ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦អត្ថបទគម្ពីរយ៉ូហាន ១៤,៧-១៤អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យអ៊ុន សុន

ក្នុងឱកាសនៃរដូវបុណ្យចម្លងនេះ យើងមានអំណរសប្បាយរីករាយ ដោយព្រះយេស៊ូមានព្រះបន្ទូលថា ព្រះ​អង្គបង្ហាញព្រះបិតាដល់យើងទាំងអស់គ្នា គឺព្រះបិតាដែលបានចាត់ព្រះអង្គឲ្យមក។ ​ព្រះ​បន្ទូលនេះ ជារឿងថ្មីមួយដែលធ្វើឲ្យជនជាតិយូដា គេមិនព្រមជឿ មិនព្រម​​ទទួល​។

ទោះយ៉ាងណាក៏ដោយ ក៏ព្រះយេស៊ូមានព្រះបន្ទូលថា អ្នកឃើញខ្ញុំ ក៏ដូចជាឃើញព្រះបិតាដែរ។ នេះ​ជា​អំណរ​សប្បាយដ៏ធំធេងមួយ ដែលធ្វើឲ្យយើងជាគ្រីស្តបរិស័ទ យើងមានព្រះបិតាមួយអង្គ និងព្រះបុត្រានិង​ព្រះ​វិញ្ញាណដ៏វិសុទ្ធ ជាអង្គតែមួយ ជាធ្លុងតែមួយ ក្នុងសេចក្ដីស្រឡាញ់ដែលគង់នៅជាមួយយើង។ បងប្អូ​ន​ជា​​ទីស្រឡាញ់! ជាគ្រីស្តបរិស័ទយើងទទួលដំណឹងល្អពីព្រះយេស៊ូ ធ្វើឲ្យមនុស្សលោកមាន​អំណរ​សប្បាយ ធ្វើឲ្យមនុស្សលោកមានសេចក្ដីសង្ឃឹម ដោយ​មាន​ព្រះបុត្រា​គឺ​ព្រះយេស៊ូដែលព្រះបិតា​ប្រទាន​ឲ្យ​ យើង​ទាំង​អស់គ្នាមានគង្វាលដែលណែ​នាំ​យើង ដឹកនាំយើង។ នៅថ្ងៃអាទិត្យកន្លងមក គឺគង្វាលដ៏សប្បុរសដែល​ព្រះយេ​ស៊ូបានណែនាំសាវ័កទាំងឡាយ ដើម្បីចាត់ឲ្យ​សាវ័ក​ទាំង​ឡាយមកជួបជុំគ្នា ដោយ​​ព្រះអង្គ​ជា​អ្នក​គង្វាលដ៏សប្បុរស។

ដំណឹងល្អធ្វើឲ្យយើងជួបជុំគ្នា ក្នុងឱកាសគង្វាលដ៏សប្បុរសនេះ ព្រះសហគមន៍​បាន​តែងតាំងលោក​បូជា​ចារ្យថ្មី លោកឧបដ្ឋាក ព្រមទាំងមានកម្មវិធីត្រាស់ហៅឲ្យយុវជន យុវនារីទាំងបីភូមិភាគមកជួបជុំគ្នា។ នេះ​ជា​អំណរសប្បាយមែនទែនបងប្អូន ដែលបញ្ជាក់ថា គង្វាលដ៏សប្បុរសបានមកក្នុងលោកនេះ ធ្វើឲ្យមា​ន​សកម្ម​ភាព ធ្វើឲ្យមានការជួបជុំគ្នា ធ្វើឲ្យមានការពិធីតែងតាំង ដើម្បីមានលោកបូជាចារ្យ មានលោក​ឧបដ្ឋាក ហើយនឹងមានការត្រាស់ហៅបងប្រុសរបស់យើងទៅជាអ្នកបម្រើអាសនៈ និងជាបងប្រុសដែល​ជាកូនសិស្សលោកអភិបាល។ ទាំងអស់នេះបង្ហាញឲ្យឃើញថា ព្រះសហគមន៍មានជីវិតរស់រវើក។

នៅក្នុងអាទិត្យទី៤ នៃសប្ដាហ៍បុណ្យចម្លងនេះ ជួយយើងរួមគ្នាអរព្រះគុណព្រះជាម្ចាស់ គ្រប់​ព្រះអំ​ណោយ​ទាន ដែលព្រះជាម្ចាស់ប្រទានតាមរយៈព្រះយេស៊ូបានយាងមកក្នុងលោកនេះ ធ្វើឲ្យយើងទៅជា​ក្រុម​​ដូ​ច​ក្រុម​គ្រីស្ដទូតដើមដែលជួបជុំគ្នាធ្វើពិធីអធិដ្ឋាន ធ្វើពិធីកាច់នំបុ័ង។ ដូច្នេះយើងទាំងអស់គ្នា យើង​ក៏​រួម​គ្នា​បន្តកិច្ចការរបស់ក្រុមគ្រីស្ដទូត ដើម្បីបញ្ជាក់បង្ហាញថាព្រះជាម្ចាស់ ក្នុងព្រះយេស៊ូបាន​យក​ចិត្ត​ទុកដាក់​ធ្វើ​ជា​គង្វាល ដើម្បីណែនាំយើង បំភ្លឺយើង នាំផ្លូវយើងទៅរកព្រះបិតា ដូចព្រះយេស៊ូមាន​ព្រះ​បន្ទូល​ថា អ្នក​ណា​ឃើញខ្ញុំ ដូចបានឃើញព្រះបិតាដែលបានចាត់ខ្ញុំឲ្យមកដែរ។ អាលេលូយ៉ា អាលេ​លូយ៉ា អាម៉ែន៕

Daily Program

Livesteam thumbnail