ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ អត្ថបទគម្ពីរយ៉ូហាន ១៨,១-១៩,៤២អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ផាន បូរី
នៅក្នុងអត្ថបទព្រះគម្ពីរថ្ងៃនេះទៀតសោត គឺយើងបានស្តាប់ ឬបានឮអំពីថ្ងៃសុក្រពិសិដ្ឋដែលព្រះយេស៊ូ ព្រះអង្គបានសោយទិវង្គត ហើយអ្វីបានជាព្រះអង្គសោយទិវង្គត? អស់រយៈពេល ៣ ឬ៤ឆ្នាំ ព្រះយេស៊ូទៅប្រកាសដំណឹងល្អ នាំឱ្យប្រជាជនអត់សប្បាយចិត្តទេ រហូតដល់គេចាប់ព្រះអង្គ គេឃុំខ្លួនព្រះអង្គ គេធ្វើបាបព្រះអង្គ និងគេសម្លាប់ព្រះអង្គ។
ការឃុបឃិតគ្នារបស់មនុស្ស នាំឱ្យព្រះអង្គសោយទិវង្គត ក៏ប៉ុន្តែ ៣ថ្ងៃក្រោយមក ព្រះអង្គមានព្រះជន្មរស់ឡើងវិញ។ លោកឪពុកចង់ចែកថា មនុស្សយើងដូចជាមនុស្សតាមលោក យូដាស អ៊ីស្ការីយ៉ុត ជាមនុស្សដែលយើងហៅថា ជាមនុស្សដែលស៊ីបាយបោកឆ្នាំង ឬជាមនុស្សដែលមានចិត្តមិនបរិសុទ្ធ ក្បត់ព្រះអង្គ។ នៅជាមួយព្រះអង្គ ធ្វើសកម្មភាពជាមួយព្រះអង្គ ក៏ប៉ុន្តែចុងក្រោយ ដោយសារការស្រឡាញ់លុយ ដោយសារការស្រឡាញ់អំណាច រហូតដល់គាត់សម្លាប់ព្រះអង្គ លក់ព្រះអង្គដើម្បីលុយ។ ពេលក្រោយមក គាត់យល់ថាគាត់បានធ្វើខុស គឺនៅពេលនោះបានហួសហើយ គឺគាត់បានសម្លាប់លោកគ្រូរបស់គាត់ហើយ។
យើងឃើញថាគេចាប់ព្រះអង្គ គេវាយវាត់ព្រះអង្គ និងគេបណ្ដើរព្រះអង្គនៅតាមផ្លូវ។ យើងឃើញថា សន្តសិលា ជាសន្តបុគ្គលម្នាក់ដែលព្រះយេស៊ូស្រឡាញ់ដែរ ហើយជាមនុស្សម្នាក់ដែលថា ខ្ញុំនៅជាមួយព្រះអង្គ ខ្ញុំមិនបោះបង់ចោលព្រះអង្គទេ។ ក៏ប៉ុន្តែនៅពេលដែលគេចាប់ព្រះយេស៊ូ សន្តសិលានេះទៀតសោត ក៏បានបដិសេធថា មិនស្គាល់ព្រះអង្គដែរ។ ហើយសាវ័កផ្សេងៗទៀត បែកផ្លូវចែកផ្លូវគ្នាអស់ មិនដឹងជាទៅខាងណាខាងណី ដោយសារម្នាក់ៗរត់រួចខ្លួន ខ្លាចគេសម្លាប់ ខ្លាចគេធ្វើបាប។
រហូតដល់គេបានបណ្ដើរព្រះយេស៊ូ ព្រះអង្គលីឈើឆ្កាង បានជួបមនុស្សឯទៀតៗ បានជួបមាតារបស់ព្រះអង្គ បានជួបប្រជាជនដែលព្រះអង្គធ្លាប់បង្រៀន គេលែងគាំទ្រគាត់ ហើយផ្ទុយទៅវិញ គេស្រែកថា «ឆ្កាងទៅ! ឆ្កាងទៅ!»។ យើងឃើញថា បន្ទាប់មកគឺព្រះអង្គត្រូវបានគេឆ្កាងជាមួយចោរព្រៃ ២ នាក់ ហើយបន្ទាប់មក ព្រះអង្គគឺសោយទិវង្គត។
សោយទិវង្គត គេបានយកព្រះសពព្រះអង្គទៅបញ្ចុះក្នុងរូងថ្មមួយ ហើយព្រះអង្គបានយាងចុះទៅស្ថានក្រោម លុះដល់ថ្ងៃទី ៣ គឺព្រះអង្គមានព្រះជន្មរស់ឡើងវិញ ឬមានព្រះជន្មថ្មីដ៏រុងរឿង។ នេះសបញ្ជាក់ថា មនុស្សយើងមានអំពើបាបនៅក្នុងខ្លួន យើងមានអស្មិមានះនៅក្នុងជីវិតរបស់យើង។ ហើយនេះយើងឃើញថា ព្រះយេស៊ូព្រះអង្គចង់លុប ព្រះអង្គចង់ជម្រះ អ្វីៗដែលពិភពលោកនេះគិតថា ព្រះអង្គគិតថាអត់ល្អ ក៏ប៉ុន្តែផ្ទុយទៅវិញ ព្រះយេស៊ូហាក់បីដូចជាធ្វើអត់បាន។
ក៏ប៉ុន្តែព្រះយេស៊ូអត់អស់សង្ឃឹមទេ ព្រះយេស៊ូបានផ្ញើមុខងារជាគ្រីស្ដទូតតាមរយៈក្រុមគ្រីស្ដទូតទាំង ១២ ដកលោកយូដាស អ៊ីស្ការីយ៉ុតចេញ។ យើងឃើញថា ព្រះសហគមន៍រហូតដល់សព្វថ្ងៃនេះ គឺនៅតែបន្តបេសកកម្មរបស់ព្រះយេស៊ូ។ ទោះបីយើងមើលអត់ឃើញព្រះយេស៊ូ យើងអត់បាននិយាយផ្ទាល់ជាមួយព្រះយេស៊ូ តែតាមរយៈវិញ្ញាណ តាមរយៈជំនឿរបស់យើង ព្រះអង្គគង់នៅជាមួយយើង។
ព្រះអង្គកំពុងតែផ្សះផ្សាមនុស្សលោក ដែលកំពុងតែបាក់បែកគ្នា សព្វថ្ងៃនេះ យើងឃើញថា មានសង្គ្រាមរវាងអ៊ីរ៉ង់ និងប្រទេសអ៊ីស្រាអែល រវាងអាមេរិក និងអ៊ីស្រាអែល រវាងប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន ឬប្រទេសផ្សេងៗទៀត ដែលកំពុងតែមានអំពើហិង្សា។ យើងសូមព្រះជាម្ចាស់ សូមព្រះយេស៊ូ សូមព្រះវិញ្ញាណដ៏វិសុទ្ធ ជួយផ្សះផ្សាអ្នកដឹកនាំទាំងអស់នោះ ឱ្យគេចេះឱ្យតម្លៃមនុស្សនៅលើពិភពលោកនេះថា ពិតមែន មនុស្សទាំងអស់គឺជាបងប្អូននឹងគ្នា។ សូមឱ្យមនុស្សទាំងអស់ចេះផ្សះផ្សាគ្នាដោយសន្តិវិធី និងចេះផ្ដល់តម្លៃឱ្យគ្នាទៅវិញទៅមក ពីព្រោះមនុស្សមានតម្លៃលើសអ្វីៗទាំងអស់។ សូមឱ្យតម្លៃនេះបានកប់ជ្រៅនៅក្នុងមនុស្សលោក និងសូមឱ្យពិភពលោកបានប្រកបទៅដោយសេចក្ដីសុខសាន្តផងដែរ។ អាម៉ែន៕