ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (ម៉ាកុស ១០,២៨-៣១)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី

បាទជម្រាបសួរបងប្អូនជាទីស្រឡាញ់! ព្រះបន្ទូលថ្ងៃនេះជាព្រះបន្ទូលថ្ងៃចុងក្រោយរបស់រដូវធម្មតាមុនយើងចូលរដូវ៤០ថ្ងៃ ត្រូវនឹងថ្ងៃអង្គារទី០៨អាទិត្យទី០៨ក្នុងរដូវធម្មតា។ បងប្អូនបានស្តាប់ព្រះបន្ទូលថ្ងៃនេះ និយាយពីការប្រឈមសម្រាប់អស់អ្នកដែលចង់ដើរតាមព្រះអង្គ អំពីជំនឿយើងត្រូវលីឈើឆ្កាងលះបង់ខ្លួនឯង លះបង់ផ្ទះសម្បែង បងប្អូន កូនចៅគ្រួសារ ការងារដើម្បីទៅដើរតាមព្រះអង្គ។ អ្វីដែលយើងរំពឹងទុកគឺព្រះយេស៊ូបានសន្យាចំពោះយើងថាអស់អ្នកដែលដើរតាមព្រះអង្គគឺនឹងបានទទួលយ៉ាងច្រើននៅពេលក្រោយ។
បាទបងប្អូនជាទីស្រឡាញ់! ព្រះបន្ទូលថ្ងៃនេះបានជួយឱ្យយើងរិះគិតអំពីជីវិតនៃការត្រាស់ហៅរបស់យើងជាគ្រីស្តបរិស័ទ បងប្អូនអាចនឹកឃើញជីវិតជាបូជាចារ្យ បងប្រុសបងស្រី ជាពិសេសសាសនៈទូតដែលលះបង់គ្រួសារខ្លួនដែលសុខស្រួល បែរងាកមកបម្រើព្រះសហគមន៍នៅប្រទេសកម្ពុជាយើង។ បងប្អូនអាចនឹកដល់សេចក្តីស្រឡាញ់ អ្វីដែលគាត់មានចំពោះជំនឿ ចំពោះបងប្អូន យើងក៏ឃើញថាការរស់នៅរបស់គាត់ជាភស្តុតាងយ៉ាងជាក់ស្តែង បងប្អូនអាចនឹងឃើញការលះបង់ខ្លួនមិនគ្រាន់តែជាជីវិតនៃការបម្រើព្រះសហគមន៍ប៉ុណ្ណោះទេ យើងអាចឃើញនៅក្នុងការរស់នៅជីវិតប្រចាំថ្ងៃរបស់យើង ដូចជានៅក្នុងក្រុមគ្រួសារ នៅកន្លែងការងារ។
ពិតមែនយើងត្រូវការលះបង់ដោយមិនគិតពីប្រយោជន៍ខ្លួន តែជាប្រយោជន៍រួម ជាពិសេសផលប្រយោជន៍របស់សង្គមសន្តិសុខជាតិយើង ឯខាងផ្លូវវិញ្ញាណក៏ដូចគ្នាកាលណាយើងអត់ជាប់ជំពាក់ចិត្តនៅអាលះអាល័យជីវិតលោកិយ៍នេះពេកទេ យើងក៏នឹងអាចបន្តនៃការថ្វាយខ្លួនទៅព្រះជាម្ចាស់ ធ្វើកិច្ចការទាំងអស់ថ្វាយទៅព្រះជាម្ចាស់ នោះយើងឃើញថាទោះបីនៅពេលពិបាកជួបឧបសគ្គបញ្ហានានា បើឆន្ទៈឬគោលដៅច្បាស់លាស់ ដោយសេចក្តីស្រឡាញ់ព្រះជាម្ចាស់នឹងជួយយើងឲ្យអាចបំពេញបេសកកម្ម ឬការងារដែលទ្រង់បានត្រាស់ហៅឱ្យក្លាយជាពិតជាក់ជាពុំខានឡើយ។
បាទ!ដូច្នេះបងប្អូនជាពិសេសបងប្អូនដែលជាគ្រីស្តបរិស័ទសូមរិះគិតពិចារណាថា តើយើងអាចឆ្លើយតបនៃការត្រាស់ហៅរបស់ព្រះអង្គនៅក្នុងការបម្រើកិច្ចការដែលព្រះអង្គត្រាស់ហៅយើងឬយ៉ាងណា? អាចក្លាយជាមេគ្រួសារ អាចជាគ្រីស្តបរិស័ទធម្មតា ឬក៏អាចទៅជាបុជិតបុជិតា បងប្រុសបងស្រី និងបូជាចារ្យជាដើមដើម្បីបម្រើព្រះសហគមន៍ ឬបម្រើព្រះជាម្ចាស់។ បងប្អូនមានអំណរសប្បាយបម្រើព្រះអង្គ! ទោះបីយើងជួបការលំបាកអ្វីក៏ដោយព្រះអង្គនឹងឱ្យយើងឆ្លងកាត់បាន ម្យ៉ាងទៀតសម្រាប់ក្តីសង្ឃឹមរបស់យើងអំពីរង្វាន់នៅស្ថានបរមសុខ ពិតមែននេះគឺជាជំនឿនៅក្នុងលោកខាងមុខរបស់យើងផងដែរ។
សូមឱ្យព្រះបន្ទូលថ្ងៃនេះជួយជំរុញឱ្យបងប្អូនអាចឆ្លើយតប និងបំពេញកាតព្វកិច្ច ក៏ដូចជាតួនាទីរបស់ខ្លួនយ៉ាងល្អដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងទុកចិត្តលើព្រះអង្គថែរក្សាយើង។
សូមព្រះជាម្ចាស់ប្រទានពរឱ្យអស់បងប្អូន អាមែន៕
Daily Program
