ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (យ៉ូហាន៧,៤០-៥៣)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន

នៅថ្ងៃសៅរ៍ទី០៥ព្រះបន្ទូលដែលយើងបានស្តាប់នៅថ្ងៃនេះយើងឃើញថាប្រជាជនអ៊ីស្រាអែលនៅតែមានការសង្ស័យ អ្នកខ្លះថាលោកជាព្យាការី លោកជាព្រះគ្រីស្តដែលកំពុងតែរង់ចាំ និងមានខ្លះទៀតគេបដិសេធមិនទទួលស្វាគមន៍ព្រះយេស៊ូ គឺពួកបូជាចារ្យ ពួកផារ៉ាស៊ីដែលចង់ធ្វើគត់ព្រះអង្គ។
សេចក្តីទាំងអស់នោះហើយដែលធ្វើឱ្យយើងឃើញថា ប្រជាជានរបស់ព្រះអង្គមានចិត្តឈ្លានីស ខឹងនឹងព្រះអង្គចង់ធ្វើគត់ព្រះអង្គ ប៉ុន្តែមានម្នាក់ឈ្មោះនីគូដឹម លោកជាបុគ្គលម្នាក់ដែលបានជួបព្រះយេស៊ូ ហើយបានមកប្រកាសថា យើងមិនអាចវិនិច្ឆ័យដាក់ទោសអ្នកដទៃបានលុះត្រាតែយើងបានស្តាប់ព្រះបន្ទូល គឺយើងត្រូវដឹងអំពីគាត់ជាមុនសិន ទើបយើងអាចវិនិច្ឆ័យបាន។
បងប្អូនជាទីស្រឡាញ់! ពេលដែលខ្ញុំបានជម្រាបជូនសេចក្តីសង្ខេបអំពីមន្ទិលសង្ស័យរបស់ប្រជាជនអ៊ីស្រាអែលដែលបដិសេធព្រះយេស៊ូ សម្រាប់សាសន៍យូដានៅតែទន្ទឹងរង់ចាំព្រះមេស្ស៊ីរបស់គេរហូតដល់សព្វថ្ងៃ ឆ្នាំ២០២៥ហើយ តើសំណួរដែលសួរថា តើព្រះយេស៊ូគឺជានរណាសម្រាប់ខ្ញុំ សម្រាប់យើងសព្វថ្ងៃនេះ? នេះពិតជាមានអត្ថន័យសម្រាប់យើងម្នាក់ៗ ពេលណាយើងជឿយើងត្រូវតែសួរថាតើព្រះយេស៊ូគឺជានរណា? សម្រាប់ខ្ញុំជាអ្នកដែលគោរពប្រណិបត្តិព្រះយេស៊ូនៅពេលសព្វថ្ងៃនេះខ្ញុំជឿថា ព្រះយេស៊ូពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ ពិតជាព្រះសង្គ្រោះមនុស្ស លោកធ្វើឱ្យខ្ញុំមានជីវិតថ្មី ពន្លឺថ្មីនៅក្នុងជីវិតរបស់ខ្ញុំ ក្តីសង្ឃឹមថ្មី ទាំងអស់នេះហើយដែលនាំឱ្យខ្ញុំជឿថាព្រះអង្គពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់។
ព្រះអង្គបានចាប់កំណើតជាមនុស្សដើម្បីធ្វើឱ្យមនុស្ស ដូចជាខ្ញុំដែលជាអ្នកមានបាបឲ្យមានជីវិតថ្មីមានកំណើតាថ្មីនៅក្នុងនាមព្រះជាម្ចាស់។ អ្វីដែលជារឿងកំសត់ អ្វីដែលជារឿងវេទនារបស់ខ្ញុំពីអតីតកាល ពេលខ្ញុំបានជួបព្រះយេស៊ូធ្វើឱ្យឃើញថាអតីតកាលរបស់ខ្ញុំអត់មានតម្លៃ តែជីវិតថ្មីដែលបានរួមជីវិតថ្មីពីព្រះយេស៊ូបានធើ្វឱ្យជីវិតថ្មីរបស់ខ្ញុំនេះមានសេចក្តីសង្ឃឹម អំណរសប្បាយ៕
Daily Program
