹមជាពិសេសនៅក្នុងឆ្នាំនៃសេចក្តីសង្ឃឹមនេះផង។ សូមព្រះជាម្ចាស់ប្រទានពរឱ្យអស់បងប្អូន៕

Daily Program

Livesteam thumbnail