ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥អត្ថបទគម្ពីរ ម៉ាកុស (១០,១៧-២៧) អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ វី សំណាង

ព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស(១០,១៧-២៧) បានឱ្យយើងឃើញបុរសម្នាក់បានមករកព្រះយេស៊ូ ហើយសុំឱ្យព្រះអង្គបង្ហាញផ្លូវឱ្យគាត់ តើត្រូវធ្វើដូចម្តេចដើម្បីទទួលបានជីវិតអស់កល្បជានិច្ចទុកជាមរតក។ ព្រះយេស៊ូបានសួរគាត់ តើគាត់បានធ្វើតាមវិន័យយ៉ាងភ្ជាប់ផ្ជួនឬអត់? គាត់ឆ្លើយថា គាត់បានប្រកាន់ភ្ជាប់នូវធម្មវិន័យរបស់ព្រះជាម្ចាស់ឥតខ្វះចន្លោះទេ ព្រះយេស៊ូប្រាប់ថាល្អណាស់ ប៉ុន្តែវិន័យតែមួយគាត់ដែលគាត់មិនទាន់បានបំពេញគឺត្រូវទៅវិញលក់ទ្រព្យសម្បត្តិរបស់ខ្លួន ហើយដើរតាមព្រះអង្គ។
យើងឃើញភ្លាមៗនោះបុរសនោះអាក់អន់ស្រពន់ចិត្ត ទឹកមុខក៏ស្រពោន ដោយសារគាត់មានទ្រព្យសម្បត្តិច្រើនគាត់មិនអាចធ្វើរឿងនឹងបាន នេះជាអ្វីមួយដែលព្រះយេស៊ូនិយាយពីទ្រព្យសម្បត្តិព្រះអង្គបន្តប្រាប់ថា អ្នកមានពិបាកចូលនៅក្នុងព្រះរាជ្យនៃស្ថានបរមសុខ ជាងសត្វអូដ្ឋចូលនៅក្នុងប្រហោងម្ជុល។ អ្នកមាននៅទីនេះព្រះយេស៊ូមិនមែនសំដៅទៅលើទ្រព្យសម្បត្តិ ឬធនធានលុយកាក់តែប៉ុណ្ណឹង ព្រះអង្គចង់និយាយពីអ្វីដែលយើងជាប់ជំពាក់ទៅលើវា សូមឱ្យយើងចេះប្រលែងចោល ដើម្បីឱ្យយើងអាចដើរតាមព្រះយេស៊ូធ្វើជាសាវ័ករបស់ព្រះអង្គ។
នៅក្នុងជីវិតរបស់យើងពេលខ្លះយើងមានសំពាយជីវិត គឺយើងស្ពាយជាប់និងខ្លួនរបស់យើងមិនមែនជាទ្រព្យសម្បត្តិ ប៉ុន្តែជាចិត្តលោភលន់អាចជាកំហឹងអាចជាចិត្តចង្អៀតចង្អល់របស់យើង ឬជាអ្វីមួយដែលណែនាំឱ្យយើងផុងខ្លួនមិនអាចចូលនៅក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់បាន។
ដូច្នេះព្រះយេស៊ូចង់ឱ្យយើងទម្លាក់វាចោល ដើម្បីឱ្យខ្លួនយើងស្រាលដើម្បីឱ្យយើងអាចដើរតាមព្រះយេស៊ូអាមែន៕
Daily Program
