ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥អត្ថបទគម្ពីរ (យ៉ូហាន ៦,២២-២៩)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ វី សំណាង

នៅក្នុងអត្ថបទព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហានថ្ងៃនេះយើងបានស្តាប់ឮព្រះយេស៊ូមានព្រះបន្ទូលទៅកាន់បណ្តាជនដែលដើរតាមព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលថា៖អ្នករាល់គ្នាដើរតាមខ្ញុំដោយសារអ្នករាល់គ្នាបានបរិភោគឆ្អែតតែប៉ុណ្ណឹង។ ប្រសិនបើយើងមើលដើមជំពូកទី៦យើងនឹងឃើញព្រះយេស៊ូបានធ្វើការអស្ចារ្យ ប្រោសឲ្យមាននំបុ័ង និងត្រីជាច្រើនដើម្បីចិញ្ចឹមបណ្តារជន ដូច្នេះពួកគេបានហូតឆ្អែតហើយនៅសេសសល់ទៀត។
នេះជាអ្វីមួយដែលព្រះយេស៊ូចង់មានព្រះបន្ទូលសម្រាប់យើងម្នាក់ៗដែលជាគ្រីស្តបរិស័ទសព្វថ្ងៃនេះ ឱ្យយើងសួរបញ្ជាក់អំពីជំនឿរបស់យើង តើខ្ញុំជឿលើព្រះយេស៊ូ ខ្ញុំដើរតាមព្រះអង្គដោយសារមូលហេតុអ្វី? ពេលខ្លះដោយសារប្រយោជន៍ខាងរូបកាយរបស់យើង ដើម្បីប្រយោជន៍ជីវិតខាងលោកិយ៍ និងសម្រាប់ប្រយោជន៍ខាងក្រពះតែប៉ុណ្ណឹង ឬក៏យើងជឿទុកចិត្តទាំងស្រុងទៅលើព្រះជាម្ចាស់។
ដូច្នេះប្រសិនបើយើងមានហេតុផលផ្សេងខាងលោកិយ៍ ដើម្បីជឿលើព្រះយេស៊ូចូរបងប្អូនត្រូវដឹងថា នៅលើលោកិយ៍នេះអ្វីៗមិនស្ថិតស្ថេរទេ! ជំនឿរបស់យើងក៏ដូចគ្នា ដូច្នេះកិច្ចការដែលយើងត្រូវធ្វើគឺគ្រាន់តែជឿទៅលើព្រះអង្គដែលជាព្រះបុត្រារបស់ព្រះជាម្ចាស់ឲ្យប្រាកដពីចិត្ត ដោយមិនពាក់ព័ន្ធអ្វីមួយក្នុងលោកិយ៍នេះ ដើម្បីជឿលើព្រះអង្គ នោះប្រសិនបើថ្ងៃណាមួយលោកិយ៍នេះផ្លាស់ប្តូរមិនស្ថិតស្ថេរជំនឿរបស់យើងក៏នឹងផ្លាស់ប្តូរដែរ ។
ដូច្នេះសុំឱ្យជំនឿរបស់យើងដែលជាគ្រីស្តបរិស័ទ កុំពឹងលើអ្វីដែលនៅខាងលោកិយ៍នេះដើម្បីឱ្យយើងជឿលើព្រះអង្គតែប៉ុណ្ណឹង ប៉ុន្តែឱ្យយើងចាក់ឫសយ៉ាងជ្រៅនៅក្នុងជំនឿរបស់យើងទទួលស្គាល់វត្តមានរបស់ព្រះអង្គដែលជាព្រះបុត្រារបស់ព្រះជាម្ចាស់ ទុកចិត្តលើព្រះអង្គនោះយើងនឹងឃើញវត្តមានរបស់ព្រះអង្គ យើងនឹងឃើញការអស្ចារ្យរបស់ព្រះអង្គនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង។
សុំព្រះជាម្ចាស់ប្រទានពរដល់យើងដែលជាគ្រីស្តបរិស័ទ ឱ្យយើងសួរខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃអំពីជំនឿរបស់យើងដែលជឿទៅលើព្រះអង្គដោយសារអ្វី? សូមព្រះជាព្រះម្ចាស់ជួយបន្សុតជំនឿរបស់យើងពីមួយថ្ងៃទៅមួយថ្ងៃដើម្បីឱ្យជំនឿនេះនាំយើងទៅដល់ព្រះជាម្ចាស់ដែលជាប្រភពនៃអ្វីៗទាំងអស់។ អាម៉ែន៕
Daily Program
