ថ្ងៃទី០១ ខែឧសភាឆ្នាំ២០២៦អត្ថបទគម្ពីរម៉ាថាយ ១៣,៥៤-៥៨អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ផាន បូរី
នៅក្នុងអត្ថបទព្រះគម្ពីរដំណឹងល្អថ្ងៃនេះ ខ្ញុំសូមចែកបងប្អូនតែមួយចំណុចតែប៉ុណ្ណោះ ត្រង់ព្រះយេស៊ូមានព្រះបន្ទូលថា កុំរន្ធត់ចិត្តធ្វើអ្វី បើអ្នករាល់គ្នាជឿលើព្រះជាម្ចាស់ហើយ សូមជឿលើខ្ញុំផង។ ព្រះអង្គមានព្រះបន្ទូលប្រកបទៅដោយថាមពល ព្រះបន្ទូលរបស់ព្រះអង្គនាំឲ្យយើងម្នាក់ៗមានកម្លាំង ព្រះបន្ទូលរបស់ព្រះអង្គលួងលោមចិត្តរបស់យើងម្នាក់ៗ កុំឲ្យយើងព្រួយបារម្ភច្រើនពេក។ ផ្ទុយទៅវិញគឺព្រះអង្គចង់លើកទឹកចិត្តយើងឲ្យយើងចេញផុតអំពីភាពតានតឹងនៅក្នុងជីវិតរបស់យើង។
បងប្អូនជាទីស្រឡាញ់ នៅក្នុងពិភពលោកយើងសព្វថ្ងៃក៏ដូចជានៅក្នុងសង្គមយើង យើងមានការព្រួយបារម្ភច្រើន ទាំងការទទួលទាន ស្លៀកពាក់ និងសម្ភារៈទំនើបៗ ពីសង្គ្រាម ក្ដីស្រឡាញ់ដែលពីមុនផ្សេងសព្វថ្ងៃនេះផ្សេង ការលើកលែងទោស ការរស់នៅឲ្យមានសុភមង្គល គឺ យើងខ្វល់ខ្វាយច្រើនដែលនាំឲ្យយើងមានការភ័យខ្លាច។
ហេតុនេះ ព្រះយេស៊ូចង់ឲ្យយើងរស់នៅតាមរបៀបត្រឹមត្រូវមួយ គឺមានជំនឿពិតប្រាកដជឿលើព្រះជាម្ចាស់មិនថាមានជួបបញ្ហាតិចឬច្រើន ក៏ព្រះជាម្ចាស់គង់នៅជាមួយយើង ព្រះអង្គប្រទានឲ្យយើងបានភ្លឺស្វាងតាមរយៈព្រះបន្ទូលរបស់ព្រះអង្គ តាមរយៈការអធិដ្ឋានរបស់បងប្អូនទៅកាន់ព្រះជាម្ចាស់ តាមរយៈការចូលរួមថ្វាយសក្ការបូជារបស់បងប្អូនជាមួយព្រះសហគមន៍ ឬសកម្មភាពផ្សេងៗនៅក្នុងព្រះសហគមន៍។ ហេតុនេះ កុំភ័យខ្លាចក្នុងការប្រកាសដំណឹងល្អ កុំភ័យខ្លាចក្នុងការផ្ដល់សក្ខីភាពអំពីជំនឿរបស់យើងដល់បងប្អូនឯទៀតៗ សូមឲ្យបងប្អូនមានជំនឿ ទុកចិត្តលើព្រះអង្គ ១០០% និងកុំអស់សង្ឃឹម
បងប្អូនជាទីស្រឡាញ់ ពេលខ្លះយើងអស់សង្ឃឹម យើងជួបបញ្ហាដែលដោះស្រាយមិនបាន យើងស្រ្តេស (stress)ឬភាពតានតឹងនៅក្នុងអារម្មណ៍ដែលឈានដល់ការសម្លាប់ខ្លួនក៏មានដែរ។ ហេតុនេះសូមឲ្យបងប្អូនទុកចិត្តលើព្រះជាម្ចាស់ ផ្ញើជីវិតទាំងស្រុងរបស់យើងទៅលើព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះអង្គ។ សូមរស់នៅដោយពឹងផ្អែកទៅលើព្រះអំណោយទានរបស់ព្រះជាម្ចាស់។ ពេលណាយើងរស់នៅដោយពឹងផ្អែកទៅលើព្រះអំណោយទានរបស់ព្រះជាម្ចាស់ គឺនៅពេលនោះយើងនឹងទទួលបានការសង្គ្រោះ គឺនៅពេលនោះយើងមានអំណរសប្បាយ គឺនៅពេលនោះយើងមានសេចក្ដីសង្ឃឹម គឺនៅពេលនោះយើងមានសុភមង្គល នៅពេលនោះក្នុងពិភពលោកយើងទាំងអស់នេះគឺរស់នៅដោយមានសុខសន្តិភាព និងចេះអត់ទោសឲ្យគ្នាទៅវិញទៅមក។ អាម៉ែន៕